ការិយាល័យរបស់អង្គការសហប្រជាជាតិខាងសិទ្ធិមនុស្សនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ ទី៥ ខែសីហា ចាត់ទុកថា សាលក្រមរបស់តុលាការក្រុងភ្នំពេញដែលផ្តន្ទាទោសលោកស្រី មូរ សុខហួរ ហាក់ដូចជាមិនស្របតាមធម្មនុញ្ញនិងបទដ្ឋានជាអន្តរជាតិស្តីពីសេរីភាពក្នុងការសម្តែងមតិនោះទេ។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនៃឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិនេះ គឺបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសមរង្ស៊ីត្រូវតុលាការក្រុងភ្នំពេញសម្រេចឲ្យលោកស្រីចាញ់ក្តី និងបង់ប្រាក់ផាកពិន័យចំនួន១៦លាន៥សែនរៀលក្នុងរឿងក្តីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា វាជាការមិនត្រឹមត្រូវទេដែលអង្គការសហប្រជាជាតិថ្លែងថា កម្ពុជាប្រើប្រព័ន្ធតុលាការដើម្បីកម្រិតសេរីភាពនៃការបញ្ចេញមតិនោះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ៖ «មើលករណីទាំងពីរទាំងបីនេះ គឺមិនមែន ការបញ្ចេញមតិទេ។ គឺទី១ រវាងករណីរបស់លោកជំទាវ មូរ សុខហួរ មិនមែនជាការបញ្ចេញមតិទេ ជាការវាយប្រហារ ជាការកៀរគរមតិអន្តរជាតិឬមតិ ជាតិ ក្នុងការវាយប្រហារមកលើសម្ដេច ហ៊ុន សែន»។
លោក ផៃ ស៊ីផាន ថ្លែងបន្តថា ការដែលអង្គការសហប្រជាជាតិអាចធ្វើសេចក្តីថ្លែងការណ៍បាននេះ គឺមានន័យបញ្ជាក់និងបង្ហាញថា កម្ពុជាបើកសិទ្ធិសេរីភាពពេញលេញឲ្យមានការបញ្ចេញមតិ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ក៏ប៉ុន្តែសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់មិនអាចទៅរំលោភលើបុគ្គលម្នាក់ទៀតទេ។ ទី២ តុលាការហ្នឹងនីតិរដ្ឋត្រឹមត្រូវ យើងមានចៅក្រមរបស់យើង យើងមានមេធាវីរបស់យើងដើម្បីមកអនុវត្តនីតិរដ្ឋនេះឯង»។
ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សសមរង្ស៊ីគឺលោកតំណាងរាស្ត្រ យឹម សុវណ្ណ ថ្លែងថា សាលក្រមថ្មីៗនេះគឺបង្ហាញយ៉ាងច្បាស់អំពីភាពមិនឯករាជ្យរបស់តុលាការខ្មែរ ហើយបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះគឺកម្ពុជាទាំងមូល។
លោក យឹម សុវណ្ណ បានថ្លែងថា ៖ «រឿងលោកជំទាវ មូរ សុខហួរ វាជារឿងមួយ ប៉ុន្តែ រឿងធំជាងនេះទៅទៀត គឺរឿងប្រជាពលរដ្ឋខ្មែរត្រូវតែរងគ្រោះដោយសារប្រព័ន្ធតុលាការនេះ គឺរឿងដែលអន្តរជាតិ អ្នកវិនិយោគទុនល្អៗដែលមានលុយ រាប់រយរាប់ពាន់លានដុល្លារ គេមិនហ៊ានមករកស៊ីទេ។ ដូច្នេះរឿងផលប្រយោជន៍ប្រទេសជាតិយើង កិត្តិយសប្រទេសជាតិយើង ប៉ះពាល់ធំបំផុតដោយសារតែប្រព័ន្ធតុលាការមិនមានភាពឯករាជ និងមិនកាត់សេចក្ដីទៅតាមគតិយុត្តិធម៌នេះឯង»។
សូមជម្រាបថា សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងអំពីសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារនិងផាកពិន័យជាប្រាក់ក្នុងករណីលោក មឿង សុន ជាប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ និងលោក ហង្ស ចក្រា ជានិពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក ផងដែរ ថា ផលប៉ះពាល់នៃការផ្តន្ទាទោសនោះគឺអាចនាំឲ្យសាធារណជនលែងហ៊ានជជែកពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងផលប្រយោជន៍សាធារណៈក៏ដូចជាកាត់បន្ថយកម្រិតសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា៕
No comments:
Post a Comment