ស្រ្តីមេម៉ាយម្នាក់នៅក្នុងភូមិម្អម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កំពុងតែស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុកនៅខេត្តនោះ ដើម្បីរកយុត្តិធម៌ចំពោះអ្វីដែលលោកស្រីបានចោទថា មន្រ្តីនគរបាលម្នាក់បានចាប់រំលោភលោកស្រីបានសម្រេចចំនួន២លើក ជាមួយនឹងការគំរាមអារក ឬបាញ់សម្លាប់ចោល បើសិនណារឿងអាស្រូវនេះបានលេចឮទៅអ្នកដទៃ។
លោកស្រី ព្រំ សៀ អាយុ៤២ឆ្នាំ ដែលបានមកប្តឹងរឿងនេះនៅឯអង្គការសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តស្វាយរៀង កាលពីថៃ្ងអង្គារ ទី១៣ ខែតុលាថ្មីៗនេះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានសម្រេចចិត្តប្តឹងមន្រ្តីនគរបាលរូបនោះ ដោយសារតែលោកស្រីមិនអាចទ្រាំទ្រចំពោះការគំរាមនោះបាន។
លោកស្រី ព្រំ សៀ មានប្រាប់ដូច្នេះ ៖ «ខ្ញុំកាលមុនអត់ហ៊ានប្ដឹងទេ ខ្ញុំខ្លាចគាត់សម្លាប់មែន ដល់ពេលខ្ញុំស្ដាប់វិទ្យុតាមអ្នកស្រុកហ្នឹង ឮអង្គការគេប្រកាសថា បើមានវិបត្តិក្នុងខ្លួនត្រូវដោះស្រាយអង្គការជួយរកយុត្តិធម៌ឲ្យ អ៊ីចឹងបានខ្ញុំហ៊ាន។ ខ្ញុំខ្លាចសេចក្ដីស្លាប់ខ្ញុំមិនហ៊ានតវ៉ាយូរហើយ»។
លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តស្វាយរៀង ដែលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះខាងលើនេះ បានមានប្រសាសន៍ថា ៖ «ជុំវិញបញ្ហានេះ ខ្ញុំសូមសំណូមពរអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការស៊ើបអង្កេតជាបន្ទាន់ពីករណីនេះ ព្រោះជនរងគ្រោះគាត់កំពុងតែភ័យរន្ធត់»។
មិនអាចទាក់ទងលោក ប្រាក់ សាវ៉ន ជាអនុប្រធានប៉ុស្តិ៍រដ្ឋបាលនៅក្នុងឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានទេ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ ប៉ុន្តែលោក អ៊ិន ហាក់ ជាប្រធានប៉ុស្តិ៍រដ្ឋបាលនោះ បានមានប្រសាសន៍ថា អាជ្ញាធរនៅមូលដ្ឋានមិនបានទទួលកិច្ចសហការពីជនរងគ្រោះនោះទេ ហើយសង្ស័យថា វាជារឿងចោទប្រកាន់តែប៉ុណ្ណោះ ពីព្រោះវាជារឿងព្រមព្រៀងគ្នាកន្លងមក។
លោក អ៊ិន ហាក់ មានប្រសាសន៍ដូច្នេះ ៖ «អ្នកនាងហ្នឹងមិនដែលបានមកជួបខ្ញុំបានដោះស្រាយ ឬទទួលពាក្យបណ្ដឹងអត់ទេ មិនបានមកជួបសមត្ថកិច្ច ឬមួយបង្ហាញភស្តុតាង ឬសាក្សីចង្អុលបង្ហាញ ខ្ញុំមិនបានជួបដោះស្រាយ»។
សាក្សីម្នាក់ដែលបានដឹងរឿងចាប់រំលោភនោះ បានមានប្រសាសន៍ថា វាជារឿងចាប់បង្ខំនិងគំរាមកន្លងមក ៖ «ដោយឡែកគាត់បង្ខិតបង្ខំតាំងពីគ្រាដំបូងមក បើគាត់មិនយល់ព្រមគេអារកគាត់ ឬក៏គេបាញ់សម្លាប់គាត់ចោល អ៊ីចឹងបានសមីខ្លួនឈឺចិត្តគាត់ប្ដឹង»។
សូមជម្រាបថា ប្រភពពីជនរងគ្រោះនិងសាក្សីនៅជិតខាងបានឲ្យដឹងថា លោក ប្រាក់ សាវ៉ន ជាអនុប្រធានប៉ុស្តិ៍រដ្ឋបាលនៅក្នុងឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរងការចោទថា លោកបានចាប់រំលោភស្រី្តមេម៉ាយឈ្មោះ ព្រំ សៀ បានសម្រេចចំនួន២លើក កាលពីខែកក្កដា និងខែសីហាកន្លងទៅនេះ ហើយបានប៉ុនប៉ងចាប់រំលោភជាថ្មីទៀត ក្រោយពីជនរងគ្រោះបានផ្តាច់ទំនាក់ទំនងជាមួយនឹងរូបលោក។
អង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលអាដហុក កាលពីថ្មីៗនេះបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយបង្ហាញថា រយៈពេល៥ខែដើមឆ្នាំ២០០៩កន្លងទៅនេះ ករណីចាប់រំលោភសេពសន្ថវៈមានចំនួន២០១ករណី នៅក្នុងនោះ១៣៤ករណី ជនរងគ្រោះក្រោមអាយុ១៨ឆ្នាំ។ បទល្មើសព្រហ្មទណ្ឌនោះ ត្រូវបានសម្រួលជាសំណងរដ្ឋប្បវេណី ដើម្បីបោះបង់ចោលការចោទប្រកាន់នៅគ្រាដែលច្បាប់ប្រទេសកម្ពុជាបានហាមឃាត់ជាដាច់ខាត៕
No comments:
Post a Comment