ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមរាយការណ៍ជូនពីប្រវត្តិសង្ខេប និងសកម្មភាពការងារស្ម័គ្រចិត្តរបស់ជ័យលាភីរង្វាន់សៀវភៅវិជ្ជាធ្វើម្ហូបពិភពលោកហ្គួរម៉ង់។
សៀវភៅវិជ្ជាធ្វើម្ហូបអាហារខ្មែរ ដែលជាស្នាដៃនិពន្ធរបស់ស្រ្តីខ្មែរម្នាក់ជាមួយនឹងកូនស្រីរបស់គាត់ ត្រូវបានគេជ្រើសរើសផ្ដល់រង្វាន់ ពិភពលោកហ្គួរម៉ង់ (Gourmand) នៅក្នុងប្រទេសបារាំង ថាជាសៀវភៅវិជ្ជាធ្វើម្ហូបអាហារល្អចំណាន ពូកែជាងគេក្នុងពិភពលោកសម្រាប់ឆ្នាំ២០០៩ ក្នុងចំណោមសៀវភៅជាង ៦ពាន់ក្បាល។
សៀវភៅធ្វើម្ហូបខ្មែរដែលសរសេរជាភាសាបារាំងមានប្រមាណជា ១៣៩មុខ ដោយថែមទាំងបង្ហាញរូបភាពផងដែរនោះ គឺតាក់តែងដោយលោកស្រី ឡុង សូរី បច្ចុប្បន្នចូលនិវត្តន៍ ហើយបានទៅរស់នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ឡុង សូរី អាយុ ៦៩ឆ្នាំ អតីតគ្រូបង្រៀននៅជំនាន់សាធារណរដ្ឋខ្មែរ សម័យ លន់ នល់ បច្ចុប្បន្នចូលនិវត្តន៍ បានមានប្រសាសន៍សម្ដែងក្ដីរីករាយជាខ្លាំងក្រោយដែលសៀវភៅវិជ្ជាធ្វើម្ហូបខ្មែរ ដែលនិពន្ធ និងតាក់តែងរួមជាមួយកូនស្រី ត្រូវបានទទួលស្គាល់ថា ជាសៀវភៅវិជ្ជាធ្វើម្ហូបខ្មែរដ៏ពិសេសពិសាលក្នុងពិភពលោក ទាំងផ្នែកគុណភាព ក្រដាស និងក្របសៀវភៅ ការបង្ហាញរូបភាពម្ហូបអាហារចម្អិនហើយ និងភាពងាយស្រួលក្នុងការហាត់រៀនធ្វើម្ហូបអាហារខ្មែរចំនួនជាង ១៣០មុខ។
លោកស្រី ឡុង សូរី បានមានប្រសាសន៍ថា ៖ «អរណាស់ អរមែនទែន! ស្ត្រីខ្មែរ ២នាក់សរសេរសៀវភៅជាប់លេខ១ ក្នុងពិភពលោក គឺជារង្វាន់សម្រាប់ខ្ញុំ លើសពីការស្មាន លើសពីគេចង់ឲ្យលុយទៅទៀត។ ខ្ញុំនឹកឃើញដល់ស្រុកខ្មែរ ពីព្រោះគេអត់ស្គាល់ខ្ញុំទេ ខ្ញុំមានទង់ជ័យខ្មែរ ហើយគេអត់ស្គាល់ខ្មែរទេ ខ្ញុំបង្ហាញគេថា ខ្មែរនៅឯណា! ហើយខ្ញុំត្រូវបង្ហាញគេ...»។
លោកស្រី ឡុង សូរី ជ័យលាភីនៃរង្វាន់សៀវភៅវិជ្ជាធ្វើម្ហូបពិភពលោកហ្គួរម៉ង់ (Gourmand) បានមានប្រសាសន៍ថា ការទទួលស្គាល់ស្នាដៃសៀវភៅធ្វើម្ហូបអាហារខ្មែរនេះ គឺជាប្រការដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយឲ្យប្រទេសជាច្រើនក្នុងពិភពលោកបានដឹង និងស្គាល់អំពីអារ្យធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរ និងជាពិសេសគឺម្ហូបអាហារខ្មែរ។
ក្រៅពីការប៉ិនប្រសប់ធ្វើម្ហូបអាហារគ្រប់មុខយ៉ាងចំណាន ប្រកបទៅដោយរសជាតិឆ្ងាញ់ពិសា លោកស្រី ឡុង សូរី ចេះជំនាញផ្នែកកាត់ដេរប៉ាក់ និងសំអាងការថែមទៀតផង។ លោកស្រីមានប្រសាសន៍ថា ក្រោយពីបានមករស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក នៅឆ្នាំ១៩៧៥មក លោកស្រីតែងតែចូលរួមយ៉ាងសកម្មក្នុងសហគមន៍ខ្មែរ ជាពិសេសគឺក្នុងឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ។
លោកស្រី ឡុង សូរី បានបញ្ជាក់ថា ៖ «ស្លៀកខោអាវខ្មែរ បង្ហាញគេពីរបៀបស្ត្រីខ្មែរស្លៀកពាក់យ៉ាងម៉េច ទៅវត្តកាន់ស្រាក់ ពេលរៀបការស្លៀកយ៉ាងម៉េច ហើយពេលបុណ្យចូលឆ្នាំខ្មែរ គឺត្រូវធ្វើដើម្បីបង្ហាញគេ។ គេចូលចិត្តធ្វើម្ហូប គេឲ្យខ្ញុំទៅជួយធ្វើម្ហូបបានកម្រៃខ្លះ បន្ថែមពីការងារនៅរោងចក្រ ពីព្រោះខ្ញុំចេះតែធ្វើម្ហូប ចេះតែកិច្ចការផ្ទះដើម្បីរស់អ្វីក៏ខ្ញុំធ្វើដែរ...»។
