លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងពុធ ទី១៩ ខែសីហា ថា សមត្ថកិច្ចរបស់លោកកំពុងតែបើកកិច្ចស្រាវជា្រវហើយនាពេលនេះ ដោយមិនទាន់អាចសន្និដ្ឋានបានថា មុខសញ្ញានៃជនសង្ស័យនោះជាក្រុមណាទេ។
លោកបានបន្តថា ៖ «ខ្ញុំដំណើរការស្រាវជ្រាវ បើសិនជារកឃើញខ្ញុំនឹងបញ្ជូនគាត់ទៅតុលាការដើម្បីចាត់ការ។ ប្រជាជនគាត់មើលឃើញនឹងភ្នែក គាត់មិនជឿទៅលើជនអគតិមួយចំនួនដែលបំភ្លៃការពិតអ៊ីចឹងទេ»។ ប្រភពដដែលបានបញ្ជាក់ថា ត្រាក់នោះមានចំនួនច្រើនដុំដែលប្រជាពលរដ្ឋបានប្រទះឃើញនិងបានប្រគល់ឲ្យសមត្ថកិច្ច។ ត្រាក់នេះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៤ជិតភ្លឺនៅក្នុងខណ្ឌដូនពេញ។
ផ្អែកតាមប្រភពបានឲ្យដឹងថា ត្រាក់នោះគឺមានរូបថតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានខ្លឹមសារសរសេរអក្សរថា នេះគឺជាមេដឹកនាំ ផ្តាច់ការនៃប្រទេសកម្ពុជាដែលជាកញ្ជះដាច់ថៃ្លរបស់អាយ៉ងយួន។
នៅក្នុងចំណុចសំខាន់នៃឃ្លានានាជាច្រើននិងមានខ្លឹមសារសរសេរជាអក្សរថា "ខ្ញុំមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ គឺពូជខែ្មរសាងអង្គរ។ ខ្ញុំនឹកឃើញយុគសម័យប្រទេសខែ្មរដ៏រុងរឿងល្បីល្បាញ ខ្ទរខ្ទារទូទាំងពិភពលោក តែពេលនេះរលាយអស់ហើយ ដោយសារតែរបបផ្តាច់ការរបស់រដ្ឋាភិបាលសព្វថៃ្ងនេះ។ អំពើពុករលួយនិងការឈ្លានពានពីសំណាក់យួន ហាណូយ នៅថៃ្ងទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយប្រើពាក្យថា វាមករំដោះកូនខែ្មរនិងរំដោះប្រជាជនខែ្មរ"។ ត្រាក់នោះបានដាក់ឈ្មោះថា ប៉ាន់ សុវណ្ណី, កុស ឯវុទ្ធី, កឹម សុភ័ក្រ្ត, ជា សុជាប និង ជឹម ធឿន។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍ថា លោកសង្ស័យថាវាជាលេសអ្វីមួយ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «អត់មានពាក់ព័ន្ធអីនឹងគណបក្សសមរង្ស៊ីទេ និយាយឲ្យមែនទែនទៅ បើសិនជានរណាគេចង់ចោទប្រកាន់អីគ្មានការពាក់ព័ន្ធអីទាំងអស់ ពីព្រោះនេះជាឆាកល្ខោនមួយដែលគេរៀបចំឡើងសម្រាប់លេងសើច គេចង់ចោទប្រកាន់ ប៉ុន្តែគ្មានពាក់ព័ន្ធទេ»។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ បានមានប្រសាសន៍ថា ៖ «យើងក៏មិនទាន់ដឹងថា បញ្ហាទាំងអស់នេះចេញមកពីអ្នកណាម្នាក់ទេ។ អ៊ីចឹងគួរតែធ្វើការស៊ើបអង្កេតរកអ្នកដែលបង្កើតនូវបញ្ហាទាំងអស់នេះ»។
សូមជម្រាបថា កាលពីដើមឆ្នាំ២០០៩កន្លងទៅនេះ សមត្ថកិច្ចរបស់អគ្គស្នងការនគរបាលជាតិកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួនប្រមាណ៦នាក់ ក្រោមបទចោទថាបានដាក់បង្កៃគ្រាប់បែកច្នៃចំនួន២គ្រាប់មិនទាន់ផ្ទុះ នៅខាងមុខទីស្តីការគណៈរដ្ឋមន្រ្តី និងនៅក្បែរស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករា ដើមឆ្នាំ២០០៩ កន្លងទៅនេះ នៅមុនពេលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានបា្ររព្ធខួបលើទី៣០ឆ្នាំ នៃថៃ្ងរំដោះ ៧មករា ពីរបបខែ្មរក្រហមនោះ៕
No comments:
Post a Comment