ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, November 25, 2009

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៦ ដល់ ២២ វិច្ឆិកា ២០០៩


ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន រដ្ឋ​សភា​បាន​អនុម័ត​ព្យួរ​អភ័យ​ឯកសិទ្ធិ​ប្រធាន​គណបក្ស​សមរង្ស៊ី និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

លោក អយុធ្យា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១៦ ដល់ ២២ វិច្ឆិកា ឆ្នាំ​២០០៩។


រដ្ឋ​សភា​អនុម័ត​ព្យួរ​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី


សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​សមាជិក​សភា​ដែល​មក​ពី​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក៏​ដោយ។


នៅ​ថៃ្ង​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​ពី​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង តាម​សំណើ​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​នេះ​ស៊ើប​អង្កេត​និង​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ។


ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ដក​បង្គោល​ឈើ​តំណាង​ឲ្យ​បង្គោល​​​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ចោល កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា​កន្លង​ទៅ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង ជាប់​នឹង​ព្រំដែន​នោះ ដោយសារ​តែ​ពលរដ្ឋ​នៅ​ទី​នោះ​បាន​ប្តឹង​លោក​អំពី​ការ​បោះ​បង្គោល​នោះ​ដែល​ឲ្យ​នាំ​ពួក​គាត់​បាត់​បង់​ស្រែ​ចម្ការ​និង​ដី​ធ្លី។


ទាក់ទង​ករណី​លោក សម រង្ស៊ី នេះ​ដែរ បន្ទាប់​ពី​រដ្ឋ​សភា​បាន​អនុម័ត​លើក​អភ័យ​ឯកសិទ្ធិ​រួច​មក លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដើម្បី​សាក​សួរ​ចម្លើយ និង​ចោទ​ប្រកាន់​ឲ្យ​បាន​ឆាប់​ទាក់ទង​បទ​ព្រហ្មទណ្ឌ​នៃ​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ដក​បង្គោល​ឈើ​តំណាង​ឲ្យ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​កាល​ពី​ពេល​ថ្មីៗ។


សកម្មភាព​នេះ​ត្រូវ​បាន​លោក សម រង្ស៊ី និយាយ​ថា ស្រុក​ខ្មែរ​សព្វថ្ងៃ​គឺ​ចម្លែក​មែនទែន អ្នក​ដែល​ស្មោះ​ត្រង់​ជាមួយ​នឹង​ប្រទេស​ជាតិ ស្មោះ​ត្រង់​ជាមួយ​នឹង​ប្រជារាស្រ្ដ បែរ​ទៅ​ជា​មាន​រឿង តែ​អ្នក​ដែល​ធ្វើ​បាប​រាស្ត្រ អ្នក​ដែល​បំផ្លិច​បំផ្លាញ​ជាតិ អ្នក​ដែល​លក់​ជាតិ បែរ​ទៅ​ជា​រួច​ខ្លួន​និង​មាន​បុណ្យ​ស័ក្តិ​ថែម​ទៀត។


សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ


កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា ដើម​សប្តាហ៍​នេះ ក្រុម​អង្គការ​តំណាង​ឲ្យ​ជន​ពិការ​នៅ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ចៀសវាង​ការ​រើសអើង​ជន​ពិការ បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ច្បាប់​ការពារ​សិទ្ធិ​ជន​ពិការ​ហើយ​ក៏​ដោយ។


លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ហើយ​ដែល​រូប​លោក​ជា​ជន​ពិការ​ផង​នោះ មាន​ប្រសាសន៍​ថា គេ​សង្កេត​ឃើញ​ថា ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ការ​រើសអើង ជា​ពិសេស​សិទ្ធិ​ជន​ពិការ​ដែល​ការពារ​ដោយ​ច្បាប់​ហាក់​នៅ​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ឡើយ។


ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​មាន​ជន​ពិការ​ចំនួន​៦៥០​លាន​នាក់​ដែល​ភាគ​ច្រើន​មក​ពី​សហគមន៍​ក្រីក្រ។


បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ផែនការ​ឆ្នាំ​២០០៩​នេះ​បាន​ឲ្យ​ដឹង​ថា ជន​ពិការ​នៅ​កម្ពុជា​គឺ​មាន​ចំនួន​៤% ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​១៤​លាន​នាក់​នៅ​ទូទាំង​ប្រទេស។


ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​ថយ​ចុះ​៣០%


បន្ទាប់​ពី​ចំណង​ការទូត​រវាង​កម្ពុជា​និង​ថៃ​មាន​ការ​ប្រេះស្រាំ ព័ត៌មាន​ពី​ច្រក​ទ្វារ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រុត​ចុះ​ប្រមាណ​៣០% បន្ទាប់​ពី​ម្ចាស់​ទំនិញ​នានា​នៅ​ស្រុក​ខ្មែរ​បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ ដោយសារ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ពី​វិបត្តិ​នានា​រវាង​ខ្មែរ​និង​ថៃ។


