ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Monday, August 24, 2009

ស្ថានភាពគ្រោះទឹកជំនន់នៅខែត្រភាគឦសាន


អាជ្ញាធរ​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ជាប់​តាម​ដង​ទន្លេ​មេគង្គ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ពុំ​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ឡើយ ហើយ​ផល​ដំណាំ​ក៏​ប៉ះពាល់​តិច​ជាង​ឆ្នាំ​ទៅ​ដែរ បើ​ទោះ​បី​ជា​ទឹក​ទន្លេ​មេគង្គមាន​ការជន់​ជោរ​ខ្ពស់​ជាង​ឆ្នាំ​ទៅ​ក៏​ដោយ។

អភិបាល​ខេត្ត​ស្ទឹងត្រែង គឺ​លោក ឡូយ សូផាត បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ​ឆ្នាំ​នេះ​មាន​ភាព​ធំ​ជាង​ឆ្នាំ​ទៅ ដោយ​ទឹក​បាន​ឡើង​ហួស​កំណត់​ត្រូវ​ប្រកាស​អាសន្ន​ដែល​គេ​កំណត់​ត្រឹម​១១​ម៉ែត្រ ហើយ​ឡើង​ដល់​ទៅ​ជា១២​ម៉ែត្រ​កាល​ពី​ថ្ងៃ​ទី​៥ សីហា ដែល​ធ្វើ​ឲ្យ​លិច​ភូមិ​មួយចំនួន​ក្នុង​ស្រុក​សៀមប៉ាង។


លោក ឡូយ សូផាត បាន​មាន​ប្រសាសន៍​ថា ៖ «ទឹក​ហ្នឹង​វា​លិច​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ទឹក​ហ្នឹង​វា​ស្រក​ទៅ​វិញ​លឿន។ ការខូច​ខាត​យើង​ឃើញ​មាន​ខូច​ស្រូវ... លិច​ដល់​ទៅ​ជាង​៤០០​ហិកតារ​មែន ប៉ុន្តែ​វា​ខូច​មិន​លើស​ពី​១០%​ឬ​១០%​ជាង​តែ​ប៉ុណ្ណឹង»។


លោក​អភិបាល​ខេត្ត ឡូយ សូផាត បាន​បញ្ជាក់​បន្ថែម​ថា ពុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ ហើយ​ពេល​នេះ​លោក​កំពុង​ត្រួត​ពិនិត្យ​ដី​ស្រែ​ដែល​លិច​ទឹក​ដើម្បី​សង្គ្រោះ។


នៅ​ឯ​ខេត្ត​ក្រចេះ​វិញ ក្នុង​រយៈ​កាល​ទឹក​ជំនន់​កន្លង​ទៅ​ត្រូវ​បាន​លោក ធុន គ្រី អភិបាល​រង​ខេត្ត ឲ្យ​ដឹង​ថា ទឹក​មាន​សភាព​ធំ​ជាង​ឆ្នាំ​ទៅ​មែន តែ​ពុំបណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​និង​សត្វ​និង​បំផ្លាញ​ដំណាំ​កសិ​ផល​ឡើយ។


លោក ធុន គ្រី បាន​បញ្ជាក់​ថា ៖ «ទឹក​ឡើង វា​ប៉ះពាល់​ការលិច​លង់​ដែរ ប៉ុន្តែ​វា​អត់មាន​ផល​ប៉ះពាល់​ដល់​រលួយ​ដំណាំ​អី​អត់​ទេ បើ​រយៈពេល​ខ្លី ព្រោះ​តាម​របាយការណ៍​តាម​បណ្ដា​ស្រុក ក៏​ដូច​ជា​ការពិនិត្យ​ទៅ​តាម​កន្លែង​ដែល​ធ្លាប់​រង​ការលិច​លង់​ហ្នឹង​ដែរ»។


លោក ឈន ម៉ាគីលីន មន្ត្រី​ធនធាន​ទឹក​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ទៅ​ទឹក​ឡើង​ខ្ពស់​បំផុត​មាន​ត្រឹម​តែ​២០,៤៥​ម៉ែត្រ តែ​ឆ្នាំ​នេះ​ទឹក​ហាក់​ដូច​ជា​មាន​កម្ពស់​ដល់​ទៅ​២០,៤៨​ម៉ែត្រ តែ​ក៏​នៅតែ​ពុំ​ទាន់​ដល់​កម្រិត​ប្រកាស​ភាព​អាសន្ន​គឹ ២១​ម៉ែត្រ​នោះ​ឡើយ​ដែរ ហើយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ សីហា ទឹក​ក៏​បាន​ស្រក​នៅ​ត្រឹម​កម្ពស់​១៧,២៤​ម៉ែត្រ ដែល​លោក​ថា​ជា​ការស្រក​លឿន​ជាង​ឆ្នាំ​ទៅ។


លោក ឈន ម៉ាគីលីន បាន​ឲ្យ​ដឹង​ថា ៖ «ឆ្នាំ​ទៅ​វា​ឡើង​តែ​២០,៤៥​ម៉ែត្រ​ទេ ថ្ងៃ១៣។ រួច​ដល់​ពេល​អា​នេះ​វា​នៅ​ក្នុង​ដូច​ដើម​ខែ​៨​ហ្នឹង​ដូច​គ្នា ២០,៤៨(ម៉ែត្រ) គ្រាន់តែ​សភាព​ដែល​វា​ស្រក​ហ្នឹង​វា​លឿន​ជាង​ឆ្នាំ​ទៅ។ ឆ្នាំ​ទៅ​ដល់ថ្ងៃ​នេះ​វា​នៅ​ត្រឹម​កម្រិត​១៩​ម៉ែត្រ​ជាង វា​នៅ​ខ្ពស់​ជាង​ឆ្នាំ​នេះ ឆ្នាំ​នេះ ថ្ងៃ​នេះ វា​១៧,២៤​(ម៉ែត្រ)»។


ការស្រក​ចុះ​លឿន​នៃ​ទឹក​ទន្លេ​មេគង្គ​បែប​នេះ​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ក្រចេះ ដោយ​ខ្លាច​ក្រែង​កើត​មាន​គ្រោះ​រាំង​ស្ងួត​ក្នុង​មុខរបរ​របស់​អ្នក​ស្រុក​ទៅ​វិញ​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ភ្លៀង​រាំង​ជាច្រើន​ថ្ងៃ​មក៕

ក្មេង៣នាក់ត្រូវរន្ទះបាញ់ស្លាប់នៅខេត្តបាត់ដំបង


យ៉ាង​ហោច​ណាស់ មាន​ក្មេង​៣​នាក់​នៅ​ភូមិ​តែ​មួយ​បាន​ស្លាប់​ភ្លាមៗ និង​កេ្មង​ប្រុស​ម្នាក់​ទៀត បាន​រង​គ្រោះ​ធ្ងន់​ដោយសារ​រន្ទះ​បាញ់​ទម្លាក់​ពី​លើ​ដើម​ឈើ ខណៈ​ដែល​ក្មេងៗ​ទាំង​៤​នាក់ បាន​ឡើង​បេះ​ផ្លែ​ដង្កោ នៅ​មុន​ពេល​មេឃ​ភ្លៀង​បន្តិច​ក្នុង​ខេត្ត​បាត់​ដំបង។



មេ​ឃុំ​របស់​មង្គល លោក ទូច ហឹម បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែសីហា ថា គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​ខាង​លើ​បាន​កើត​ឡើង កាល​ពី​រសៀល​ម៉ោង ៣ និង ៣០​នាទី នា​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០០៩ នៅ​ភូមិ​ព្រៃព្រំ​២ ឃុំ​របស់​មង្គល ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង។



លោក ទូច ហឹម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បាញ់​មុន​ភ្លៀង គ្រាន់​តែ​ចាប់​រលឹម​តិចៗ​មក រន្ទះ​មក​បណ្តោយ ម៉ោង​ប្រហែល​ជា ៣​កន្លះ ហើយ​ក្មេង​ហ្នឹង​វា​ទៅ​ឡើង​បេះ​ផ្លែ​ដង្កោ ឡើង​ទៅ ៤​នាក់ ដល់​ពេល​រន្ទះ​បាញ់​ទៅ វា​ងាប់​បី​នាក់​ធ្លាក់​មក ម្នាក់​នៅ​រស់​យក​ទៅ​មន្ទីរ​ពេទ្យ»។



លោក​បន្ត​ថា ក្មេង​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ឃាន ខុន ភេទ​ស្រី អាយុ ១៤​ឆ្នាំ ឈ្មោះ សៀក សុខ ចាន់ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ឈ្មោះ ខេង ទា អាយុ ៨​ឆ្នាំ ស្លាប់ និង ឈ្មោះ ហាត ហឿន ភេទ​ប្រុស អាយុ​៨​ឆ្នាំ រង​របួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​មោង​ឫស្សី។



លោក​បន្ត​ថា ក្មេង​ប្រុស​ស្រី​ទាំង​៤​នាក់ មាន​លំនៅ​នៅ​ភូមិ​ព្រៃ​ព្រំ​១ ឃុំ​របស់​មង្គល ស្រុក​មោង​ឫស្សី ជាមួយ​គ្នា។



ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផល​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក ខាង​មន្ទីរ​និង​អង្គការ Jica របស់​ជប៉ុន បាន​សហការ​គ្នា​ដោយ​បាន​បោះ​ពុម្ព​សៀវភៅ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​នេះ។ ហើយ​សៀវភៅ​ទាំង​នោះ បាន​ផ្តល់​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ខ្លួន​នៅ​ពេល​មាន​មេឃ​ភ្លៀង​ផ្គរ។



ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ៖ «ពេល​ភ្លៀង យើង​គួរ​កុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ​សម្បែង ប្រជាជន​យើង​ភាគ​ច្រើន ពេល​ភ្លៀង​ពេល​អី គាត់​លេង​ក្មេងៗ​ច្រើន​ជិះ​លេង តាម​ផ្ទះ​ទីធ្លា​មាន​ទឹក​ដក់ ពេល​ភ្លៀង​យើង​មិន​គួរ​ណា​បណ្តោយ​អ៊ីចឹង​ទេ សត្វ​ពាហនៈ​ក៏​អ៊ីចឹង​ដែរ គេ​ឲ្យ​ចូល​ទី​ណា​មាន​ជម្រក​បាំង​ជិត​កុំ​ឲ្យ​ខ្លួន​យើង កាល​ណា​មានផ្លេក​បន្ទោរ រន្ទះ​អី​អ៊ីចឹង​ទៅ វា​ឆ្លង​តាម​រយៈ​ទឹក​ភ្លៀង​ដែល​យើង​ជាន់​អី​ហ្នឹង»។



អាជ្ញាធរ​មូលដ្ឋាន​ឃុំ​របស់​មង្គល​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ពាក់​កណ្តាលខែ​សីហា ឆ្នាំ​២០០៩ បុរស​ម្នាក់ ឈ្មោះ ប៊ុន ឆោម អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​អង្គ ឃុំ​តា​ពូង ស្រុក​ថ្ម​គោល ក៏​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ធ្វើ​សែ្រ​វិញ។



ចំណែក​ឯ​មេ​ឃុំ​ជ្រោយ​ស្ដៅ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មេសា បុរស​ពីរ​នាក់​នៅ​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង ក៏​ទទួល​រង​គ្រោះ​ស្លាប់​ដោយសារ​រន្ទះ​បាញ់។



ជន​រង​គ្រោះ​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្រោម​ផ្ទះ និង​ម្នាក់​ទៀត ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ដែល​កំពុង​បើក​បរ​ម៉ាស៊ីន​គោ​យន្ត​ច្នៃ​ទៅ​វាល​ស្រែ។



ប្រភព​ដដែល​បាន​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​បាត់​ដំបង គិត​ថ្ងៃ​សៅរ៍ ខែមេសា​ដើម​ឆ្នាំ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០០៩ មាន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន ៦​នាក់​ហើយ ដែល​រង​គ្រោះ​ដោយសារ​រន្ទះ​បាញ់៕

Thursday, August 20, 2009

បទសម្ភាសន៍ទាក់ទងនឹងកម្ពុជាជំពាក់ប្រាក់បរទេស


កន្លង​មក​មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​ជំពាក់​ប្រាក់​​​បរទេស​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។


គឹមពៅ ៖ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ឯកឧត្ដម​ទើប​នឹង​បាន​ទទួល​នូវ​ឯកសារ​មួយ​ស្ដី អំពី​កម្ពុជា ដែល​ជំពាក់​បំណុល​គេ។ តើ​មក​ដល់​ពេល​នេះ​ឯកឧត្ដម​អាច​ឲ្យ​ដឹង​ថា កម្ពុជា​យើង​ជំពាក់​បំណុល​គេ​ប៉ុន្មាន​ទៅ​ហើយ ហើយ​ជា​ពិសេស​យើង ជំពាក់​ប្រទេស​ណា​ខ្លះ?

សុន ឆ័យ ៖ យើង​បាន​ទទួល​លិខិត​ផ្លូវការ លិខិត​នេះ​ផ្ញើ​មក​រដ្ឋ​សភា​តាំង​តែ ពី​ខែ ធ្នូ ឆ្នាំ ២០០៨។ ក្នុង​របាយការណ៍​គឺ​មាន​ការ​បញ្ជាក់​ពី​ការ​ជំពាក់​លុយ​បរទេស គឺ​មាន​ចំនួន ២.៦៩៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ហើយ​បើ​យើង​គិត មក​ដល់​ពេល​នេះ គិត​តាម​តួលេខ​ដែល​ប៉ាន់​ស្មាន ថា​ប្រហែល​ជា ៣​ពាន់​លាន​(ដុល្លារ)​ហើយ ដែល​យើង​ជំពាក់​បរទេស។ ហើយ​ទឹក​ប្រាក់​នេះ គឺ​ជា​ទឹកប្រាក់​មួយ​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ថា​អាច​នឹង​ផ្ដល់​ស្ថានភាព​មួយ​ដែល​ខាង​ផ្នែក​ស្ថានប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ គេ​ប្រហែល​ជា​បន្តិច​ទៀត គេ​ឈប់ឲ្យ​យើង​ខ្ចី​ទៀត​ហើយ ពីព្រោះ​វា​ដល់​កម្រិត​មួយ​ដែល​គេ​មិន​ជឿ​ជាក់​ថា​យើង​នឹង​អាច​សង​គេ​បាន។

គឹមពៅ ៖ ខ្ញុំ​ចង់​ជម្រាប​សួរ​ឯកឧត្ដម​បន្ត​ទៀត អំពី​រឿង​ដែល​យើង​ខ្ចី​បុល​គេ មក​ទល់​ថ្ងៃ​ហ្នឹង​មាន​ចំនួន​ដល់​តែ​ជាង ៣​ពាន់​លាន​(ដុល្លារ) បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក​ហ្នឹង​វា​សមរម្យ​ទេ?

សុន ឆ័យ ៖ យើង​ឃើញ​ថា​មាន​អំពើ​ពុករលួយ​ទៅ​លើ​ប្រាក់​ដែល​យើង​ខ្ចី​នេះ ព្រោះ​ប្រាក់​ខ្ចី​ហើយ​និង​ប្រាក់​ដែល​យើង​ទទួល​អំណោយ​វា​មាន​លក្ខណៈ​ខុស​គ្នា។ អំណោយ​ដែល​គេ​មិន​ទារ​យក​វិញ​នោះ គឺ​គេ​មាន​ក្រុមតាម​មើល​គុណភាព​ពេល​ខ្លះ​ដែរ ដូច​ជា​ការ​សង់​ស្ពាន​ជ្រោយ​ចង្វា។ ឯ​លុយ​កម្ចី គឺ​ដោយសារ​យើង​ជា​អ្នក​ខ្ចី ហើយ​យើង​យក​មក​ធ្វើការ​សាងសង់​ដោយ​ខ្លួន​យើង យើង​ឃើញ​ថា​មិន​មាន​គុណភាព​ទេ។ ហើយ​គុណភាព​ផ្លូវ​បើយើង​ប្រៀប​ធៀប​នឹង​សហរដ្ឋ​អាមេរិក ដែល​គេ​ធ្វើ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ផ្លូវ​គេ​អាច​មាន​ការ​ធានា​យ៉ាង​តិច​ណាស់​ក៏ ៣០​ឆ្នាំ​ដែរ​ក្នុងការ​ប្រើប្រាស់។ ប្រទេស​យើង ផ្លូវ​ខ្លះ​គឺ​មាន​អាយុ​បាន ២​ឆ្នាំ ខ្លះ​ស្ទើរ​តែ​មួយ​ឆ្នាំ​ឃើញ​ខ្ទេចខ្ទី​អស់ ហើយ​ជា​បញ្ហា​ដែល​យើង​ថា​បន្តិច​ទៀត ខ្ញុំ​បាន​ជម្រាប​ខាង​ដើម គេ​លែង​ឲ្យ​យើង​ខ្ចី ហើយ​យើង​អស់​មាន​លទ្ធភាព​ខ្ចី គឺ​យើង​នៅ​តែ​អត់​មាន​ផ្លូវ​ប្រើប្រាស់ លុយ​ក៏​យើង​ជំពាក់​គេ​ថែម​ទៀត។ ឆ្នាំ ១៩៩៧ គេ​ថា​បើ​រដ្ឋាភិបាល​ចង់​បាន​លុយ ឬ​ខ្ចី​លុយ​គេ សភា​ទាមទារ​ថា​ឲ្យធ្វើ​គម្រោង​ឲ្យ​សភា​មើល តើ​សង់​អី​ពិត​ប្រាកដ? តើ​ត្រឹមត្រូវ​ឬ​ទេ? ប៉ុន្តែ​ក្រោយ​ឆ្នាំ ១៩៩៧ មក រដ្ឋាភិបាល​ថា​ពិបាក​ណាស់​ទម្រាំ​បាន​សិទ្ធិ​ពី​សភា ម៉្លោះ​ហើយ​សុំ​ឲ្យ​ជា​កញ្ចប់ ហើយ​កញ្ចប់​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អត់​ត្រូវការ​សួរ​សភា​ទេ គឺ​លោក​ត្រូវ​បែង​ចែក​ខ្ចី​គេ​អី​ទាក់​ទង​យក​ទៅ​សម្បើមណាស់។

គឹមពៅ ៖ ឯកឧត្ដម តើ​ប្រាក់​កម្ចី​ទាំង​អស់​ហ្នឹង តើ​យើង​ចាំបាច់​ត្រូវ​តែ​សង​គេ ឬ ទេ?

សុន ឆ័យ ៖ យើង​ត្រូវ​តែ​សង​គេ។ យើង​ឃើញ​ហើយ​ប្រទេស​ទាំង​ឡាយ​ដែលគេ​ធ្លាប់​ឲ្យ​លុយ​យើង​ខ្ចី​ពី​ដើម​មក ក្រោយ​មក​នៅ​ពេល​ដែល​យើងជួប​ប្រទះ​នូវ​សង្រ្គាម ការ​ប្រល័យ​ពូជ​សាសន៍​អី​ហ្នឹង មាន​ប្រទេស​ខ្លះ​គេអនុគ្រោះ​ឲ្យ​យើង ដោយសារ​ថា​យើង​មាន​បញ្ហា​ហ្នឹង។ ឯ​ប្រទេស​ខ្លះ​គេ​មាន​នយោបាយ​គេ​តឹងរ៉ឹង​ណាស់ មាន យូកូស្លាវី ថ្ងៃ​មុន​គាត់​មក​ទារ​ត្រង់ៗ​តែម្ដង។ ហើយ​ខ្ញុំ​មិន​ជឿ​ថា ចាប់​ពី​ឆ្នាំ ១៩៩៣ មក លុយ​ដែល​ជំពាក់​គេ​ប្រហែល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ទៅ​ងាយ​ស្រួល​ទេ ដោយសារ​យើង​មាន​ធនធាន​ធម្មជាតិ​ដែល​គេ​សម្លឹង​ឃើញ។ យើង​ឃើញ​ហើយ​ការ​ឲ្យ​លុយ​ខ្ចី កម្រិត​នៃ​ការ​ឲ្យ​លុយ​ខ្ចី សព្វថ្ងៃ​វា​លើស​កម្រិត​ដែល​យើង​អាច​មាន​លទ្ធភាព​សង​ហើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ផលិតផល​សរុប​ក្នុង​ស្រុក ដែល​ភាសា​កាត់​ថា ផ.ស.ស ឬ​ភាសា​អង់គ្លេស​ថា GDP នោះ។
គឹមពៅ ៖ សូម​ជម្រាប​សួរ​ឯកឧត្ដមថា តើ​នរណា​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​សង​គេ​ត្រឡប់​ទៅ​វិញ​ហ្នឹង?
សុន ឆ័យ ៖ រឿង​ហ្នឹង​ជា​បន្ទុក​របស់​ពលរដ្ឋ។ រដ្ឋាភិបាល​អាច​ផ្លាស់​ប្ដូរ​បាន ដូច​យើង​ឃើញ​ហើយ លុយ​ដែល​រុស្ស៊ី​ទារ​យើង​ហ្នឹង ខ្ចី​តាំង​ពី​របប​មុន​ម្ល៉េះ មិនត្រឹម​តែ​រដ្ឋាភិបាល​ទេ និយាយ​ពី​របប​ទៅ​ទៀត។ នេះ​ជា​ការ​បង្ហាញ​ថា​នរណា​សង? មិន​មែន​រដ្ឋាភិបាល​លើក​មុន​នោះ​សង​ឯណា ពលរដ្ឋ​ហ្នឹង​ហើយដែល​ជា​អ្នក​សង។ ដូច្នេះ​បាន​ជា​ខ្ញុំ​បែង​ចែក​ទៅ​ពលរដ្ឋ​ហ្នឹង ខ្ញុំ​ថា ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ម្នាក់​ដែល​ជំពាក់​គេ ហ្នឹង​ត្រូវ​ដឹង ហើយ​សូម​ឲ្យ​យើង​ដែល​ទាំង​រដ្ឋាភិបាល ទាំង​ពលរដ្ឋ​ហ្នឹង គឺ​ថា​ត្រូវ​ចូល​រួម​គ្នា​ពិនិត្យ។
គឹមពៅ ៖ ជុំវិញ​ប្រាក់​បំណុល​ដែល​កម្ពុជា ជំពាក់​គេ​ច្រើន តើ​ឯកឧត្ដម​ក្នុង​នាម​ជា​តំណាង​រាស្រ្ដ​មួយ​រូប​ហ្នឹង គ្រោង​នឹង​មាន​ផែនការ​អ្វី​ទេ?
សុន ឆ័យ ៖ ដូច​បាន​ជម្រាប​បន្តិច​មុន​ថា ខ្ញុំ​នឹង​ធ្វើ​លិខិត​អញ្ជើញ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា។ ទី​១ គឺឲ្យ​គាត់​បញ្ជាក់​មក តើ​រដ្ឋាភិបាល​នៅ​មាន​គម្រោង​ខ្ចី​បុល​គេ​ប៉ុន្មាន​ទៀតទៅ​អនាគត​ហ្នឹង? ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​ផង។ តើ​យើង​ម្នាក់ៗ ដូច​ខ្ញុំ​បាន​ជម្រាប​ហ្នឹង ឥឡូវ​ម្នាក់ៗ ទាំង​ខ្ញុំ ទាំង​ពលរដ្ឋ​នៅ​ស្រែ​ចម្ការ​ដែល​មិន​ដែល​ឃើញ​លុយ​ដុល្លារ​សោះ​ហ្នឹង ជំពាក់​គេ​ជាង ៣០០​(ដុល្លារ)​ម្នាក់​ហើយ។ ឥឡូវ​យើង​ចង់​ដឹង​ថា ប្រុង​ត្រៀម​ប៉ុន្មាន​ទៀត? ហើយ​យើង​នឹង​ទៅ​ជា​អ្នកជំពាក់​គេ​ហ្នឹង​ប៉ុន្មាន? ហើយ​ចង់​បញ្ជាក់​លទ្ធភាព​របស់​យើង​ផង ក្នុង​ការ​ប្រមូល​ធនធាន ហើយ​កាត់​បន្ថយ​ការ​រំពឹង​តែ​ទៅ​លើ​ជំនួយ ការ​ខ្ចី​បុល តើ​យើង​អាច​មាន​វិធាន​ការ​អី​ទេ? ដូច្នេះ​បាន​ជា​ថា​ចៀស​វាង​កុំ​ឲ្យ​ប្រទេសជាតិ​យើង​ធ្លាក់​ទៅ​ក្នុង​ភក់​ជ្រាំ​ដ៏​លំបាក​ទៅ​អនាគត។
ហើយ​កូន​ចៅ​យើង​ត្រូវ​សង​បំណុល​គេ​មិន​ចេះ​ចប់​ហ្នឹង ការ​យល់​របស់ខ្ញុំ ថា​ត្រូវ​តែ​ពង្រឹង​វិស័យ​ការពារ ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់ ហើយធ្វើ​យ៉ាង​ម៉េច​ឲ្យ​គម្រោង​នៃ​លុយ​កាក់​ដែល​យើង​អាច​នៅ​ខ្ចី​គេ​បាន ឬ​ក៏​លុយ​កាក់​ដែល​យើង​យក​ទៅ​កសាង​សមិទ្ធផល​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព ធានា​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ត្រឹមត្រូវ ទុកឱកាស​ឲ្យ​អ្នក​ដឹកនាំ​ក្រោយ​គេ​មាន​លទ្ធភាព​ទៅ​ខ្ចី​បុល​មក​ប្រើប្រាស់​ផង៕

ការិយាល័យសិទ្ធិមនុស្សអ.ស.ប.ប្រតិកម្មនឹងសាលក្រមតុលាការរឿង មូរ សុខហួរ

ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​សីហា ចាត់ទុក​ថា សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ ហាក់​ដូច​ជា​មិន​ស្រប​តាម​ធម្មនុញ្ញ​និង​បទដ្ឋាន​ជា​អន្តរជាតិ​ស្តីពី​សេរីភាព​ក្នុង​ការសម្តែង​មតិ​នោះ​ទេ។


សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ គឺ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី មូរ សុខហួរ ជា​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឲ្យ​លោកស្រី​ចាញ់​ក្តី និង​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​១៦​លាន​៥​សែន​រៀល​ក្នុង​រឿង​ក្តី​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


លោក ផៃ ស៊ីផាន ជា​អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មានប្រសាសន៍​ថា វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ដែល​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា កម្ពុជា​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​កម្រិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នោះ។
លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «មើល​ករណី​ទាំង​ពីរ​ទាំង​បី​នេះ គឺ​មិនមែន ការបញ្ចេញ​មតិ​ទេ។ គឺ​ទី​១ រវាង​ករណី​របស់​លោក​ជំទាវ មូរ សុខហួរ មិន​មែន​ជា​ការបញ្ចេញ​មតិ​ទេ ជា​ការវាយ​ប្រហារ ជា​ការកៀរ​គរ​មតិ​អន្តរ​ជាតិ​ឬ​មតិ ជាតិ ក្នុង​ការវាយ​ប្រហារ​មក​លើ​សម្ដេច ហ៊ុន សែន»។

លោក ផៃ ស៊ីផាន ថ្លែង​បន្ត​ថា ការ​ដែល​អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​បាន​នេះ គឺ​មាន​ន័យ​បញ្ជាក់​និង​បង្ហាញ​ថា កម្ពុជា​បើក​សិទ្ធិ​សេរីភាព​ពេញលេញ​ឲ្យ​មាន​ការបញ្ចេញ​មតិ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ក៏​ប៉ុន្តែ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់​មិន​អាច​ទៅ​រំលោភ​លើ​បុគ្គល​ម្នាក់​ទៀត​ទេ។ ទី​២ តុលាការ​ហ្នឹង​នីតិ​រដ្ឋ​ត្រឹមត្រូវ យើង​មាន​ចៅក្រម​របស់​យើង យើង​មាន​មេធាវី​របស់​យើង​ដើម្បី​មក​អនុវត្ត​នីតិ​រដ្ឋ​នេះ​ឯង»។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​គឺ​លោក​តំណាង​រាស្ត្រ យឹម សុវណ្ណ ថ្លែងថា សាលក្រម​ថ្មីៗ​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​ខ្មែរ ហើយ​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​កម្ពុជា​ទាំង​មូល។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ៖ «រឿង​លោក​ជំទាវ មូរ សុខហួរ វា​ជា​រឿង​មួយ ប៉ុន្តែ រឿង​ធំ​ជាង​នេះ​ទៅ​ទៀត គឺ​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​រងគ្រោះ​ដោយសារ​ប្រព័ន្ធ​តុលាការ​នេះ គឺ​រឿង​ដែល​អន្តរជាតិ អ្នក​វិនិយោគទុន​ល្អៗ​ដែល​មាន​លុយ រាប់​រយ​រាប់​ពាន់​លាន​ដុល្លារ គេ​មិន​ហ៊ាន​មក​រកស៊ី​ទេ។ ដូច្នេះ​រឿង​ផល​ប្រយោជន៍​ប្រទេស​ជាតិ​យើង កិត្តិយស​ប្រទេស​ជាតិ​យើង ប៉ះពាល់​ធំ​បំផុត​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​មិន​មាន​ភាព​ឯករាជ និង​មិន​កាត់​សេចក្ដី​ទៅ​តាម​គតិ​យុត្តិធម៌​នេះ​ឯង»។

សូម​ជម្រាប​ថា សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​របស់​អង្គការ​សហ​ប្រជាជាតិ ក៏​បាន​លើក​ឡើង​អំពី​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​និង​ផាក​ពិន័យ​ជា​ប្រាក់​ក្នុង​ករណី​លោក មឿង សុន ជា​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ និង​លោក ហង្ស ចក្រា ជា​និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ផងដែរ ថា ផល​ប៉ះពាល់​នៃ​ការផ្តន្ទា​ទោស​នោះ​គឺ​អាច​នាំ​ឲ្យ​សាធារណជន​លែង​ហ៊ាន​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​សំខាន់ៗ​ទាក់ទង​នឹង​ផល​ប្រយោជន៍​សាធារណៈ​ក៏​ដូច​ជា​កាត់​បន្ថយ​កម្រិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​កម្ពុជា៕

អាជ្ញាធរបើកការស៊ើបអង្កេតស្វែងរកអ្នកបាចត្រាក់ប្រឆាំង ហ៊ុន សែន

សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​បើក​ការស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​នៅ​ថៃ្ង​ពុធ ទី​១៩ ខែ​សីហា ដើម្បី​ស្វែងរក​ជន​សង្ស័យ​ដែល​បាន​បាច​ត្រាក់ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ការជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋាភិបាល ហើយ​បាន​ចោទ​ប្រកាន់​ថា ថៃ្ង​៧ មករា ជា​ថៃ្ង​យួន​ឈ្លានពាន​កម្ពុជា។


លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ពុធ ទី​១៩ ខែ​សីហា ថា សមត្ថកិច្ច​របស់​លោក​កំពុង​តែ​បើក​កិច្ច​ស្រាវជា្រវ​ហើយ​នា​ពេល​នេះ ដោយ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា មុខសញ្ញា​នៃ​ជន​សង្ស័យ​នោះ​ជា​ក្រុម​ណា​ទេ។


លោក​បាន​បន្ត​ថា ៖ «ខ្ញុំ​ដំណើរការ​ស្រាវជ្រាវ បើ​សិន​ជា​រក​ឃើញ​ខ្ញុំ​នឹង​បញ្ជូន​គាត់​ទៅ​តុលាការ​ដើម្បី​ចាត់ការ។ ប្រជាជន​គាត់​មើល​ឃើញ​នឹង​ភ្នែក គាត់​មិន​ជឿ​ទៅ​លើ​ជន​អគតិ​មួយចំនួន​ដែល​បំភ្លៃ​ការ​ពិត​អ៊ីចឹង​ទេ»។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ត្រាក់​នោះ​មាន​ចំនួន​ច្រើន​ដុំ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​និង​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច។ ត្រាក់​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៤​ជិត​ភ្លឺ​នៅ​ក្នុង​ខណ្ឌ​ដូនពេញ។


ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ត្រាក់​នោះ​គឺ​មាន​រូបថត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មាន​ខ្លឹមសារ​សរសេរ​អក្សរ​ថា នេះ​គឺ​ជា​មេ​ដឹកនាំ ផ្តាច់ការ​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​កញ្ជះ​ដាច់​ថៃ្ល​របស់​អាយ៉ង​យួន។


នៅ​ក្នុង​ចំណុច​សំខាន់​នៃ​ឃ្លា​នានា​ជា​ច្រើន​និង​មាន​ខ្លឹមសារ​សរសេរ​ជា​អក្សរ​ថា "ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ គឺ​ពូជ​ខែ្មរ​សាង​អង្គរ។ ខ្ញុំ​នឹក​ឃើញ​យុគ​សម័យ​ប្រទេស​ខែ្មរ​ដ៏​រុងរឿង​ល្បីល្បាញ ខ្ទរខ្ទារ​ទូទាំង​ពិភពលោក តែ​ពេល​នេះ​រលាយ​អស់​ហើយ ដោយសារ​តែ​របប​ផ្តាច់ការ​របស់​រដ្ឋាភិបាល​សព្វថៃ្ង​នេះ។ អំពើ​ពុក​រលួយ​និង​ការឈ្លានពាន​ពី​សំណាក់​យួន ហាណូយ នៅ​ថៃ្ង​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយ​ប្រើ​ពាក្យ​ថា វា​មក​រំដោះ​កូន​ខែ្មរ​និង​រំដោះ​ប្រជាជន​ខែ្មរ"។ ត្រាក់​នោះ​បាន​ដាក់​ឈ្មោះ​ថា ប៉ាន់ សុវណ្ណី, កុស ឯវុទ្ធី, កឹម សុភ័ក្រ្ត, ជា សុជាប និង ជឹម ធឿន។


លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​សង្ស័យ​ថា​វា​ជា​លេស​អ្វី​មួយ។
លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «អត់​មាន​ពាក់ព័ន្ធ​អី​នឹង​គណបក្ស​សមរង្ស៊ី​ទេ និយាយ​ឲ្យ​មែនទែន​ទៅ បើ​សិន​ជា​នរណា​គេ​ចង់​ចោទ​ប្រកាន់​អី​គ្មាន​ការពាក់ព័ន្ធ​អី​ទាំងអស់ ពីព្រោះ​នេះ​ជា​ឆាក​ល្ខោន​មួយ​ដែល​គេ​រៀបចំ​ឡើង​សម្រាប់​លេង​សើច គេ​ចង់​ចោទ​ប្រកាន់ ប៉ុន្តែ​គ្មាន​ពាក់ព័ន្ធ​ទេ»។


លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ក៏​មិន​ទាន់​ដឹង​ថា បញ្ហា​ទាំងអស់​នេះ​ចេញ​មក​ពី​អ្នក​ណា​ម្នាក់​ទេ។ អ៊ីចឹង​គួរតែ​ធ្វើការ​ស៊ើប​អង្កេត​រក​អ្នក​ដែល​បង្កើត​នូវ​បញ្ហា​ទាំងអស់​នេះ»។


សូម​ជម្រាប​ថា កាល​ពី​ដើម​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ សមត្ថកិច្ច​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ប្រមាណ​៦​នាក់ ក្រោម​បទ​ចោទ​ថា​បាន​ដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ​ចំនួន​២​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ខាង​មុខ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​នៅ​ក្បែរ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​២ ខែ​មករា ដើម​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ នៅ​មុន​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បា្ររព្ធ​ខួប​លើ​ទី​៣០​ឆ្នាំ នៃ​ថៃ្ង​រំដោះ ៧​មករា ពី​របប​ខែ្មរ​ក្រហម​នោះ៕

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia