ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន រដ្ឋសភាបានអនុម័តព្យួរអភ័យឯកសិទ្ធិប្រធានគណបក្សសមរង្ស៊ី និងព័ត៌មានផ្សេងៗដទៃទៀត។
លោក អយុធ្យា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំរាជធានីភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៦ ដល់ ២២ វិច្ឆិកា ឆ្នាំ២០០៩។
លោក អយុធ្យា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំរាជធានីភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៦ ដល់ ២២ វិច្ឆិកា ឆ្នាំ២០០៩។
រដ្ឋសភាអនុម័តព្យួរអភ័យឯកសិទ្ធិលោក សម រង្ស៊ី
សភាជាតិនៃប្រទេសកម្ពុជាបានអនុម័តជាផ្លូវការព្យួរអភ័យឯកសិទ្ធិលោក សម រង្ស៊ី បើទោះបីជាសមាជិកសភាដែលមកពីគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សធ្វើពហិការមិនចូលប្រជុំក៏ដោយ។
នៅថៃ្ងច័ន្ទ ទី១៦ ខែវិច្ឆិកា សភាជាតិនៃប្រទេសកម្ពុជាបានបោះឆ្នោតលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង តាមសំណើរបស់តុលាការខេត្តស្វាយរៀង ដើម្បីបើកផ្លូវឲ្យតុលាការនេះស៊ើបអង្កេតនិងចោទប្រកាន់ក្រោមបទព្រហ្មទណ្ឌ បំផ្លាញទ្រព្យសម្បត្តិសាធារណៈកាលពីពេលថ្មីៗនេះ។
ការចោទប្រកាន់នេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានដកបង្គោលឈើតំណាងឲ្យបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមចោល កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែននោះ ដោយសារតែពលរដ្ឋនៅទីនោះបានប្តឹងលោកអំពីការបោះបង្គោលនោះដែលឲ្យនាំពួកគាត់បាត់បង់ស្រែចម្ការនិងដីធ្លី។
ទាក់ទងករណីលោក សម រង្ស៊ី នេះដែរ បន្ទាប់ពីរដ្ឋសភាបានអនុម័តលើកអភ័យឯកសិទ្ធិរួចមក លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសកម្ពុជា បានជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដើម្បីសាកសួរចម្លើយ និងចោទប្រកាន់ឲ្យបានឆាប់ទាក់ទងបទព្រហ្មទណ្ឌនៃការបំផ្លាញទ្រព្យសម្បតិ្តសាធារណៈដកបង្គោលឈើតំណាងឲ្យបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមកាលពីពេលថ្មីៗ។
សកម្មភាពនេះត្រូវបានលោក សម រង្ស៊ី និយាយថា ស្រុកខ្មែរសព្វថ្ងៃគឺចម្លែកមែនទែន អ្នកដែលស្មោះត្រង់ជាមួយនឹងប្រទេសជាតិ ស្មោះត្រង់ជាមួយនឹងប្រជារាស្រ្ដ បែរទៅជាមានរឿង តែអ្នកដែលធ្វើបាបរាស្ត្រ អ្នកដែលបំផ្លិចបំផ្លាញជាតិ អ្នកដែលលក់ជាតិ បែរទៅជារួចខ្លួននិងមានបុណ្យស័ក្តិថែមទៀត។
សង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជនពិការ
កាលពីថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ដើមសប្តាហ៍នេះ ក្រុមអង្គការតំណាងឲ្យជនពិការនៅកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជនពិការឲ្យបានច្រើនថែមទៀត និងចៀសវាងការរើសអើងជនពិការ បើទោះបីជាប្រទេសកម្ពុជាមានច្បាប់ការពារសិទ្ធិជនពិការហើយក៏ដោយ។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា ហើយដែលរូបលោកជាជនពិការផងនោះ មានប្រសាសន៍ថា គេសង្កេតឃើញថា ជនពិការនៅក្នុងប្រទេសកម្ពុជានៅមានការរើសអើង ជាពិសេសសិទ្ធិជនពិការដែលការពារដោយច្បាប់ហាក់នៅមានការខ្វះចន្លោះនៅឡើយ។
ប្រតិភូគណៈកម្មការអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នៅលើពិភពលោកបច្ចុប្បន្ននេះមានជនពិការចំនួន៦៥០លាននាក់ដែលភាគច្រើនមកពីសហគមន៍ក្រីក្រ។
បើយោងតាមស្ថិតិរបស់ក្រសួងផែនការឆ្នាំ២០០៩នេះបានឲ្យដឹងថា ជនពិការនៅកម្ពុជាគឺមានចំនួន៤% ក្នុងចំណោមប្រជាពលរដ្ឋ១៤លាននាក់នៅទូទាំងប្រទេស។
ទំនិញនាំចូលពីប្រទេសថៃតាមច្រកប៉ោយប៉ែតថយចុះ៣០%
បន្ទាប់ពីចំណងការទូតរវាងកម្ពុជានិងថៃមានការប្រេះស្រាំ ព័ត៌មានពីច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទំនិញគ្រប់ប្រភេទដែលនាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានស្រុតចុះប្រមាណ៣០% បន្ទាប់ពីម្ចាស់ទំនិញនានានៅស្រុកខ្មែរបានកាត់បន្ថយការបញ្ជាទិញ ដោយសារពួកគេមានការភ័យខ្លាចពីវិបត្តិនានារវាងខ្មែរនិងថៃ។
តំណាងក្រុមហ៊ុនឯកជនមួយបានថ្លែងនៅថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ថា ថ្វីត្បិតការដោះដូរពាណិជ្ជកម្មរវាងខ្មែរ-ថៃនៅមានដំណើរការជាធម្មតា ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ម្ចាស់ទំនិញជាច្រើនក្នុងប្រទេសកម្ពុជាបានកាត់បន្ថយការបញ្ជាទិញពី១០០% មកនៅត្រឹម៧០% សម្រាប់មុខទំនិញគ្រប់ប្រភេទ។
តាមតួលេខការដោះដូរទំនិញខ្មែរ-ថៃរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានប្រកាសជាសាធារណៈដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទំនិញគ្រប់ប្រភេទរបស់ថៃដែលនាំចូលមកកម្ពុជាកាលពីឆ្នាំ២០០៨ មានរហូត២.០០០លានដុល្លារ និងទំនិញពីកម្ពុជានាំទៅថៃមានតែ៩០លានដុល្លារប៉ុណ្ណោះ។
អ្នកជំនួយត្អូញត្អែរពីបញ្ហាស្រូវមិនសូវសំបូរ
អ្នកជំនួញស្រូវបានត្អូញត្អែរថា នៅដើមរដូវកំពុងប្រមូលផលនេះ ទិន្នផលស្រូវឆ្នាំនេះមិនសូវសំបូរដូចឆ្នាំមុនដែលធ្វើឲ្យតម្លៃស្រូវថ្លៃជាងមុនបន្តិច។
នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា តាមការស្រាវជា្រវ ទិន្នផលស្រូវឆ្នាំនេះអាចប្រហាក់ប្រហែលនឹងឆ្នាំមុន គឺប្រមាណ៧លានតោន ដោយសារភ្លៀងធ្លាក់ដើមដៃល្អធ្វើឲ្យកសិករពង្រីកផ្ទៃដីដាំស្រូវដើមដៃច្រើនហិកតារជារៀងរាល់ឆ្នាំ។
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
ក្រោយពីតុលាការសាលាដំបូងបានផ្តន្ទាទោសអ្នកសារព័ត៌មានម្នាក់ឈ្មោះ រស់ សុឃិត ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយសារផ្ញើសារទៅលោក សយ សុភាព អ្នកធ្វើអត្ថាធិប្បាយរបស់ទូរទស្សន៍ស៊ី.ធី.អិន មកដល់ពេលនេះមេធាវីរបស់លោក រស់ សុឃិត កំពុងដាក់ពាក្យបណ្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀត។
ប្រភពពីមេធាវីបានអះអាងថា ពួកគេបានបន្តរឿងក្តីដោយប្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក រស់ សុឃិត បន្តទៀត។
លោក សុខ ដារ៉ា មេធាវីរបស់អ្នកកាសែតដែលត្រូវគេប្តឹងដាក់គុកថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ លោកថា ការផ្ញើសារសួរនាំអំពីព័ត៌មាន គ្មានមូលហេតុអ្វីដែលនាំឲ្យដាក់គុកមនុស្សនោះឡើយ ហើយការផ្ដន្ទាទោសនេះគឺជាការគំរាមទៅដល់សិទ្ធិមនុស្សទាំងស្រុង ដែលញ៉ាំងឲ្យពលរដ្ឋដទៃទៀតខ្លាច។
អ្នកកើតជំងឺផ្ដាសាយA(H1N1)នៅកម្ពុជាកើនដល់៤៤៤នាក់
មន្រ្តីជំនាញផ្នែកសុខភាពនៅកម្ពុជាបានឲ្យដឹងថា មានការកើនទ្បើងយ៉ាងឆាប់រហ័សនៃជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បន្ថែមទៀតហើយ ដែលគិតមកដល់សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកកើតជំងឺផ្ដាសាយថ្មីនេះកើនឡើងដល់៤៤៤នាក់។
សប្តាហ៍កន្លងទៅគឺមានចំនួន៣៩៤នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយសារជំងឺនេះនៅមានចំនួនតែ៤នាក់ដដែល។
លោក លី សូវ៉ាន់ អនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ ថា រដូវត្រជាក់កំពុងបានឈានមកដល់ ដូច្នេះជំងឺផ្តាសាយ A(H1N1) ងាយនឹងឆ្លងរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕
No comments:
Post a Comment