នៅឆ្នាំ១៩៧៧ លោកស្រី ឡុង សូរី និងស្វាមី លោក ឡុង បូតា អតីតសាស្ត្រាចារ្យជំនាន់ លន់ នល់ ព្រមទាំងកូនពីរនាក់បានសម្រេចចិត្តផ្លាស់ទៅរស់នៅក្នុងប្រទេសបារាំងវិញ។ នៅទីនោះ លោកស្រី និងស្វាមីនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងសហគមន៍ខ្មែរ ៖ «...ខ្ញុំ និងអ្នកគ្រូខ្ញុំបង្កើតជាសមាគមស្ត្រី ដូចជាជួយបកប្រែ រកការងារធ្វើ បង្ហាត់ធ្វើម្ហូប ដេរខោអាវ បង្ហាត់ចងក្បិន។ កាលនៅស្រុកខ្មែរ ខ្ញុំបង្រៀនដេរខោអាវ។ គេត្រូវការចង់ស្គាល់ ចង់ដឹង ថ្ងៃអាទិត្យឡើង ក្រុមគ្រួសារខ្ញុំទៅជួយបង្ហាត់គេ ពីព្រោះជាកិច្ចការមួយដែលខ្ញុំចូលចិត្តធ្វើ...»។
លោកស្រី ឡុង សូរី បន្តថា បន្ថែមពីការងារធ្វើជាគ្រូបង្រៀនខាងវិជ្ជាមេផ្ទះ នៅពេលវិស្សមកាល និងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ លោកស្រីតែងតែឆ្លៀតពេលទៅចូលរួម និងបំពេញការងារស្ម័គ្រចិត្ត នៅក្នុងប្រទេសបារាំង និងនៅតាមជំរំព្រំដែនខ្មែរថៃ។
លោកស្រី ឡុង សូរី បានឲ្យដឹងថា ៖ «មកដល់ស្រុកបារាំងខំរៀនទៀត រហូតដល់ជាប់បានធ្វើជាគ្រូបង្រៀនខាងម្ហូបអាហារធ្វើជាង ២០ឆ្នាំ រហូតដល់ថ្ងៃចូលនិវត្តន៍ឆ្នាំ២០០១។ មុន ២០០១ គឺខ្ញុំទៅស្រុកខ្មែរ មួយឆ្នាំម្ដងៗ។ ក្រោយឆ្នាំ១៩៨០ ទៅធ្វើការស្ម័គ្រចិត្តនៅតាមជំរំព្រំដែន ពីព្រោះខ្ញុំមានវ៉ាកងពីរខែក្នុងមួយឆ្នាំៗ ហើយទៅបង្រៀនស្ត្រីខ្មែរនៅជំរំឲ្យបានចេះធ្វើម្ហូបកាត់ដេរ ដើម្បីត្រឡប់ទៅស្រុកខ្មែរ គ្នាអាចរស់បាន...»។
លោកស្រី ឡុង សូរី និងស្វាមី លោក ឡុង បូតា ចូលនិវត្តន៍នៅឆ្នាំ២០០១ ហើយសព្វថ្ងៃបានទៅរស់នៅក្នុងប្រទេសកម្ពុជា និងបន្តការងារស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ភាពញញឹមរបស់កុមារ។
លោកស្រី ឡុង សូរី បានអះអាងថា ៖ «ខ្ញុំស្ម័គ្រចិត្តទៅបង្រៀននៅសាលាមួយ ដែលគេដើរប្រមូលរើសកូនក្មេងរើសសំរាម យកមកឲ្យរៀនក្នុងមណ្ឌល។ ខ្ញុំបង្រៀន គ្រូដែលបង្រៀនក្មេងទាំងនោះ ដែលពួកគេក្មេងៗ មិនស្គាល់ និងចេះធ្វើម្ហូបខ្មែរទេ..»។
កូនប្រុសស្រីទាំងពីររបស់លោកស្រី ឡុង សូរី និងស្វាមី លោក ឡុង បូតា បានរៀបការរួចហើយ។ លោកស្រីថា កូនប្រុសសព្វថ្ងៃរស់នៅ និងធ្វើការនៅក្នុងប្រទេសស្វ៊ីស ចំណែកកូនស្រីក្រោយពីរៀបការហើយ ក៏បានទៅរស់នៅជាមួយស្វាមី និងធ្វើការនៅក្នុងប្រទេសអង់គ្លេស។
លោកស្រី ឡុង សូរី មានប្រសាសន៍បន្តថា ដរាបណាមានជីវិតរស់នៅលោកស្រីនឹងនៅបន្តចែកចាយចំណេះវិជ្ជាដែលមានទាំងប៉ុន្មានដល់ក្មេងស្រី ឬស្ត្រីខ្មែរជំនាន់ក្រោយ ដែលមានបំណងចង់ចេះចង់ដឹងអំពីសុជីវធម៌ សីលធម៌ និងវិជ្ជាមេផ្ទះ ដូចជាធ្វើម្ហូបអាហារ សំអាងការ និងកាត់ដេរប៉ាក់ ជាដើម។
តាមប្រសាសន៍អះអាងរបស់លោកស្រី ឡុង សូរី បានឲ្យដឹងថា សៀវភៅវិជ្ជាធ្វើម្ហូបពិភពលោកហ្គួរម៉ង់នេះ កំពុងបកប្រែជាភាសាអង់គ្លេស ហើយទៅថ្ងៃអនាគតនឹងធ្វើការបោះពុម្ពផ្សាយជាភាសាខ្មែរទៀត៕