តំណាង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា ថា ថ្វីត្បិត​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ខ្មែរ​-​ថៃ​នៅ​មាន​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ម្ចាស់​ទំនិញ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​១០០% មក​នៅ​ត្រឹម​៧០% សម្រាប់​មុខ​ទំនិញ​គ្រប់​ប្រភេទ។


តាម​តួលេខ​ការ​ដោះ​ដូរ​ទំនិញ​ខ្មែរ​-​ថៃ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទំនិញ​គ្រប់​ប្រភេទ​របស់​ថៃ​ដែល​នាំ​ចូល​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៨ មាន​រហូត​២.០០០​លាន​ដុល្លារ និង​ទំនិញ​ពី​កម្ពុជា​នាំ​ទៅ​ថៃ​មាន​តែ​៩០​លាន​ដុល្លារ​ប៉ុណ្ណោះ។


អ្នក​ជំនួយ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​មិន​សូវ​សំបូរ


អ្នក​ជំនួញ​ស្រូវ​បាន​ត្អូញ​ត្អែរ​ថា នៅ​ដើម​រដូវ​កំពុង​ប្រមូល​ផល​នេះ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​មិន​សូវ​សំបូរ​ដូច​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ថ្លៃ​ជាង​មុន​បន្តិច។


នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក​បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា តាម​ការ​ស្រាវជា្រវ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​អាច​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន គឺ​ប្រមាណ​៧​លាន​តោន ដោយសារ​ភ្លៀង​ធ្លាក់​ដើម​ដៃ​ល្អ​ធ្វើ​ឲ្យ​កសិករ​ពង្រីក​ផ្ទៃ​ដី​ដាំ​ស្រូវ​ដើម​ដៃ​ច្រើន​ហិកតារ​ជា​រៀង​រាល់​ឆ្នាំ។


អ្នក​កាសែត​ជាប់​ឃុំ​ម្នាក់​បន្ត​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រឿង​ក្ដី​ជាមួយ​សយសុភាព


ក្រោយ​ពី​តុលាការ​សាលា​ដំបូង​បាន​ផ្តន្ទា​ទោស​អ្នក​សារ​ព័ត៌មាន​ម្នាក់​ឈ្មោះ រស់ សុឃិត ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ដោយ​សារ​ផ្ញើ​សារ​ទៅ​លោក សយ សុភាព អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​ស៊ី.ធី.អិន មក​ដល់​ពេល​នេះ​មេធាវី​របស់​លោក រស់ សុឃិត កំពុង​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។


ប្រភព​ពី​មេធាវី​បាន​អះអាង​ថា ពួក​គេ​បាន​បន្ត​រឿង​ក្តី​ដោយ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​លោក រស់ សុឃិត បន្ត​ទៀត។


លោក សុខ ដារ៉ា មេធាវី​របស់​អ្នក​កាសែត​ដែល​ត្រូវ​គេ​ប្តឹង​ដាក់​គុក​ថ្លែង​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​សម្រេច​សេចក្តី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​ថា ការ​ផ្ញើ​សារ​សួរ​នាំ​អំពី​ព័ត៌មាន គ្មាន​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​ដាក់​គុក​មនុស្ស​នោះ​ឡើយ ហើយ​ការ​ផ្ដន្ទា​ទោស​នេះ​គឺ​ជា​ការ​គំរាម​ទៅ​ដល់​សិទ្ធិ​មនុស្ស​ទាំង​ស្រុង ដែល​ញ៉ាំង​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ខ្លាច។


អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤​នាក់


មន្រ្តី​ជំនាញ​ផ្នែក​សុខភាព​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ការ​កើន​ទ្បើង​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) បន្ថែម​ទៀត​ហើយ ដែល​គិត​មក​ដល់​សប្តាហ៍​ចុង​ក្រោយ​នេះ ចំនួន​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ថ្មី​នេះ​កើន​ឡើង​ដល់​៤៤៤​នាក់។


សប្តាហ៍​កន្លង​ទៅ​គឺ​មាន​ចំនួន​៣៩៤​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​មាន​ចំនួន​តែ​៤​នាក់​ដដែល។
លោក លី សូវ៉ាន់ អនុ​ប្រធាន​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ថា រដូវ​ត្រជាក់​កំពុង​បាន​ឈាន​មក​ដល់ ដូច្នេះ​ជំងឺ​ផ្តាសាយ A(H1N1) ងាយ​នឹង​ឆ្លង​រាតត្បាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត៕

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia