ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 23, 2009

រដ្ឋាភិបាលប្តេជ្ញារកយុត្តិធម៌ឲ្យយុវជនកម្ពុជា ដែលត្រូវទាហានថៃដុតទាំងរស់


ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/09/2009 11:41 ម៉ោងសកល


អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​ច្រាន​ចោល​ចំពោះ​ដំណឹង ស្តី​ពី ការ​ដុត​យុវជន​ខ្មែរ​ទាំង​រស់ នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។ ការបដិសេធ​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​កំណត់​ទូត ដាក់​ទៅ​កាន់​ភាគី​ថៃ ដោយ​មាន​ទាំង​រូបថត បង្ហាញ​ថា ទាហាន​ថៃ​បាន​បាញ់​យុវជន​កម្ពុជា​ម្នាក់​អាយុ​១៦​ឆ្នាំ ឲ្យ​រង​របួស ហើយ​បាន​ដុត​សម្លាប់​ទាំង​រស់ កាល​ពី​ថ្ងៃ​ទី​១១​កញ្ញា។

ទាហាន​ឈុត​ខ្មៅ​សៀម​នៅ​ ​ព្រំដែន​ព្រះវិហារ(រូបថត ៖ Reuters)
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​អះអាង​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ មិន​បាន​បាញ់ និង​ដុត​សម្លាប់​យុវជន​កម្ពុជា ដែល​កាប់​ឈើ​ខុស​ច្បាប់ តាម​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ឡើយ។


អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ ត្រូវ​បាន​កាសែត​ស្រង់​សម្តី​ថា ក្រោយពី​ទាក់ទង​ជា​មួយ​នឹង​ការិយាល័យ​កិច្ចការ​ព្រំដែន​ថៃ​រួច​មក ក្រសួង​ការបរទេស​ថៃ រក​ឃើញ​ថា របាយ​ការណ៍​ស្តី​ពី​ការ​បាញ់ និង​ដុត​យុវជន​ខ្មែរ​ទាំង​រស់​នោះ មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ។ ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ បាន​បញ្ជាក់​ថា ទាហាន​ថៃ​ក្នុង​ខេត្ត​សុរិន្ទ កាលពី​ថ្ងៃ​១១​កញ្ញា អាទិត្យ​មុន បាន​បាញ់​រះ​ឡើង​លើ បន្ទាប់ពី​ទទួល​ដំណឹង​ថា មាន​យុវជន​កម្ពុជា​ប្រមាណ ៨ នាក់ បាន​លប​ចូល​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ។


ការបដិសេធ​របស់​ក្រសួង​ការបរទេស​ថៃ​បែប​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤​កញ្ញា បាន​ធ្វើ​កំណត់​ទូត ដាក់​ទៅ​កាន់​ក្រសួង​ការ​បរទេស​ថៃ ដោយ​ថ្កោល​ទោស​ ចំពោះ​អំពើ​អមនុស្សធម៌​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​បាញ់ និង​ដុត​សម្លាប់​យុវជន​កម្ពុជា​ម្នាក់​ទាំង​រស់ នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។


បន្ថែម​លើស​ពី​នេះ នៅថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ថា រឿង​ទាហាន​ថៃ​ដុត​យុវជន​ខ្មែរ​ទាំង​រស់ គឺ​ជា​ការ​ពិត ព្រោះ​មាន​រូប​ថត កាក​សំណល់​ឆ្អឹង និង​ចំណង​ដែល​ជាប់​នឹង​ដៃ ជា​ភស្ថុតាង។


តាម​មន្ត្រី​ការទូត​កម្ពុជា គឺ​មិនទាន់​មាន​លិខិត​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​ក្រសួង​ការបរទេស​ថៃ នៅ​ឡើយ​ទេ នៅ​ក្នុង​រឿង​ទាហាន​ថៃ​ដុត​យុវជន​កម្ពុជា។ តែ​ទោះ​ជា​យ៉ាង​ណា លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​បញ្ឈប់​ការ​តវ៉ា និង​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​ឡើយ។


លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ពី​សំណូមពរ​ដាច់ខាត​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​ថៃ ចាំបាច់​ត្រូវ​តែ​ស៊ើប​អង្កេត និង​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទណ្ឌ​កម្ម​ឲ្យ​បាន។


ក្នុង​រឿង​ទាហាន​ថៃ​ដុត​យុវជន​កម្ពុជា​ម្នាក់ អាយុ​១៦​ឆ្នាំ ក៏​ត្រូវ​បាន​មេ​ដឹកនាំ​គណបក្ស ជំទាស់ ​សមរង្ស៊ី និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា និង​ចាត់ទុក ជា​អំពើ​អមនុស្សធម៌។ លោក សម រង្ស៊ី និង​សង្គម​ស៊ីវិល​ បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​ទាហាន​ថៃ អ្នក​ប្រព្រឹត្ត​ដើម្បី​កាត់ទោស​តាម​ច្បាប់៕

កម្ពុជាថ្កោលទោសអំពើយង់ឃ្នងរបស់ទាហានថៃ


ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/09/2009 12:31 ម៉ោងសកល


ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់ទូត​មួយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ ថ្កោលទោស​អំពើ​អមនុស្សធម៌​របស់​ទាហាន​ឈុតខ្មៅ​ថៃ ដែល​បាន​ដុត​ខ្លួន​ក្មេងប្រុស​កម្ពុជា​ទាំងរស់​ នៅ​ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ។


ក្រសួង​ការបរទេស​​ខ្មែរ​​បាន​ធ្វើ​កំណត់ទូត​មួយ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​ នៅ​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ ចាត់ទុក​អំពើ​ដុត​កុមារ​ខ្មែរ​ទាំង​រស់​ថា​ ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​មនុស្សធម៌​អន្តរជាតិ ហើយ​ក៏​បាន​រំលោភ​ទៅ​លើ​កំណត់ហេតុ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ថៃ​ផង​ដែរ។


កំណត់ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​អមនុស្សធម៌​បែបនេះ​កុំ​ឲ្យ​កើត​មានឡើង​សាជាថ្មី​ទៀត ហើយ​និង​នាំខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។


ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​សោកសង្រេង​មួយ​របស់​កុមារ​ខ្មែរ​ម្នាក់ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ។ កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា នៅ​វេលា​ថ្ងៃត្រង់​ អ្នកភូមិ​ ដែល​ស៊ីឈ្នួល​កាប់អុស​ ចំនួន​១០នាក់​បាន​ទទួល​រង​ការ​ដេញ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​ថៃ​ នៃ​ខេត្ត​សុរិន្ទ ខាងកើត​ច្រក​ព្រំដែន​អូរស្មាច់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ពីរ​នាក់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ យុន រិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​បាន ហើយ​យក​ទៅ​ចង​ផ្អោប​ជាប់​នឹង​រទេះ​អូស​ឈើ​២គ្រឿង មុន​នឹង​ចាក់​ប្រេងសាំង​ដុត​សម្លាប់​ទាំង​រស់។


សំណល់​សាកសព​ជន​រងគ្រោះ​ ដែល​សល់តែ​ក្បាល​ ត្រូវ​បាន​អ្នកភូមិ និង​អាជ្ញាធរ​ការពារ​ព្រំដែន​កម្ពុជា​រក​ឃើញ​ នៅក្នុង​គំនរ​ភ្នក់ភ្លើង​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​១៣ កញ្ញា។ ជាច្រើនឆ្នាំ​មកហើយ សារព័ត៌មាន​ក្នុង​ស្រុក​តែងតែ​មាន​ការ​ផ្សព្វផ្សាយ​ អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ទាហាន​ថៃ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រកស៊ី​តាម​ព្រំដែន និង​ឆ្លង​ទៅ​ធ្វើការ​ នៅលើ​ទឹក​ដី​ថៃ។ ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​លេស​ថា ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ ការ​រត់ពន្ធ​គ្រឿងញៀន​មិនមែន​ទើប​តែ​កើត​ឡើង​ជា​លើក​ដំបូង​នោះ​ឡើយ។


លោក​ចាន់ សុវេត មន្ត្រី​តាមដាន​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា តាមរយៈ​ការ​កត់ត្រា​របស់​សមាគម​អាដហុក ក្នុង​មួយឆ្នាំៗ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​ថៃ​ មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​មិនតិច​ជាង​១០ករណី​ទេ។ លោក​ចាន់ សុវេត បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពិចារណា អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ជិត​ខាង​ទាំងពីរ និង​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​គុំគួន​រវាង​ប្រជាជន​ទាំងពីរ​ទៀតផង៕

ពលរដ្ឋនៅបាត់ដំបងទាមទារឲ្យបង្ក្រាបបទល្មើសនេសាទខុសច្បាប់


ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​៤​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ដែល​កំពុង​កើត​មាន​ជា​ហូរហែ​ក្នុង​ផ្ទៃ​បឹង ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ការ​ព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា ជិត​១០០​នាក់​មក​ពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​សាលា​ឃុំ​កំពង់​ព្រៀង នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជល​ផល​និង​មន្ត្រី​មូលដ្ឋាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់។


លោក សោម សារិទ្ធិ តំណាង​ក្រុម​អ្នក​តវ៉ា​បាន​ថ្លែង​ថា ការ​ដាក់​អួន​ក្រឡា​ញឹក ឬ​ហៅ​ថា ណរ​រ៉ាវ មាន​ប្រវែង​ចាប់​ពី ៥០០​ម៉ែត្រ​ឡើង​ទៅ ប្រហែល​៣០​កន្លែង ត្រូវ​បាន​ជន​ល្មើស​ដាក់​ចាប់​ត្រី​នៅ​ពេញ​ផ្ទៃ​ទឹក​បឹង ត្រង់​ភូមិ​សាស្ត្រ​ព្រៃ​រនាម​ក្រោម ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ៖ «មិន​បាច់​ចាំ​អាជ្ញាធរ​ចុះ​បង្ក្រាប​ក៏​បាន សុំ​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​បង្ក្រាប​ផ្ទាល់​តែ​ម្តង ពី​ខែ​៩ រហូត​ដល់​ខែ​១១ គឺ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចុះ​ចូលរួម​ផ្ទាល់​តែ​ម្ដង ព្រោះ​រយៈ​កាល​កន្លង​មក អាជ្ញាធរ​ថា​បង្ក្រាប តែ​មិន​បាន​បង្ក្រាប​ទេ គឺ​កាន់​តែ​កើន​ឡើង»។


លោក ម៉ឹង នី ក្នុង​ចំណោម​អ្នក​តវ៉ា​ជិត ១០០​នាក់ បាន​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ទាំង​ប៉ូលិស ទាំង​ក្រសួង​ជំនាញ​គេ​ចុះ​ទៅ​ហ្នឹង គេ​ចុះ​ទៅ​កាត់​៤​ម៉ែត្រ ៥​ម៉ែត្រ ១០​ម៉ែត្រ គេ​ទៅ​ទៀត​ទៅ។ មួយ​ថ្ងៃ​ទៅ​ពីរ​បី​កន្លែង ទៅ​ធ្វើ​អី​កើត»។


ប្រភព​ពី​ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​កំពុង​គំរាម​កំហែង​ទៅ​ដល់​ធន​ធាន​មច្ឆជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អ្នក​ភូមិ​មិន​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន។


លោក អ៊ុក សាវ៉ាត តំណាង​សហគមន៍​នេសាទ​ភូមិ​កាច់​រទេះ​ក្នុង​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​នេសាទ​កើន​ឡើង​មែន ៖ «អ្នក​ដាក់​ណរ​រ៉ាវ គឺ​សុទ្ធ​តែ​អ្នក​មក​ពី​ក្រៅ មិន​មែន​អ្នក​ភូមិ​យើង​ទេ»។


ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិ​នេះ លោក ង៉ែត សឿ មេ​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ភូមិ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​រួម​គ្នា ៖ «អាជ្ញាធរ​និង​សមត្ថកិច្ច​គឺ​ចូលរួម​លើ​ការងារ​ការពារ​ផ្លូវ​ច្បាប់ ការពារ​សុវត្ថិភាព​ហើយ ស្បៀង​អាហារ​មួយ​ចំនួន ព្រម​ទាំង​មធ្យោបាយ​មួយ​ចំនួន​ទៀត»។


ទោះ​យ៉ាង​ណា គេ​មិន​ឃើញ​មាន​វត្តមាន​មន្ត្រី​ជល​ផល​ទៅ​បង្ហាញ​មុខ ខណៈ​ដែល​អ្នក​ភូមិ​ធ្វើការ​តវ៉ា​នេះ​ទេ។


លោក ហេង ពិសិដ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​អះអាង​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ព្រៃ​រនាម​ក្រោម គឺ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក។


យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា មន្ត្រី​ជល​ផល មន្ត្រី​ឃុំ និង​សហគមន៍​ដែល​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​ខាង​លើ​នេះ នា​ពេល​កន្លង​មក គឺ​មិន​មាន​ប្រសិទ្ធ​ភាព។


លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ការ​ទាមទារ​របស់​អ្នក​ភូមិ​គឺ​ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់​ដំបង ដែល​មាន​តួនាទី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ ឬ​ពួក​គេ​ដឹង​ហើយ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ៕

និពន្ធនាយកកាសែត ឌឹ ឃែមបូឌា ដេលី ត្រូវផ្តន្ទាទោសពីបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត


តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​និពន្ធ​នាយក​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​២២ កញ្ញា បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស លោក ខេវិន ដូល (Kevin Doyle) ជា​និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត គឺ​លោក ណៅ វ៉ាន់ណារិន ដោយ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ម្នាក់ៗ​៤​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត ប៉ុន្តែ​តុលាការ​ដដែល​បាន​ប្រកាស​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​បក្ស​សមរង្ស៊ី។


លោក សិន វិសាល ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម​ថា តុលាការ​ផ្តន្ទា​ទោស​លោក ខេវិន ដូល អាយុ​៤១​ឆ្នាំ និង​លោក ណៅ វ៉ាន់ណារិន អាយុ​២៦​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​៤​លាន​រៀល​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត កាល​ពី​ថៃ្ង​ទី​២១ ខែ​មេសា ឆ្នាំ​២០០៩​កន្លង​ទៅ។


ចៅក្រម​ដដែល​បាន​ប្រកាស​សាលក្រម​បន្ត​ទៀត​ថា តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ អាយុ​៦២​ឆ្នាំ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្រោម​បទ​បរិហារ​កេរ្ដិ៍។


លោក ជា ប៉ូច តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី ដែល​បាន​ចូលរួម​តាមដាន​ស្ដាប់​ការ​ប្រកាស​សាលក្រម​នោះ បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា លោក​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ។


លោក ជា ប៉ូច បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា​គឺ​ជា​ការ​ល្អ ហើយ​ឆ្ពោះ​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​យើង។ ខ្ញុំ​អម្បាញ់​មិញ​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​សហការី​ដើម្បី​ប្រាប់​ថា បញ្ជូន​ព័ត៌មាន​ទៅ​លោក ហូ វ៉ាន់ ភ្លាម ដើម្បី​ឲ្យ​លោក ហូ វ៉ាន់ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ»។


លោក ខេវិន ដូល និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​អត្ថាធិប្បាយ​អី្វ​ទេ​ជុំវិញ​រឿង​នេះ។


លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​ថែ្លង​ថា ៖ «ឲ្យ​លោក ហូ វ៉ាន់ រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់ នេះ​ជា​ការ​ត្រឹមត្រូវ ហើយ​មួយ​ទៀត​គឺ​ការ​សម្រេច​ឲ្យ​និពន្ធ​នាយក ខេមបូឌា ដេលី ក៏​ដូច​ជា​អ្នក​យក​ព័ត៌មាន ខេមបូឌា ដេលី ផ្តន្ទា​ទោស​ដោយ​សង​ជា​ប្រាក់​៤​លាន​រៀល​នេះ យើង​ឃើញ​ថា វា​មិន​មែន​ជា​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ទេ»។


រីឯ​លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថែ្លង​ថា ៖ «ប៉ុន្តែ​យើង​សោកស្ដាយ​ចំពោះ​ការ​ដាក់​ពិរុទ្ធ ដាក់​ពិន័យ​ទៅ​លើ​អ្នក​សារព័ត៌មាន នេះ​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​សារព័ត៌មាន​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ដែរ។ គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មេរៀន​មួយ​សម្រាប់​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​យើង​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង»។
ការ​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ជម្រះ​ក្តី​លើ​សំណុំរឿង​នេះ កាល​ពី​ថៃ្ង​ទី​៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ។


សូម​ជម្រាប​ថា លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​រង​ការ​ប្តឹង​ពី​សំណាក់​មន្រ្តី​យោធា​ចំនួន​២២​នាក់​ក្រោម​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​រូប​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ប្រាប់​កាសែត ឌឹ ឃែមបូឌា ដេលី កាល​ពី​ថៃ្ង​ទី​២០ ខែ​មេសា​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ថា សញ្ញាបត្រ​ដែល​មន្រ្តី​យោធា​ទាំង​នោះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​គ្មាន​តម្លៃ​និង​គុណភាព​ទេ។ ក្រោយ​មក​លោក​បាន​សុំ​ទោស​ពី​រឿង​នេះ ហើយ​បាន​សុំ​ឲ្យ​មាន​ផ្សាយ​កែ​តម្រូវ។


រីឯ​កាសែត ឌឹ ឃែមបូឌា ដេលី ដែល​បាន​ដកស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នោះ​បាន​រង​ការ​ប្តឹង​ផងដែរ​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។


ហូ វ៉ាន់ អំពាវនាវ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័តមាន
អ្នក​តំណាង​រាស្រ្ដ ហូ វ៉ាន់ នៃ​គណបក្ស​សមរង្ស៊ី បាន​សម្ដែង​សេចក្ដី​ត្រេកអរ តែ​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័ត៌មាន។


លោក ហូ វ៉ាន់ បាន​ថ្លែង​ថា ៖ «ទើប​បាន​ដំណឹង​ពី​សេចក្ដី​ប្រកាស​សាលក្រម​សាលា​ដំបូង រាជធានី​ភ្នំពេញ ក្នុង​ករណី​របស់​ខ្ញុំ​បាទ នៅ​ឯ​ក្រៅ​ប្រទេស​នេះ មាន​សេចក្ដី​ត្រេកអរ​ជា​អតិបរិមា ហើយ​ក៏​សុំ​បញ្ជាក់​ថែម​ដែរ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើការ​សុំ​ទោស​ទេ នោះ​គឺ​យើង​ខ្ញុំ​ធ្វើការ​កែ​តម្រូវ​ក្នុង​កាសែត ឃែមបូឌា ដេលី ដែល​តុលាការ​សាលា​ដំបូង យក​បញ្ហា​នេះ​យក​មក​វិភាគ​បាន​ត្រឹមត្រូវ ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​សាលា​ដំបូង​ជួយ​សម្រួល​យ៉ាង​ណា​ឲ្យ​លោក ខេវិញ ដូល និង​លោក នៅ វណ្ណារិន កាសែត ខេមបូឌា ដេលី បាន​រួច​ខ្លួន​ដែរ ពីព្រោះ​គាត់​បាន​កែ​តម្រូវ​ក្នុង​ព័ត៌មាន​របស់​គាត់»។


លោក ហូ វ៉ាន់ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​បាន​ទទួល​សាលក្រម​នេះ​ហើយ លោក​នឹង​អញ្ជើញ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ៕

Tuesday, September 15, 2009

សមត្ថកិច្ចខែត្រកំពង់ធំតាមចាប់ជនសង្ស័យបាញ់ សម្លាប់សកម្មជនបក្សសមរង្ស៊ី


សមត្ថកិច្ច​នគរបាល​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​អះអាង​ថា គេ​បាន​ទទួល​ដីកា​ពី​តុលាការ​ខេត្ត​ហើយ​ដើម្បី​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ថា​បាន​បាញ់​សម្លាប់​សកម្មជន​បក្សសមរង្ស៊ី លោក ទូច ហូត កាល​ពី​យប់​ថៃ្ង​៤ កញ្ញា​កន្លង​ទៅ​នេះ នៅ​ក្នុង​ឃុំ​ចំណារលើ ស្រុក​ស្ទោង។

លោក សឹម ញឿន ជា​អធិការ​រង​នគរបាល​ស្រុង​ស្ទោង ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា លោក​បាន​ទទួល​ដីកា​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ប៉ុន្តែ​ជន​សង្ស័យ​នោះ​បាន​រត់​គេច​ខ្លួន​ពី​ផ្ទះ​សម្បែង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ៖ «តែ​ម្នាក់​ទេ ប៉ុន្តែ​យើង​ឃ្លាំ​មើល​រាល់​ថ្ងៃ​ហ្នឹង តាំង​ពី​ហ្នឹង​មក​វា​គេច​ខ្លួន​បាត់​ទៅ»។


សុខ សេរី ៖ ប៉ុន្តែ​តាម​ពិត​ពីរ​នាក់? សឹម ញឿន ៖ ពីរ ប៉ុន្តែ​ច្បាស់​តែ​ម្នាក់​ហ្នឹង។ ឃ្លាំ​ចាំ​មើល​ឲ្យ​តែ​ឃើញ​នឹង​អាល​ចាប់​តែម្ដង។ សុខ សេរី ៖ ចាប់​ពី​បទ​អី? សឹម ញឿន ៖ មនុស្ស​ឃាត មិន​មែន​ជា​រឿង​នយោបាយ​ទេ។


លោក ទេព លឹម សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង​ខាង​គណបក្ស​សមរង្ស៊ី​ដែល​បាន​ដឹង​ហេតុការណ៍​ឃាតកម្ម​នោះ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នៅ​ក្នុង​ឃាតកម្ម​នោះ​គឺ​មាន​ចំនួន​ពីរ​នាក់ ៖ «បើ​តាម​សាក្សី​អ្នក​ស្រុក​ឃើញ ពីរ​នាក់ ម្នាក់​នាក់​ឌុប ហើយ​ម្នាក់​នាក់​បាញ់»។


សុខ សេរី ៖ តើ​លោក​សំណូមពរ​យ៉ាង​ម៉េច? ទេព លឹម ៖ ខ្ញុំ​អត់​មាន​សំណូមពរ​អី​ទេ គ្រាន់​តែ​ថា ចង់​ឲ្យ​លោក​ខាង​តុលាការ​ហ្នឹង​រក​ចាប់​ខ្លួន​ឲ្យ​ផង ព្រោះ​ម្ចាស់​ផ្ទះ​ហ្នឹង​គេ​អត់​មាន​លទ្ធភាព​អី​ទេ។


លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​ថា ដំណើរ​ស៊ើប​អង្កេត​របស់​លោក​កំពុង​តែ​ដំណើរការ​នៅ​ទ្បើយ។


លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​ខ្ញុំ​មិន​ទាន់​និយាយ​ថា វា​ជា​រឿង​នយោបាយ​ឬ​ក៏​ជា​រឿង​ស្អី​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​យើង​បាន​ដឹង ខាង​ប៉ូលិស​គេ​បាន​ប្រាប់​អ៊ីចឹង​ដែរ ហើយ​ខាង​យើង​បាន​ធ្វើ​សេចក្ដី​រាយការណ៍​មក​ថា ឃាតករ​ត្រូវ​បាន​គេ​កត់​សម្គាល់​ហើយ។ ខាង​យើង​ខ្ញុំ​មិន​ទាន់​បាន​ធ្វើការ​សន្និដ្ឋាន​ថា តើ​វា​មក​ពី​ហេតុផល​អ្វី​ខ្លះ?»។


រីឯ​លោក ស៊ុន ធន់ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​នៃ​គណបក្ស​សមង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​មេត្តា​ចាប់​ឃាតករ​ពិត​ប្រាកដ ចាប់​ឲ្យ​ចំ​ឃាតករ​ពិត​ប្រាកដ ហើយ​សូម​ឲ្យ​ផ្ដន្ទា​ទោស​តាម​ច្បាប់»។
សូម​ជម្រាប​ថា លោក ទូច ហូត អាយុ​៤៥​ឆ្នាំ ជា​សកម្មជន​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ភូមិ​គរ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បាន​ប្រភព​អះអាង​ថា លោក​ត្រូវ​បាន​ឃាតករ​បិទ​មុខ​ចំនួន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ក្បែរ​ផ្ទះ ហើយ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់ កាល​ពី​យប់​ថៃ្ង​ទី​៤ ខែ​កញ្ញា​កន្លង​ទៅ នៅ​វេលា​ម៉ោង​៧​កន្លះ​យប់ នៅ​គ្រា​ដែល​រូប​លោក​និង​ក្រុម​គ្រួសារ​អង្គុយ​ទទួល​ទាន​បាយ​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ។


គណបក្ស​សមរង្ស៊ី​បាន​ចេញ​សេចក្តី​ថែ្លង​ការណ៍​មួយ​កាល​ពី​ថៃ្ង​ទី​៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ ថ្កោលទោស​អំពើ​ឃាតកម្ម​នោះ៕

ទាហានថៃចូលសង់ខ្ទមលើបន្ទាត់ព្រំដែន នៅជាប់ច្រកជប់គគីរ


កង​យោធា​រក្សា​ព្រំដែន​ខ្មែរ​នៅ​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា គេ​កំពុង​ព្យាយាម​បណ្តេញ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​១៥​នាក់ ដែល​បាន​ចូល​មក​សាង​សង់​ខ្ទម​៦​ខ្នង​នៅ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ដាច់​ស្រេច​នៅ​ជាប់​ច្រក​ជប់​គគីរ ឲ្យ​រុះ​រើ​និង​ចាក​ចេញ​ទៅ​វិញ​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែ​កញ្ញា។

កង​កម្លាំង​រក្សា​ព្រំ​ដែន​ខ្មែរ​មួយ​រូប​ប្រចាំ​ច្រក​ប៉ុស្តិ៍​ជប់​គគីរ​នោះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​១៥​នាក់​បាន​ចូល​មក​សង់​ខ្ទម​ចំនួន​៦​ខ្នង​នៅ​លើ​បន្ទាត់​ព្រំ​ដែន ដែល​មិន​ទាន់​ដាច់​ស្រេច​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​មក​ម៉្លេះ។


កង​រក្សា​ព្រំដែន​ខ្មែរ​ដដែល​បាន​ហៅ​សកម្មភាព​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​នោះ​ថា ជា​ការ​រំលោភ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​បញ្ហា​ព្រំ​ដែន ដែល​រដ្ឋាភិបាល​ខ្មែរ​-ថៃ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០០​កន្លង​មក ហើយ​កង​រក្សា​ព្រំ​ដែន​ខ្មែរ​បាន​ដាក់​កំហិត​ឲ្យ​ទាហាន​ថៃ​ឈុត​ខ្មៅ​ទាំង​នោះ​រុះ​រើ​ខ្ទម​និង​ចាក​ចេញ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ ៖ «ទាហាន​ឈុត​ខ្មៅ មក​ធ្វើ​ផ្ទះ ១៥​នាក់ ខ្ញុំ​ទៅ​ចរចា​គ្នា​ឲ្យ​រើ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ទៅ​មើល ព្រោះ​ខ្ញុំ​ត្រូវ​វេន​[បិណ្ឌ]​ក្នុង​វត្ត ខ្ញុំ​ក៏​មក​ធ្វើ​បុណ្យ​នៅ​វត្ត​សិន»។


ជំនួយការ​របស់​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​១៥​នាក់​នោះ​នៅ​ក្នុង​អង្គភាព​កង​រយ​លេខ​២១០៧ បាន​មក​សង់​ជម្រក​នៅ​លើ​បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ច្បាស់​លាស់ ហើយ​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ដាក់​កំហិត​នៅ​ពេល​ជួប​ចរចា​គ្នា​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​មក​ថា យ៉ាង​យូរ​ត្រឹម​៥​ថ្ងៃ​គឺ​ឲ្យ​ទាហាន​ថៃ​ទាំង​នោះ​រុះ​រើ​ឲ្យ​អស់​និង​ដក​កម្លាំង​ចាក​ចេញ​ទៅ​វិញ។


លោក ឈឹម ស៊ីវុធ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ថៃ​មួយ​ក្រុម​នៅ​ក្នុង​កង​រយ​លេខ​២១០៧ បាន​មក​សង់​ជម្រក​នៅ​លើ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​កំណត់​ច្បាស់​លាស់ ហើយ​កម្លាំង​យើង​បាន​ឃាត់​និង​ឲ្យ​វា​រុះ​រើ ដោយ​យើង​ដាក់​ខ​ឲ្យ​វា ៥​ថ្ងៃ​យ៉ាង​យូរ​គិត​ពី​ថ្ងៃ​ចរចា​កាល​ពី​ថ្ងៃ​ទី​១២​[កញ្ញា]​ហ្នឹង​មក»។
មន្ត្រី​ព្រំ​ដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចរចា​​ក្រុម​ទាហាន​ថៃ​ទាំង​នោះ​បាន​យល់​ព្រម​ទទួល​យក​ការ​ដាក់​លក្ខខណ្ឌ​របស់​ខ្មែរ ក៏​ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​ថា​តើ​ទាហាន​ថៃ​ទាំង​នោះ​នឹង​ចាក​ចេញ​ពី​ចំណុច​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​នោះ​ដូច​ដែល​ពួក​គេ​សន្យា​ឬ​យ៉ាង​ណា​នោះ៕

សាលាឧទ្ធរណ៍បង្វិលសំណុំរឿង ជា វិជ្ជា ឲ្យសាលាដំបូង រាជធានីភ្នំពេញ ស៊ើបបន្ថែម


តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បង្វិល​សំណុំរឿង​ជា​ផ្លូវការ​ហើយ​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​សំណុំរឿង​ឃាតកម្ម​លើ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤។

លោក ជួន ស៊ុនទ្បេង ជា​អនុ​ប្រធាន​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ និង​ជា​ចៅក្រម​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «បង្វិល​ទៅ​ពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ចៅក្រម​ស៊ើបសួរ ព្រោះ​គេ​មាន​កម្លាំង​ប៉ូលិស ប៉េអឹម​ច្រើន។ អា​នេះ​តាម​សាល​ដីកា​កំពូល​ទេ»។


សុខ សេរី ៖ បង្វិល​ហ្នឹង​ដើម្បី​ឲ្យ​ស៊ើប​ឡើង​វិញ​ឬ​ក៏​កាត់​ឡើង​វិញ? ជួន ស៊ុនឡេង ៖ ស៊ើប​តើ! ស៊ើប​បាន​លទ្ធផល​ម៉េចៗ​គេ​បញ្ជូន​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ពិនិត្យ ខ្ញុំ​ជម្រះ​តែម្ដង។


លោក សុខ សំអឿន ដែល​កំពុង​តែ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ដូច​លោក ប៊ន សំណាង ផងដែរ​នោះ បាន​ថែ្លង​ថា លោក​សុំ​ឲ្យ​ការ​ស៊ើប​អង្កេត​នោះ​ប្រកប​ដោយ​ភាព​ច្បាស់លាស់​និង​តម្លាភាព។


លោក សុខ សំអឿន បាន​បញ្ជាក់​ថា ៖ «សម្រាប់​រូប​ខ្ញុំ ខ្ញុំ​សុំ​ឲ្យ​គេ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​តម្លាភាព ឲ្យ​ក្នុង​សង្គម​ទទួល​បាន​យុត្តិធម៌ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ផង»។


រីឯ​លោក ប៊ន សំណាង បាន​ថែ្លង​ថា ៖ «សំណូមពរ​របស់​ខ្ញុំ​គឺ​គ្មាន​អី​ក្រៅ​ពី​ចង់​បាន​យុត្តិធម៌​ទេ»។


លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ស្វាគមន៍​ហើយ​យើង​សង្ឃឹម​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​ស្វែងរក​ឃាតករ​ពិត​ដើម្បី​យក​មក​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​ធ្វើការ​លើកលែង​ទៅ​ដល់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​យើង​ជឿជាក់​ថា មិន​មែន​ជា​ឃាតករ​នៅ​ក្នុង​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា នេះ»។


នៅ​មិន​ទាន់​មាន​ប្រតិកម្ម​បំភ្លឺ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ការ​ទទូច​ខាង​លើ​នេះ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ស្វាគមន៍​ក្នុង​ការ​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​នោះ។


សូម​ជម្រាប​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទា​ទោស​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥​កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


ក្រោយ​មក​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​កាល​ពី​ថៃ្ង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨​កន្លង​ទៅ ឲ្យ​ដោះលែង លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ហើយ​បាន​បង្គាប់​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ចាត់​របៀប​ជា​ថ្មី​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម បន្ទាប់​ពី​តុលាការ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ចាត់ទុក​ជា​បាន​ការ។


លុះ​ដល់​ថៃ្ង​ទី​១៧ ខែ​សីហា​កន្លង​ទៅ​នេះ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​បន្ត​ការ​រស់នៅ​ក្រៅ​ឃុំ​ត​ទៅ​ទៀត ហើយ​បាន​ប្រកាស​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ចំពោះ​ការ​ចន្លោះ​ប្រហោង​ក្នុង​ការ​ស៊ើប​អង្កេត​កន្លង​មក។


ការ​ដោះលែង​នោះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ទទូច​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ដែល​តែងតែ​ចាត់ទុក​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន នោះ គឺ​ជា​ឃាតករ​សិប្បនិម្មិត៕

Monday, September 14, 2009

ពលរដ្ឋខ្មែរម្នាក់ត្រូវទាហានថៃបាញ់ស្លាប់ពេលលួចឆ្លងដែន ទៅកាប់ឈើ


អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ទាហាន​ព្រំដែន​ថៃ​មួយ​ក្រុម​បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១០​នាក់​ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង​បណ្តាល​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ស្លាប់ ម្នាក់​រង​របួស​និង​មួយ​ចំនួន​ទៀត​កំពុង​បាត់​ខ្លួន។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កញ្ញា ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់​បាន​ចូល​ព្រៃ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ នៅ​ចំណុច​ស្រុក​សំរោង តំបន់​បង្គោល​ឡាក់​លេខ​១២​-​១៣ ជាប់​ព្រំដែន​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​កន្លង​មក ដើម្បី​កាប់​ឈើ​ក្រញូង​មក​លក់​ឧិ្យ​ឈ្មួញ ហើយ​នៅថ្ងៃ​ដដែល​នោះ​​ថៃ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​​ទម្លាក់​ទាហាន​មក​បាញ់​រះ​និង​តាម​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួស​និង​មួយចំនួន​ទៀត​កំពុង​បាត់​ខ្លួន។


លោក ប៉ិច សុខិន បាន​ឲ្យ​ដឹង​ថា ៖ «ថៃ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ទម្លាក់​ទាហាន​មក​ចាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រក​គ្រញូង​ហ្នឹង។ អ្នក​របួស​ហើយ​និង​ស្លាប់​ហ្នឹង គ្រួសារ​បាន​នាំ​យក​មក​ផ្ទះ​សម្បែង​ហើយ។ អ្នក​ដែល​រត់​ហ្នឹង បើ​តាម​ខ្ញុំ​ដឹង​ថា​មក​៦​នាក់​ហើយ»។


យុវជន​ឈ្មោះ ម៉ៅ ក្លឹង ដែល​រង​របួស​ដោយ​សារ​ទាហាន​ថៃ​បាញ់​ហើយ​បាន​រត់​គេច​ខ្លួន​រួច​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​សំរោង បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ពួក​គាត់​មាន​គ្នា​ទាំងអស់​ចំនួន​១២​នាក់ ហើយ​បាន​លួច​ចូល​ជ្រៅ​​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ទៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​នៅពេល​ដែល​ក្រុម​របស់គាត់​កាប់​ឈើ​គ្រញូង​បាន​និង​កំពុង​នាំ​គ្នា​ចាំង​សម្អាត ក៏​ស្រាប់​តែ​មាន​ពួក​ទាហាន​ថៃ​មក​បាញ់​រះ​បណ្តាល​ឲ្យ​គាត់​រង​របួស​ជើង​និង​អ្នករួម​ដំណើរ​ជាមួយ​គាត់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។


យុវជន ម៉ៅ ក្លឹង បាន​បញ្ជាក់​ថា ៖ «ហួស​ចូល​ដល់​ដី​ថៃ ទៅ​កាប់​ឈើ​លក់​ឲ្យ​គេ។ ម៉ោង​១​ថ្ងៃ​ត្រង់ ខ្ញុំ​កំពុង​អង្គុយ​ចាំង​គ្រញូង​ទាំងអស់​គ្នា​ហ្នឹង វា​បាញ់​បណ្ដោយ ត្រូវ​តិច​ទេ ខ្ញុំ​រត់​រួច ងាប់​ម្នាក់​ឈ្មោះ រិទ្ធ»។
កង​ទាហានខ្មែរ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​ប្រចាំ​ការ​នៅ​បន្ទាត់​ព្រំដែន​ចំណុច​បង្គោលឡាក់​លេខ​១៨​-​១៩ បាន​មាន​ប្រសាសន៍​ថា ទាហាន​ខ្មែរ​បាន​ឮ​សូរ​សំឡេង​កាំភ្លើង​នៅ​ក្នុង​ទឹក​ដី​ថៃ​នោះ ប៉ុន្តែ​ទាហាន​ខ្មែរ​មិន​អាច​ចូល​ទៅជួយ​បាន​ទេ ដោយសារ​អ្នក​ភូមិ​ខ្មែរ​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ ៖ «គ្រោះថ្នាក់​អ៊ីចឹង​ទៅ ទាហាន​ខ្មែរ​យើង​ក៏​អត់​ហ៊ាន​ចូល​ទៅ​ជួយ​ដែរ»។


មន្រ្តី​ខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា មាន​ក្រុម​ឈ្មួញ​ទិញ​លក់​ឈើ​គ្រញូង​មួយចំនួន​នៅ​តែ​ចំណាយ​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹក​ដី​ថៃ​យក​មក​ល​ក់​ពួក​គេ ហើយ​មន្ត្រី​ខេត្ត​បាន​ដាក់​ពង្រាយ​កម្លាំង​យោធា​ខ្មែរ​ជា​ច្រើន​​​កន្លែង​ដើម្បី​ទប់​ស្កាត់​នៅ​តាម​ច្រក​ព្រំដែន​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន ប៉ុន្តែ​ការ​រារាំង​នៅតែ​ពុំ​មាន​ប្រសិទ្ធភាព។


សូម​រំឭក​ថា ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា​រហូត​មកដល់​ពេល​នេះ ព័ត៌មាន​ត្រួសៗ​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្ត​ព្រះវិហារ​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ខ្មែរ​ចំនួន​៣​នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​និង​១៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទាហាន​ថៃ​នៃ​ខេត្ត​ស៊ីសាកេត​និង​ខេត្ត​អ៊ូប៊ុន​ចាប់​ខ្លួន ខណៈ​ដែល​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​បាន​ឆ្លង​ចូល​ព្រំដែន​ថៃ​ដើម្បី​លួច​កាប់​ឈើ​គ្រញូង​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ៕

មូរ សុខហួរ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបញ្ជូនប្រតិភូមកកម្ពុជា


អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពត លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នឹង​បញ្ជូន​ប្រតិភូ​ជាន់​ខ្ពស់​របស់​ខ្លួន ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ ព្រម​ទាំង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ភ្ជាប់​លក្ខ​ខណ្ឌ​នានា ទៅ​នឹង​ជំនួយ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ផង។

អ្នក​តំណាងរាស្រ្ត មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ផ្តល់​ព័ត៌មាន​ជា​កសិណ​ដល់​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos របស់​សភា​កុងហ្ក្រេស ហើយ​បាន​ជួប​សន្ទនា​ជាមួយ លោកស្រី ហ៊ិល្លារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​នេះ ដោយ​បាន​ឲ្យ​ដឹង​ថា លោកស្រី​រដ្ឋមន្រ្តី​ការ​បរទេស ហ៊ិល្លារី គ្លិនតុន ដែល​ជា​ភរិយា​លោក​អតីត​ប្រធានាធិបតី ប៊ីល គ្លិនតុន ផង​នោះ តែង​បាន​តាមដាន​ព្រឹត្តិការណ៍​ទាក់ទង​នឹង​លោកស្រី​តំណាងរាស្រ្ត​ជា​រៀង​រហូត​មក។


លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ទទួល​យក​សំណើ​របស់​លោកស្រី ដែល​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ច្រើន​ជាង​មុន ក្នុង​ការ​ពិនិត្យ​ស្ថានភាព​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ៖ «ក្រោយ​ពី​សវនាការ​ជាមួយ​នឹង​សភា​នៃ​សហរដ្ឋ​អាមេរិក ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ដ​ដែល​ទទួល​រង​គ្រោះ​នឹង​ការ​កាត់​ទោស​ដោយ​អយុត្តិធម៌​ពី​តុលាការ​នៅ​ប្រទេស​កម្ពុជា​នេះ លោក​ជំទាវ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស ហ៊ិល្លារី គ្លិនតុន បាន​ឲ្យ​ខ្ញុំ​ជួប ហើយ​នៅ​ជំនួប​នោះ លោក​ជំទាវ​បាន​លើក​មក​ភ្លាម​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ពិសេស​ទៅ​លើ​ករណី​ខ្ញុំ ក៏​ដូច​ជា​ករណី​នៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​បាន​សុំ​លោក​ជំទាវ សូម​ឲ្យ​លោក​ជំទាវ​បញ្ជូន​នូវ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ដឹកនាំ​ដោយ​អគ្គ​រដ្ឋទូត​ពិសេស ដែល​លោក​ជំទាវ​រដ្ឋមន្រ្តី ហ៊ិល្លារី គ្លិនតុន បាន​បង្កើត ក្រោយ​ពី​លោក​ជំទាវ​បាន​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស ដូច្នេះ​លោក​ជំទាវ​បាន​ទទួល​យក​សំណើ​របស់​ខ្ញុំ​ដោយ​វិជ្ជមាន»។


លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​សារ​តាមរយៈ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ហោ ណាំហុង នៅ​ពេល​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​ញូវយ៉ក​នៅ​ចុង​ខែ​កញ្ញា​នេះ ទាក់ទង​នឹង​លក្ខខណ្ឌ​នានា ជា​ពិសេស​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស ដែល​ប្រទេស​អាមេរិក​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​ជំនួយ​របស់​ខ្លួន។


សូម​ជម្រាប​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ស្ថានការណ៍​នៅ​កម្ពុជា​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​ច្បាប់​នោះ នឹង​ដឹកនាំ​ដោយ​លោកស្រី​អគ្គ​រដ្ឋទូត​គោចរ Melanne Verveer ដែល​ជា​តំណែង​តែង​តាំង​ឡើង​សម្រាប់​ធ្វើ​ទំនាក់​ទំនង​បញ្ហា​ស្រ្តី​និង​កុមារ សកម្មភាព​ដែល​អ្នក​តំណាងរាស្រ្ត មូរ សុខហួរ ធ្លាប់​បាន​ចូលរួម​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។


ប្រតិភូ​នេះ​នឹង​អម​ដំណើរ​ដោយ​អគ្គនាយក​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ព្រម​ដោយ​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​ជា​ច្រើន​រូប​ទៀត។
លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​មាន​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ។


លោក​បន្ត ដោយ​បាន​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ មូរ សុខហួរ ថា​ការ​ពឹង​ផ្អែក​បរទេស​ឲ្យ​មក​លូក​លាន់​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​កម្ពុជា​បែប​នេះ គឺ​ជា​ការ​ក្បត់​ទៅ​នឹង​ពាក្យ​សម្បថ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ស្វេតច្ឆត្រ ៖ «ខ្ញុំ​ឃើញ​ថា ការ​បង្ហាញ​ជា​ឧទាហរណ៍​ល្អ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​អ្វី ដែល​ពិភព​លោក​យល់​ឃើញ​ថា នីតិរដ្ឋ​ត្រូវ​តែ​គោរព លោក​ជំទាវ មូរ សុខហួរ មិន​បាន​ឆ្លើយ​តប​ហ្នឹង​ទេ ជា​ពិសេស​បាន​ក្បត់​នឹង​សម្បថ​របស់​លោក​ជំទាវ​មុន​នឹង​ចូល​តំណែង​ជា​សមាជិក​នៃ​រដ្ឋ​សភា​ហ្នឹង បាន​សច្ចា​ប្រណិធាន​ថា ជា​ដាច់​ខាត​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មក​រំខាន ឬ​មក​បង្គាប់​បញ្ជា​នូវ​នយោបាយ​ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក។ ហើយ​ជម្រាប​ជូន​ថា នៅ​ពេល​នេះ យើង​នាំ​គ្នា​កសាង​នីតិ​រដ្ឋ មិន​មែន​ត្រឹម​តែ​នីតិ​រដ្ឋ​ហ្នឹង​ទេ យើង​កសាង​ឯករាជ្យ និង​អធិបតេយ្យ ដែល​ជា​ប្រជាជាតិ​ខ្មែរ​មួយ ដែល​ទើប​តែ​ចាក​ចេញ​ពី​ថ្លុក​នៃ​ទឹក​ភ្នែក​និង​ឈាម។ ខ្ញុំ​មាន​ចម្ងល់​មួយ តើ​លោក​ជំទាវ មូរ សុខហួរ ចូលរួម​ក្នុង​ការ​កសាង​នីតិ​រដ្ឋ និង​ការ​កសាង​អ្វី​ដែល​ជា​ឯករាជ្យ​របស់​ប្រជាជាតិ​ហ្នឹង​ដែរ​ទេ? ឬ​មួយ​លោក​ជំទាវ មូរ សុខហួរ នឹក​ឃើញ​កាល​ពី​ដើម ដែល​នាំ​ខ្មែរ​មាន​ការ​ពិសោធ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​អ្នក​នយោបាយ​ជំនាន់​ហ្នឹង បាន​នាំ​គ្រាប់​បែក​រាប់​ម៉ឺន​តោន​ជះ​មក​លើ​រាជាណាចក្រ​កម្ពុជា ហើយ​ថ្មីៗ​នេះ លោក​ជំទាវ ហ៊ិល្លារី គ្លិនតុន ហ្នឹង គាត់​បាន​និយាយ​ដោយ​ខ្លួន​ឯង​ផង​ដែរ​ថា ទំនាក់​ទំនង​ល្អ សហ​ប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក»៕

Wednesday, September 9, 2009

អាមេរិកផ្ដល់ជំនួយដល់កម្ពុជាសម្រាប់វិស័យអប់រំនិងសុខាភិបាល



ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នៅ​ថៃ្ង​អង្គារ ទី​៨ ខែ​កញ្ញា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​លើ​កិច្ច​ព្រមព្រៀង​ចំនួន​២ ដើម្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ទទួលជំនួយ​ពី​សហរដ្ឋ​អាមេរិក​ជាង ៣៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​កម្ពុជា។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍ នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​នោះ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ឈាន​ដល់​កម្រិត​ល្អ​មួយ​ជា​លំដាប់។


លោក ហោ ណាំហុង ថ្លែង​យ៉ាង​ដូច្នេះ ៖ «កាន់​តែ​ល្អ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មិន​គ្រាន់​តែ​ជួយ​ខាង​សុខាភិបាល​និង​អប់រំ​ទេ ថែម​ទាំង​ជួយ​ខាង​ដោះ​មីន ជួយ​ខាង​យោធា បាន​បញ្ជូន Peace Corps របស់​គេ​មក​តាម​មូលដ្ឋាន​យើង។ ដូច្នេះ​ទំនាក់ទំនង​នេះ​កាន់​តែ​ល្អ​ឡើង។ គេ​បាន​លើក​កម្ពុជា​យើង​ចេញ​ពី​បញ្ជី​ពាណិជ្ជ​កម្ម​ខ្មៅ​របស់​គេ គេ​បាន​លើក​កម្ពុជា​យើង​ចេញ​ពី​ការ​ហាម​ប្រាម​ជំនួយ​យោធា សព្វ​គ្រប់​លក្ខណៈ ដូច្នេះ​ទំនាក់​ទំនង​យើង​កាន់​តែ​ល្អ​ឡើងៗ»។


លោកស្រី Carol Rodley ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើការ​រួម​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត​នៅ​ក្នុង​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​ព្រឹក​ថៃ្ង​អង្គារ ទី​៨ ខែ​កញ្ញា នៅ​ឯ​ក្រសួង​ការ​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ទ្បើង​រវាង​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​លោក Flynn Fuller ជា​ប្រធាន​បេសក​កម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា និង​លោកស្រី Carol Rodley ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​មាន​មន្រ្តី​ស្ថានទូត​អាមេរិក​និង​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​នោះ។


កិច្ច​ព្រមព្រៀង​ចំនួន​២ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដើម្បី​ឲ្យ​កម្ពុជា​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នោះ គឺ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​៣.១៦៥.៧៩៤​ដុល្លារ​អាមេរិក​សម្រាប់​បង្កើន​គុណភាព​និង​លទ្ធភាព​នៅ​ក្នុង​វិស័យ​សិក្សាធិការ​នៅ​មូលដ្ឋាន និង​កិច្ច​ព្រមព្រៀង​ទី​២ គឺ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន ៣១.៦៣២.៩៩២​ដុល្លារ​អាមេរិក ដើម្បី​លើក​កម្ពស់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​ឆ្លង​ដទៃ​ទៀត ដូច​ជា​សុខុមាល​ភាព​មាតា ទារក និង​សុខភាព​បន្ត​ពូជ។


ប្រភព​ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា​បាន​ពណ៌នា​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ចំនួន​ជាង ២៥០​លាន​ដុល្លារ​អាមេរិក​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​លើក​កម្ពស់​វិស័យ​សិក្សាធិការ​និង​វិស័យ​សុខាភិបាល។


កាល​ពី​ថៃ្ង​សុក្រ ទី​៤ ខែ​កញ្ញា កន្លង​ទៅ​ថ្មី​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​សម្ភារៈ​និង​បចេ្ចកទេស​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចំនួន​២០​កុងតឺន័រ ដែល​មាន​តម្លៃ​ចំនួន ៦​លាន​៥​សែន​ដុល្លារ​អាមេរិក នៅ​ក្នុង​នោះ​មាន​មួក​ទាហាន ១៦.០០០ ថង់​ស្ពាយ​ឬ​សាក់កាដូ​ចំនួន ៤.០០០ ឯកសណ្ឋាន​ការពារ​ចំនួន ៦.០០០ និង​សម្ភារៈ​ផ្សេងៗ​ទៀត៕

ឆាំង យុ បំភ្លឺជូននាយករដ្ឋមន្ត្រីជុំវិញអត្ថបទចុះផ្សាយក្នុង កាសែត



លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្លែង​ថា លោក​បាន​បំភ្លឺ​ជូន​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហើយ​ចំពោះ​ប្រសាសន៍​របស់​លោក​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​អតីត​មេ​ខ្មែរ​ក្រហម​បន្ថែម​ទៀត ដែល​បាន​សរសេរ​ចុះ​ផ្សាយ​នៅ​លើ​កាសែត​កម្ពុជា​ថ្មី កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​នោះ។
លោក ឆាំង យុ បាន​ឲ្យ​ដឹង​ថា ៖ «ហើយ​ខ្ញុំ​ក៏​បាន​បំភ្លឺ​ហើយ រឿង​ហ្នឹង​វា​ដូច​ជា​អត់​មាន​អី​ទៀត​ទេ។ វា​ជា​អត្ថបទ​មួយ​ដែល​មិន​បាន​សរសេរ​ច្បាស់​លាស់ ជា​ការ​ភ័ន្ត​ច្រឡំ»។


ការ​ទាមទារ​ឲ្យ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ប្រសាសន៍​របស់​លោក​នោះ បាន​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​បូក​សរុប​ចុង​ក្រោយ​មួយ​នៃ​ការ​ជំរឿន​ប្រជាជន​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​២០០៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ឯ​សាល​សន្និសីទ​ចតុមុខ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៩។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពេល​នោះ​ដូច្នេះ​ថា ៖ «ឥឡូវ​កុំ​ចង់​នរណា​មក​បង្កើត​បញ្ហា​អី​ថែម​ទៀត អត់​បាន​ទេ! សូម​ទោស​ចុះ ហើយ​សូម​កុំ​សិក្ខា​សាលា​អី​ច្រើន​ពេក រឿង​ស្អី​ឯណា ទុក​ឲ្យ​តុលាការ​គេ​ធ្វើ​ទៅ។ វា​មាន​អ្នក​ថា បើ​ចង់​ចោទ​ប្រកាន់​ថែម​ទៀត ទាល់​តែ​លើក​សំណើ​ហ្នឹង​ទៅ​សុំ គេ​ហៅ​ថា បញ្ជូន​ស្អី​ទៅ​ឲ្យ​លោក ហ៊ុន សែន។ វា​ទៅ​ជា​អ៊ីចេះ​ទៅ​វិញ។ ខ្ញុំ​ចង់​ឲ្យ​លោក ឆាំង យុ បញ្ជាក់​បញ្ហា​ហ្នឹង​ឲ្យ​ខ្ញុំ​ក្នុង​ថ្ងៃ​ហ្នឹង។ លោក​ឯង​សរសេរ​ឲ្យ​ខ្ញុំ​មើល៍ ហើយ​តើ​មាន Tape [ខ្សែ​អាត់] វីដេអូ​ហ្នឹង​ទេ?»។


ការ​បំភ្លឺ​របស់​លោក ឆាំង យុ ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទាមទារ​ឲ្យ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ប្រសាសន៍​របស់​លោក​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​កម្ពុជា​ថ្មី កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​កញ្ញា ឆ្នាំ​២០០៩ ក្រោម​ប្រធានបទ​មួយ​មាន​ចំណង​ជើង​ថា "ចង់​បន្ត​ចោទ​ប្រកាន់​មេ​ខ្មែរ​ក្រហម​ផ្សេង​ទៀត គួរ​បង្ហាញ​ហេតុ​ផល​ដល់​សម្តេច ហ៊ុន សែន"។


លោក ឆាំង យុ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នោះ​ដូច្នេះ​ថា ៖ «និយាយ​ឲ្យ​ខ្លី​ទៅ​ខ្ញុំ​អត់​ដែល​មាន​ធ្វើ​សិក្ខាសាលា​អី​ទេ ច្រឡំ​រូបថត​ហ្នឹង​ទី​មួយ។ រូបថត​ហ្នឹង​គឺ​ជា​រូបថត​និយាយ​រឿង​កុន​វៀតណាម យូរ​ហើយ ដល់​គេ​យក​មក​ដាក់​ទៅ​ដូច​ជា​ធ្វើ​សិក្ខាសាលា ហើយ​ឃ្លា​ទី​ពីរ​ខ្ញុំ​មិន​បាន​និយាយ​ទេ ហ្នឹង​ជា​ឃ្លា​គេ​អត្ថាធិប្បាយ។ អ៊ីចឹង​រឿង​ហ្នឹង​ខាង​កម្ពុជា​ថ្មី​ក៏​គ្នា​បាន​សុំ​ទោស​ខ្ញុំ​ដែរ សុំ​ទោស​សម្តេច​ដែរ»។


លោក ឆាំង យុ មាន​ប្រសាសន៍​យោង​ថា លិខិត​បំភ្លឺ​របស់​លោក​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​កញ្ញា​នេះ​ហើយ ៖ «ខ្ញុំ​ពន្យល់​រួច​ហើយ​នៅ​ក្នុង​កាសែត​រស្មី​កម្ពុជា​មាន​សរសេរ​រួច​ហើយ»។
ក្នុង​នោះ​លោក​ពន្យល់​ថា នៅ​ពេល​គេ​សួរ​លោក​អំពី​ការ​ចោទ​ប្រកាន់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត លោក​គ្រាន់​តែ​ឆ្លើយ​ថា បើ​សាលា​ក្តី​ខ្មែរ​ក្រហម​ចង់​កាត់​ទោស​បន្ថែម​ទៀត​នោះ សាលា​ក្តី​ខ្មែរ​ក្រហម​គួរតែ​ពន្យល់​ឲ្យ​បាន​ច្បាស់​ថា​ហេតុ​អ្វី? ចំពោះ​លោក ចំនួន​មិន​ឆ្លុះ​បញ្ចាំង​អំពី​យុត្តិធម៌​ទេ។


លោក ឆាំង យុ ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក​បាន​ផ្ញើ​លិខិត​របស់​លោក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឆ្លើយ​តប​ដោយ​អរគុណ​ចំពោះ​ការ​ពន្យល់​របស់​លោក៕

ជនសង្ស័យខ្មែរក្រហម៥រូបទៀតត្រូវគេស្នើសុំឲ្យស៊ើបអង្កេត



ព្រះរាជអាជ្ញា​មួយ​រូប​នៃ​តុលាការ​ខ្មែរ​ក្រហម​បាន​ស្នើ​ជា​ផ្លូវការ​សូម​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ជន​សង្ស័យ​៥​រូប​ទៀត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត។ សំណើ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក។


កាលពី​ថ្ងៃ​អង្គារ ទី​៨ កញ្ញា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បណ្តោះ​អាសន្ន គឺ​លោក William Smith បាន​ដាក់​សំណើ​របស់​លោក​ជូន​សហ​ចៅក្រម​ស៊ើប​អង្កេត​ដែល​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ចេញ​ឬ​មិន​ចេញ​ដីកា​ចាប់​ឃុំ​ខ្លួន​នោះ។ ប៉ុន្តែ​តុលាការ​មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​អ្នក​ទាំង​៥​រូប​នោះ​នៅ​ឡើយ​ទេ។


កាល​ពី​ថ្ងៃ​ច័ន្ទ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ភ្នំពេញ​ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ថា ៖ «ឥឡូវ​ហ្នឹង​បើ​សិន​ជា​អ្នក​ឯង​កាត់​ទោស​ដោយ​មិន​បាន​គិត​អំពី​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ កើត​សង្រ្គាម​ឡើង​វិញ ងាប់​មនុស្ស​២០​-​៣០​ម៉ឺន​នាក់​ថែម​ទៀត អ្នក​ណា​ទទួល​ខុស​ត្រូវ? និយាយ​គ្នា​ឲ្យ​ហើយ​កន្លែងហ្នឹង។ ខ្ញុំ​អត់​ជះ​ឥទ្ធិពល​ទៅ​លើ​បញ្ហា​តុលាការ​ទេ»។


កាល​ពី​ថ្ងៃ​ច័ន្ទ លោក William Smith អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា គេ​មិន​ទាន់​មាន​ការ​កំណត់​រយៈពេល​ធ្វើ​សកម្មភាព​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ចំពោះ​សំណើ​របស់​លោក វិលា្លម ស្មីត ដែល​សូម​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មេ​ខ្មែរ​ក្រហម​បន្ថែម​ទៀត​នោះ​នៅ​ឡើយ​ទេ៕

Thursday, September 3, 2009

កម្ពុជាឈ្នះលើសមរភូមិការទូត

ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​៣០​សីហា​ស្អែក​នេះ​ ជា​កាលបរិច្ឆេទ​នៃការ​ដក​កងទ័ព​ជា​ផ្លូវការ​ចេញ​ពី​តំបន់​ព្រំដែន​ព្រះវិហារ។​ ការ​កាត់​បន្ថយចំនួន​កងទ័ព​នៅ​សមរភូមិ​​ជួរ​មុខ​នេះ​ បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ បន្ទាប់​ពី​ការ​ចេញ​បទ​បញ្ជា​ជា​ចំហ​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ ការ​សម្រេច​ចិត្ត​ដក​កម្លាំង​ទ័ព​ជា​ឯកតោ​ភាគី​របស់​កម្ពុជា​​បាន​ទទួល​ការ​គាំទ្រ​ភ្លាមៗ​ពី​អន្តរជាតិ។

កងទ័ព​ដែល​ឈជើង​នៅ​ខ្សែ​ត្រៀម​ជួរមុខ​នៅ​ព្រះវិហារ​ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​អង្គភាព​ដើម​វិញ​ជា​បន្តបបន្ទាប់​ហើយ​ នៅ​ចុង​សប្តាហ៍​នេះ។​ ពិធី​កាត់​​បន្ថយ​ទ័ព​ជា​ផ្លូវការ​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យទី​៣០​សីហា​ស្អែក​នេះ។


មាន​ហេតុ​ផល​ពីរ​យ៉ាង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាសពី​ខេត្ត​ពោធិសាត់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន​ ដើម្បី​ពន្យល់​អំពី​ការ​ដក​កងទ័ព​ចេញ​ពី​ព្រះវិហារ។​ ទី១​ គឺ​ព្រះវិហារ​នឹង​​គ្មាន​សង្រ្គាម​កើត​ឡើង​ទេ។ និង​ទី២​ កម្លាំង​កងទ័ព​គួរ​តែ​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​ជួយ​ការងារ​ដកស្ទូង​នៅរដូវ​វស្សា​នេះ​ វា​ប្រសើរ​ជាង​យក​ទៅ​ប្រឈមមុខ​នៅ​ឯព្រះវិហារ។


ទឡ្ហីករណ៍​ទាំង​ពីរ​យ៉ាង​នេះ​ វា​សម​ហេតុផល​ដែល​មហាជន​ទូទៅ​អាច​ស្តាប់​បាន​​ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​វិភាគ​ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នៅ​ព្រះវិហារ​ ការ​កាត់​បន្ថយ​ចំនួន​ទ័ព​របស់​ភាគី​កម្ពុជា​ទំនង​ជា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង​នេះ។​ ជាការ​ពិត​ណាស់​​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ចេតនា​ម្តង​ហើយ​ម្តង​​ទៀត​ថា​ខ្លួន​មិន​ចង់​ធ្វើ​​សង្រ្គាម​ជាមួយ​ថៃ​ឡើយ​ ហើយ​ដំណោះ​ស្រាយ​បញ្ហា​ព្រះវិហារ​គួរតែ​ត្រូវ​​ធ្វើ​ឡើង​​ដោយ​​សន្តិវិធី។


ប៉ុន្តែ​ការ​ប្រឈមមុខ​ដាក់​គ្នា​កន្លង​ទៅ​នេះ​ គឺដោយសារ​ភាគី​ថៃ​ជា​អ្នក​ចាប់​បង្ខំ​តែ​ប៉ុណ្ណោះ។​ យ៉ាងណា​ក៏ដោយ​​ ក៏​ភាគី​កម្ពុជា​បាន​​ប្រកាន់​ភាព​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់​ជា​​អតិបរមា។​ នយោបាយ​អត់ធ្មត់​ចំពោះ​អ្នក​​ឈ្លាន​ពាន​ទឹកដី​នេះ​ បាន​ទទួល​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​​សំណាក់​ពលរដ្ឋ​មួយ​ចំនួន​ ជាពិសេស​ពីសំណាក់​អ្នក​នយោបាយ​ប្រឆាំង​​ ប៉ុន្តែ​ភាពអត់ធ្មត់​នេះ​អាច​បញ្ចៀស​បាន​នូវ​ភ្លើង​សង្គ្រាម​នៅ​តាម​ជាយដែន​រហូត​ដល់​សព្វថ្ងៃ។


រយៈពេល​មួយឆ្នាំ​បាន​កន្លង​ផុត​ទៅ​ និង​ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​​សហគមន៍​អន្តរជាតិ​កំពុង​តែ​ទទូច​ចង់​បាន​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​​ តើ​នេះ​​មិន​មែន​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកាស​ដក​កងទ័ព​មួយ​ចំនួន​ចេញ​ពី​​តំបន់​ព្រះវិហារ​ទេ​ឬ​? ជា​យុទ្ធសាស្រ្ត​ ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​អត្ថន័យ​​សំខាន់​ពីរ​យ៉ាង។


ទី១​ គឺការ​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី​ពិត​ប្រាកដ​មែន។​ ដូច្នេះ​ប្រសិន​បើ​មាន​សង្រ្គាម​ជាយដែន​កើត​មាន​​ជា​យថាហេតុ​នោះ​ គឺ​ប្រាកដ​ណាស់​ថា​ភាគី​ថៃ​គឺជា​អ្នក​បង្ក។ និង​ទី២​ការដក​កងទ័ព​ចេញ​ពី​ព្រះវិហារ​​របស់​ភាគី​កម្ពុជា​នៅ​ពេលនេះ​ គឺជា​សម្ពាធ​ផ្នែក​នយោបាយ​ការទូត​មួយ​ចំពោះ​ថៃ​ដែល​ទោះ​ចង់​ ឬមិន​ចង់​ថៃ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បង្ហាញ​ពី​ចេតនា​ល្អ​របស់​ខ្លួន​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នៅ​ព្រះវិហារ​ដែរ។


លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ភា្លមៗ​រួច​ទៅហើយ​ បន្ទាប់​ពី​ការ​ប្រកាស​​ដក​ទ័ព​ចេញ​ពីព្រះវិហារ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ លទ្ធផល​ទី១​​ គឺ​​មេទ័ព​កំពូល​របស់​ថៃ​ដែល​បាន​មក​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា​​កាលពី​ដើម​សប្តាហ៍​នេះ​បាន​សម្តែង​ឥរិយាបថ​ទន់​ភ្លន់​ក្នុង​ន័យ​ចង់​បញ្ចប់​បញ្ហា​ព្រះវិហារ​ដោយ​សន្តវិធី​ដែរ។


នៅ​លើ​ឆាក​អន្តរជាតិ​ឯណោះ​វិញ ឥរិយាបថ​របស់​កម្ពុជា​បាន​ទទួល​ការ​ស្វាគមន៍​​ភ្លាមៗ​ពី​សំណាក់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ។​ លោកស្រី​ Carol​ Rodly​ ឯកអគ្គ​រដ្ឋទូត​អាមេរិក​បាន​សម្តែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​​ដក​ទ័ព​ចេញ​ពី​ព្រះវិហារ​ដោយ​ចាត់ទុក​ទង្វើ​នេះ​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ថៃ។​ ព្រឹត្តិការណ៍​នេះ​អាច​ចាត់​ទុក​ជា​ជោគជ័យ​មួយ​ជំហាន​រួច​ជា​ស្រេច​នៅ​លើ​​សមរភូមិ​នយោបាយ​ការទូត​របស់​កម្ពុជា​​ស្តីពី​បញ្ហា​ព្រះវិហារ។


ក៏ប៉ុន្តែ​បញ្ហា​ព្រំដែន​​រវាង​កម្ពុជា​ និង​ថៃ​ទាំង​ព្រំដែន​គោក ​និង​ព្រំដែន​សមុទ្រ​នៅ​តែ​មាន​​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដដែល។​ ភាព​ស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​ត្រូវ​ប្រើប្រាស់​ភាព​ឈ្លាសវៃ​ជា​ប្រចាំ​ទាំង​ផ្នែក​យោធា​​ការទូត​ និង​ការ​ប្រើប្រាស់​​វិធានការ​ច្បាប់​អន្តរជាតិ។​ ការ​ធ្វេស​ប្រហែស​ក្នុង​ផ្នែក​ណា​មួយ​វា​នឹង​បង្កើត​ជា​ឱកាស​ល្អ​​សម្រាប់​ថៃ​ក្នុង​ការ​យក​ប្រៀប​លើ​កម្ពុជា​ជា​មិន​ខាន៕

Wednesday, September 2, 2009

ព្រះសង្ឃនិងនិស្សិតជួបពិភាក្សាគ្នានៅបាត់ដំបងពី បញ្ហាក្នុងសង្គម


យ៉ាង​ហោច​ណាស់​មាន​ព្រះ​សង្ឃ​និង​និស្សិត​ប្រហែល​៦០០​នាក់​បាន​ជួប​ជុំ​គ្នា​ជជែក​ពិភាក្សា​ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​វិបត្តិ​នានា​ទាក់ទិន​នឹង​គម្លាតព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។

កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ ព្រះ​សីហនុ​រាជ ព្រះនាម ពុន ហង្សសេង។


ព្រះតេជគុណ​បាន​មាន​ពុទ្ធ​ដីកា​ថា មាន​បញ្ហា​ចោទ​ជា​ច្រើន​កំពុង​កើត​មានឡើង ៖ «ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រតិបត្តិ​លើ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ការប្រឈម​មុខ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អំពើ​សីលធម៌​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​បញ្ហា​សីលធម៌​និង​បច្ចេកវិទ្យា​ទំនើប»។


កញ្ញា កុយ ដានី ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​សីហនុ​រាជ ដែល​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ៖ «តាម​សង្គម​យើង​បច្ចុប្បន្ន ខាង​វិស័យ​សាសនា​និង​សង្គម​ខ្មែរ​យើង មើល​ទៅ​ដូច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក។ ប្រជាជន​ដឹង​ខ្លួន​ថា ខ្លួន​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​អត់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​តើ​ពុទ្ធ​សាសនា​យ៉ាង​ម៉េច​ទេ ដូច​ថា​យើង​ទៅ​វត្ត ចេះ​តែ​ទៅៗ ប៉ុន្តែ​អត់​ដឹង​ថា ខ្លួន​យើង​ត្រូវ​ធ្វើ​អី​ខ្លះ»។


ចំណែក​ឯ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ក្នុង​ចំណោម​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ថេរដីកា​ថា នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ពិភពលោក កម្ពុជា​បាន​ទទួល​យក​របស់​ប្លែកៗ​ពី​បរទេស​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សីលធម៌​សង្គម ដូច្នេះ​ហើយ​ការ​ចូលរួម​របស់​ព្រះ​សង្ឃ​ក្នុង​សង្គម​គឺ​ជា​ចលក​រចាំបាច់​មួយ។


ព្រះ​សង្ឃ​ដដែល​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ព្រះ​សង្ឃ​ដែល​ជា​សមន​និស្សិត សមន​សិស្ស​របស់​យើង​ហ្នឹង មាន​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​បម្រើ​សង្គម ព្រោះ​នៅ​ក្នុង​បរិបទ​ខ្មែរ​យើង​ព្រះ​សង្ឃ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ជួយ​អប់រំ​សង្គម​ឲ្យ​មាន​សីលធម៌»។


អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​គាំទ្រ​ចំពោះ​សិក្ខាសិលា​នោះ ដោយ​ក្រើន​រំឭក​ថា ព្រះ​ពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយអប់រំ​ដល់​សង្គម​និង​ការ​អភិវឌ្ឍ​ប្រទេស។


លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រប់​វត្ត​អារាម​ទាំងអស់​គួរតែ​ពង្រឹង​នូវ​សមត្ថភាព​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​អធិករណ៍​ឲ្យ​សល់​កាន់​តែ​តិច​បំផុត ឬ​អាច​ត្រូវ​លុប​បំបាត់ទាំង​ស្រុង ព្រោះ​ថា​អធិករណ៍​កាន់​តែ​ច្រើន​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិបត្តិ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​ជា​សញ្ញា​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ផល​ដែរ»។


ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ ព្រះ​នាម ពុន ហង្សសេង បាន​ព្រះ​ថេរ​ដីកា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ប៉ាន់​ស្មាន​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ។


គេ​សង្ឃឹម​ថា ការ​ជួប​ជុំ​ពិភាក្សា​ក្នុង​អង្គ​សិក្ខាសាលា​ខាង​លើ​នេះ ព្រះ​សង្ឃជា​ច្រើន​អង្គ​នឹង​ជួយ​ដោះស្រា​យ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធ​បរិស័ទ ហើយ​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នឹង​បដិបត្តិ​តាម​ឱវាទ​ព្រះ​ពុទ្ធ លើកកម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ ស្រឡាញ់​វប្បធម៌​ជាតិ៕

ព្រះសង្ឃនិងនិស្សិតជួបពិភាក្សាគ្នានៅបាត់ដំបងពីបញ្ហាក្នុងសង្គម

យ៉ាង​ហោច​ណាស់​មាន​ព្រះ​សង្ឃ​និង​និស្សិត​ប្រហែល​៦០០​នាក់​បាន​ជួប​ជុំ​គ្នា​ជជែក​ពិភាក្សា​ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​វិបត្តិ​នានា​ទាក់ទិន​នឹង​គម្លាតព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។

កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ ព្រះ​សីហនុ​រាជ ព្រះនាម ពុន ហង្សសេង។


ព្រះតេជគុណ​បាន​មាន​ពុទ្ធ​ដីកា​ថា មាន​បញ្ហា​ចោទ​ជា​ច្រើន​កំពុង​កើត​មានឡើង ៖ «ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រតិបត្តិ​លើ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ការប្រឈម​មុខ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អំពើ​សីលធម៌​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​បញ្ហា​សីលធម៌​និង​បច្ចេកវិទ្យា​ទំនើប»។


កញ្ញា កុយ ដានី ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​សីហនុ​រាជ ដែល​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ៖ «តាម​សង្គម​យើង​បច្ចុប្បន្ន ខាង​វិស័យ​សាសនា​និង​សង្គម​ខ្មែរ​យើង មើល​ទៅ​ដូច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក។ ប្រជាជន​ដឹង​ខ្លួន​ថា ខ្លួន​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​អត់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​តើ​ពុទ្ធ​សាសនា​យ៉ាង​ម៉េច​ទេ ដូច​ថា​យើង​ទៅ​វត្ត ចេះ​តែ​ទៅៗ ប៉ុន្តែ​អត់​ដឹង​ថា ខ្លួន​យើង​ត្រូវ​ធ្វើ​អី​ខ្លះ»។


ចំណែក​ឯ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ក្នុង​ចំណោម​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ថេរដីកា​ថា នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ពិភពលោក កម្ពុជា​បាន​ទទួល​យក​របស់​ប្លែកៗ​ពី​បរទេស​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សីលធម៌​សង្គម ដូច្នេះ​ហើយ​ការ​ចូលរួម​របស់​ព្រះ​សង្ឃ​ក្នុង​សង្គម​គឺ​ជា​ចលក​រចាំបាច់​មួយ។


ព្រះ​សង្ឃ​ដដែល​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ព្រះ​សង្ឃ​ដែល​ជា​សមន​និស្សិត សមន​សិស្ស​របស់​យើង​ហ្នឹង មាន​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​បម្រើ​សង្គម ព្រោះ​នៅ​ក្នុង​បរិបទ​ខ្មែរ​យើង​ព្រះ​សង្ឃ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ជួយ​អប់រំ​សង្គម​ឲ្យ​មាន​សីលធម៌»។


អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​គាំទ្រ​ចំពោះ​សិក្ខាសិលា​នោះ ដោយ​ក្រើន​រំឭក​ថា ព្រះ​ពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយអប់រំ​ដល់​សង្គម​និង​ការ​អភិវឌ្ឍ​ប្រទេស។


លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រប់​វត្ត​អារាម​ទាំងអស់​គួរតែ​ពង្រឹង​នូវ​សមត្ថភាព​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​អធិករណ៍​ឲ្យ​សល់​កាន់​តែ​តិច​បំផុត ឬ​អាច​ត្រូវ​លុប​បំបាត់ទាំង​ស្រុង ព្រោះ​ថា​អធិករណ៍​កាន់​តែ​ច្រើន​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិបត្តិ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​ជា​សញ្ញា​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ផល​ដែរ»។


ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ ព្រះ​នាម ពុន ហង្សសេង បាន​ព្រះ​ថេរ​ដីកា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ប៉ាន់​ស្មាន​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ។


គេ​សង្ឃឹម​ថា ការ​ជួប​ជុំ​ពិភាក្សា​ក្នុង​អង្គ​សិក្ខាសាលា​ខាង​លើ​នេះ ព្រះ​សង្ឃជា​ច្រើន​អង្គ​នឹង​ជួយ​ដោះស្រា​យ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធ​បរិស័ទ ហើយ​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នឹង​បដិបត្តិ​តាម​ឱវាទ​ព្រះ​ពុទ្ធ លើកកម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ ស្រឡាញ់​វប្បធម៌​ជាតិ៕

Tuesday, September 1, 2009

ហោរាសាស្ត្រប្រចាំថ្ងៃទី២៥ សីហា-១០ កញ្ញា




ភាគីដើមបណ្ដឹងរដ្ឋប្បវេណីនាំគ្នា តវ៉ាប្រឆាំងនឹងការរឹតត្បិតសិទ្ធិ






យ៉ាង​ហោច​ណាស់​មាន​ជន​រង​គ្រោះ​ដែល​ធ្លាប់​ជាប់​ឃុំ​នៅ​មន្ទីរ​ស-​២១ ប្រហែល ២៨​នាក់​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​រឿង​ក្តីរបស់​ជន​ជាប់​ចោទ ឌុច បាន​នាំ​គ្នា​តវ៉ា មិន​ព្រម​ចូលរួម​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ សីហា ឆ្នាំ​២០០៩។

ការ​តវ៉ា​នៅ​មុខ​ច្រក​ទ្វារ​ចូល​សាលាក្តី មិន​ព្រម​ចូលរួម​សវនាការ បាន​ធ្វើ​ឡើង ក្រោយ​ពី​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ បាន​បន្ថយ​លទ្ធភាព​ចូលរួមរបស់​ពួក​គេ​និង​ក្រុម​មេធាវី​នៅ​ក្នុង​សវនា​ការ​ស្តីពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ។



ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​ឈ្មោះ ជុំ ស៊ីរ៉ាត បាន​ថ្លែង​នាំ​មុខ​ក្រុម​អ្នក​តវ៉ា​ដូច្នេះ​ថា ៖ «សេចក្ដី​សម្រេច​ពីរ​នោះ គឺ​ទី​១ មេធាវី​ជន​រង​គ្រោះ​មិន​អាចធ្វើ​សេចក្ដី​កត់​សម្គាល់​លើ​ការ​ដាក់​ទោស​របស់​ជន​ជាប់​ចោទ ទី​២ មេធាវី​ក្ដី ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក្ដី គ្មាន​អំណាច​ដេញ​ដោល​សួរ​អ្នក​ជំនាញ​ដែល​និយាយ​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ»។



សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ ដែល​បដិសេធ​សិទ្ធិ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក និល ណុន ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ សីហា សប្តាហ៍​មុន ៖ «តាម​មតិ​ភាគ​ច្រើន​របស់​អង្គជំនុំ​ជម្រះ​និង​មតិ​ជំទាស់​របស់​ចៅក្រម Lavergne អង្គ​ជំនុំ​ជម្រះ​សម្រេច​ដូចខាង​ក្រោម​នេះ ៖ ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​ជន​ជាប់​ចោទ​ពាក់ព័ន្ធ​ទៅ​នឹង​អត្ត​ចរិត​[ឡើយ]​»។



ដើម​បណ្តឹង​រដ្ឋប្ប​វេណី​មួយ​រូប​ទៀត ឈ្មោះ ភឹង ហ៊ុត​ស៊ុន​ថារី ថ្លែង​ដូច្នេះ​ថា ៖ «យើង​ចង់​បាន​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​មក​សិន ប៉ុន្តែ​យើង​មិន​បោះ​បង់​កៅអី​របស់​យើង និង​ក៏​មិន​បោះបង់​សិទ្ធិ​របស់​យើង​ជា​ដើម​បណ្ដឹង​ដែរ ប៉ុន្តែយើង​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា តើ​មាន​ហេតុ​ការណ៍​អ្វី​ខ្លះ​កើត​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​របស់​យើង​ហ្នឹង»។



ការ​តវ៉ា​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ត្រូវ​បាន​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ថ្លែង​ថា ជា​កិច្ចការ​របស់​អង្គ​ជំនុំ​ជម្រះ​ដែល​ត្រូវ​សម្រេច។ ក៏ប៉ុន្តែ​លោក​បាន​ជម្រាប​ជូន​រឿង​នេះ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ហើយ​ៗ សេចក្តីសម្រេច​ណា​មួយ​នោះ លោក​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។



លោក​គ្រាន់​តែ​លើក​ឡើង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ពួក​គាត់​ដែល​មក​ធ្វើ​កូដកម្ម​ព្រឹក​មិញ​ហ្នឹង គឺ​គាត់​តំណាង​ឲ្យ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ទាំង​អស់ គឺ​២៨​រូប ក្នុង​ចំណោម ៩៣។ យើង​គោរព​សិទ្ធិ​ពួក​គាត់ ហើយ​យើង​ចាត់​ទុក​ស្មើៗ​គ្នា»។



សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង មាន​ជន​រង​គ្រោះ​និង​សាច់​ញាតិជន​រង​គ្រោះ​ចំនួន ៩៣​រូប បាន​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី។ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ជន​រង​គ្រោះ​ចំនួន​២៨​រូប​ក្នុង​ចំណោម​ទាំង​អស់ ៩៣​រូប​នេះ​ក៏​ដោយ ក៏​ដំណើរការ​កាត់​សេចក្តី​មិន​ត្រូវ​បាន​អាក់​ខាន​ឡើយ៕

រដ្ឋមន្ត្រីព័ត៌មាននឹងដឹកនាំប្រតិភូទៅធ្វើបុណ្យនៅកម្ពុជា ក្រោម






នៅ​ចុង​សបា្ដហ៍​ទី​មួយ​នៃ​ខែ​កញ្ញា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​នឹង​ដឹក​នាំ​មន្ត្រី​រាជ​ការ​នៃ​ក្រសួង​ព័ត៌មាន​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​មួយ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។



រដ្ឋាភិបាល​កម្ពុជា​មាន​គ្រោង​បញ្ជូន​ជា​លើក​ដំបូង​នូវ​ប្រតិភូ​ចំនួន​១៥០​នាក់ នៅ​ថៃ្ង​ទី​៥ ខែ​កញ្ញា ខាង​មុខ​នេះ ទៅ​កាន់​ខេត្ត​ត្រាវិញ ហៅ​ជា​ភាសា​វៀតណាម និង​ដែល​កំពុង​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម ឬ​ហៅ​ថា ខេត្ត​ព្រះ​ត្រពាំង អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម សម្រាប់​រយៈពេល​២​ថៃ្ង នៅ​ដើម​ខែកញ្ញា ដើម្បី​ចូលរួម​កាន់​បិណ្ឌ​នៅ​ទី​នោះ​និង​សែ្វង​យល់​អំពី​ការ​ពិត​អំពីស្ថានភាព​រស់​នៅ​របស់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ទី​នោះ។



លោក ខៀវ កាញារីទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ផង​ដែរ​នោះ ដែល​នឹង​ដឹកនាំ​ប្រតិភូ​ចំនួន​១៥០​នាក់ ទៅ​កាន់​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នា​ពេល​ខាង​មុខ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ច័ន្ទ ទី​៣១ ខែ​សីហា ថា យើង​ទៅ​កាន់​បិណ្ឌ​នៅ​ក្នុង​វត្ត​ចំនួន​២ គឺ​វត្ត​អង្គរ​បុរី និង​វត្ត​កំពង់​ឈូក នៅ​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះ​ត្រពាំង​ដែល​មាន​ចំណាស់​ជាង ១.០០០​ឆ្នាំ​មក​ហើយ។



លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ចង់​រៀបចំ​ជា​ពិធី​កាន់​បិណ្ឌ​មួយ ដោយ​មន្រ្តី​រាជការ​ក្រសួង​ព័ត៌មាន​ហ្នឹង ហើយ​ក៏​មាន​អ្នក​កាសែត​ទូរទស្សន៍​ទាំង​អស់​មួយ​ចំនួន​ធំ​នៅ​ប្រទេស​កម្ពុជា​យើង ដើម្បី​ទៅ​ផ្សា​ភ្ជាប់និស្ស័យ​ផង ក៏​ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង។ យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​យល់​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​អំពីស្ថានភាព​របស់​បង​ប្អូន​នៅ​កម្ពុជា​ក្រោម»។



លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាក​ចេញ​ដំណើរ​នឹង​ចាប់​ផ្តើម​នៅ​ព្រលឹម​ថៃ្ង​សៅរ៍ ទី​៥ ខែ​កញ្ញា និង​វិល​ត្រទ្បប់​មក​វិញ​នៅ​ថៃ្ង​អាទិត្យ ទី​៦ ខែ​កញ្ញា តាម​រយៈ​រថយន្ត​ធំ​ចំនួន​៣​គ្រឿង ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់ខេត្ត​ព្រះ​ត្រពាំង​នោះ។



ព្រះ​ភិក្ខុ ថាច់ វិមាន ជា​អ្នក​នាំ​ពាក្យ​នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភព​លោកប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ពុទ្ធ​ដីកា​ស្វាគមន៍​ថា វា​ជា​សញ្ញាល្អ​នៃ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រះ​អង្គ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ធ្វើ​ទស្សន​កិច្ច​ដូច​គ្នា​នេះ​នៅ​ខេត្ត​ឃ្លាំង​និង​ខេត្ត​មាត់​ជ្រូក នៅ​ថៃ្ង​អនាគត។



ព្រះ​តេជ​គុណ ថាច់ វិមាន មាន​ពុទ្ធ​ដីកា​ដូច្នេះ​ថា ៖ «យ៉ាង​ណា​មិញ គឺ​ថា​ខ្មែរ​ទាំង​អស់​គ្នា ខ្មែរ​ក្រោម ខ្មែរ​លើ ខ្មែរ​កណ្ដាល ជា​ខ្មែរ​តែ​មួយ បើ​សិន​ណា លោក ខៀវ កាញារីទ្ធ មាន​មនោ​សញ្ចេតនា​ដ៏​បរិសុទ្ធ អាត្មា​មាន​ការ​ត្រេក​អរ ហើយ​យ៉ាង​ណា​មិញ លោក​ទៅ​ហ្នឹង​អាច​យល់​បាន​ខ្លះៗ​អំពី​ជីវភាព​រស់​នៅ​ពិត​ប្រាកដ​របស់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម»។



ព្រះ​ភិក្ខុ​មួយ​អង្គ គង់​នៅ​ក្នុង​វត្ត​គង​ជ័យ នៅ​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះ​ត្រពាំង ជា​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​មាន​ពុទ្ធ​ដីកា​តាម​ទូរស័ព្ទ​មក​ថា ព្រះ​អង្គ​មាន​ការ​សប្បាយ​រីក​រាយ​ចំពោះ​ការ​កាន់​បិណ្ឌ​នេះ។



សូម​ជម្រាប​ថា ប្រភព​និង​ឯកសារ​នានា​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​មាន​ខេត្ត​ចំនួន​២១​ខេត្ត ត្រូវ​បាន​អាណានិគម​និយម​បារាំង​កាត់​ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​តាំង​ពី​ថៃ្ង​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ទឹក​ដី​ទ្បើយ។



ក្រោយ​ពី​ទឹក​ដី​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​វៀតណាម សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​ខែ្មរ​កម្ពុជា​ក្រោម​បាន​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា មាន​ការ​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​តាម​បែប​ប្រពៃណី​ខែ្មរ​និង​អក្សរ​សាស្រ្ត​ខែ្មរ​ជា​ដើម មក​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នោះ៕

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia