កន្លងមកមានសេចក្តីរាយការណ៍ថា ប្រទេសកម្ពុជាជំពាក់ប្រាក់បរទេសរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គឹមពៅ ៖ ខ្ញុំទទួលបានដំណឹងថា ឯកឧត្ដមទើបនឹងបានទទួលនូវឯកសារមួយស្ដី អំពីកម្ពុជា ដែលជំពាក់បំណុលគេ។ តើមកដល់ពេលនេះឯកឧត្ដមអាចឲ្យដឹងថា កម្ពុជាយើងជំពាក់បំណុលគេប៉ុន្មានទៅហើយ ហើយជាពិសេសយើង ជំពាក់ប្រទេសណាខ្លះ?
សុន ឆ័យ ៖ យើងបានទទួលលិខិតផ្លូវការ លិខិតនេះផ្ញើមករដ្ឋសភាតាំងតែ ពីខែ ធ្នូ ឆ្នាំ ២០០៨។ ក្នុងរបាយការណ៍គឺមានការបញ្ជាក់ពីការជំពាក់លុយបរទេស គឺមានចំនួន ២.៦៩៣លានដុល្លារសហរដ្ឋអាមេរិក។ ហើយបើយើងគិត មកដល់ពេលនេះ គិតតាមតួលេខដែលប៉ាន់ស្មាន ថាប្រហែលជា ៣ពាន់លាន(ដុល្លារ)ហើយ ដែលយើងជំពាក់បរទេស។ ហើយទឹកប្រាក់នេះ គឺជាទឹកប្រាក់មួយដែលខ្ញុំមានការព្រួយបារម្ភ ថាអាចនឹងផ្ដល់ស្ថានភាពមួយដែលខាងផ្នែកស្ថានប័នហិរញ្ញវត្ថុអន្តរជាតិ គេប្រហែលជាបន្តិចទៀត គេឈប់ឲ្យយើងខ្ចីទៀតហើយ ពីព្រោះវាដល់កម្រិតមួយដែលគេមិនជឿជាក់ថាយើងនឹងអាចសងគេបាន។
គឹមពៅ ៖ ខ្ញុំចង់ជម្រាបសួរឯកឧត្ដមបន្តទៀត អំពីរឿងដែលយើងខ្ចីបុលគេ មកទល់ថ្ងៃហ្នឹងមានចំនួនដល់តែជាង ៣ពាន់លាន(ដុល្លារ) បើប្រៀបធៀបទៅនឹងការអភិវឌ្ឍនៅក្នុងស្រុកហ្នឹងវាសមរម្យទេ?
សុន ឆ័យ ៖ យើងឃើញថាមានអំពើពុករលួយទៅលើប្រាក់ដែលយើងខ្ចីនេះ ព្រោះប្រាក់ខ្ចីហើយនិងប្រាក់ដែលយើងទទួលអំណោយវាមានលក្ខណៈខុសគ្នា។ អំណោយដែលគេមិនទារយកវិញនោះ គឺគេមានក្រុមតាមមើលគុណភាពពេលខ្លះដែរ ដូចជាការសង់ស្ពានជ្រោយចង្វា។ ឯលុយកម្ចី គឺដោយសារយើងជាអ្នកខ្ចី ហើយយើងយកមកធ្វើការសាងសង់ដោយខ្លួនយើង យើងឃើញថាមិនមានគុណភាពទេ។ ហើយគុណភាពផ្លូវបើយើងប្រៀបធៀបនឹងសហរដ្ឋអាមេរិក ដែលគេធ្វើមានតម្លៃប្រហាក់ប្រហែលគ្នា ផ្លូវគេអាចមានការធានាយ៉ាងតិចណាស់ក៏ ៣០ឆ្នាំដែរក្នុងការប្រើប្រាស់។ ប្រទេសយើង ផ្លូវខ្លះគឺមានអាយុបាន ២ឆ្នាំ ខ្លះស្ទើរតែមួយឆ្នាំឃើញខ្ទេចខ្ទីអស់ ហើយជាបញ្ហាដែលយើងថាបន្តិចទៀត ខ្ញុំបានជម្រាបខាងដើម គេលែងឲ្យយើងខ្ចី ហើយយើងអស់មានលទ្ធភាពខ្ចី គឺយើងនៅតែអត់មានផ្លូវប្រើប្រាស់ លុយក៏យើងជំពាក់គេថែមទៀត។ ឆ្នាំ ១៩៩៧ គេថាបើរដ្ឋាភិបាលចង់បានលុយ ឬខ្ចីលុយគេ សភាទាមទារថាឲ្យធ្វើគម្រោងឲ្យសភាមើល តើសង់អីពិតប្រាកដ? តើត្រឹមត្រូវឬទេ? ប៉ុន្តែក្រោយឆ្នាំ ១៩៩៧ មក រដ្ឋាភិបាលថាពិបាកណាស់ទម្រាំបានសិទ្ធិពីសភា ម៉្លោះហើយសុំឲ្យជាកញ្ចប់ ហើយកញ្ចប់នេះធ្វើឲ្យរដ្ឋាភិបាលអត់ត្រូវការសួរសភាទេ គឺលោកត្រូវបែងចែកខ្ចីគេអីទាក់ទងយកទៅសម្បើមណាស់។
គឹមពៅ ៖ ឯកឧត្ដម តើប្រាក់កម្ចីទាំងអស់ហ្នឹង តើយើងចាំបាច់ត្រូវតែសងគេ ឬ ទេ?
សុន ឆ័យ ៖ យើងត្រូវតែសងគេ។ យើងឃើញហើយប្រទេសទាំងឡាយដែលគេធ្លាប់ឲ្យលុយយើងខ្ចីពីដើមមក ក្រោយមកនៅពេលដែលយើងជួបប្រទះនូវសង្រ្គាម ការប្រល័យពូជសាសន៍អីហ្នឹង មានប្រទេសខ្លះគេអនុគ្រោះឲ្យយើង ដោយសារថាយើងមានបញ្ហាហ្នឹង។ ឯប្រទេសខ្លះគេមាននយោបាយគេតឹងរ៉ឹងណាស់ មាន យូកូស្លាវី ថ្ងៃមុនគាត់មកទារត្រង់ៗតែម្ដង។ ហើយខ្ញុំមិនជឿថា ចាប់ពីឆ្នាំ ១៩៩៣ មក លុយដែលជំពាក់គេប្រហែលគេមិនអនុញ្ញាតឲ្យយើងទៅងាយស្រួលទេ ដោយសារយើងមានធនធានធម្មជាតិដែលគេសម្លឹងឃើញ។ យើងឃើញហើយការឲ្យលុយខ្ចី កម្រិតនៃការឲ្យលុយខ្ចី សព្វថ្ងៃវាលើសកម្រិតដែលយើងអាចមានលទ្ធភាពសងហើយ បើប្រៀបធៀបទៅនឹងប្រាក់ផលិតផលសរុបក្នុងស្រុក ដែលភាសាកាត់ថា ផ.ស.ស ឬភាសាអង់គ្លេសថា GDP នោះ។
គឹមពៅ ៖ សូមជម្រាបសួរឯកឧត្ដមថា តើនរណាទទួលខុសត្រូវក្នុងរឿងសងគេត្រឡប់ទៅវិញហ្នឹង?
សុន ឆ័យ ៖ រឿងហ្នឹងជាបន្ទុករបស់ពលរដ្ឋ។ រដ្ឋាភិបាលអាចផ្លាស់ប្ដូរបាន ដូចយើងឃើញហើយ លុយដែលរុស្ស៊ីទារយើងហ្នឹង ខ្ចីតាំងពីរបបមុនម្ល៉េះ មិនត្រឹមតែរដ្ឋាភិបាលទេ និយាយពីរបបទៅទៀត។ នេះជាការបង្ហាញថានរណាសង? មិនមែនរដ្ឋាភិបាលលើកមុននោះសងឯណា ពលរដ្ឋហ្នឹងហើយដែលជាអ្នកសង។ ដូច្នេះបានជាខ្ញុំបែងចែកទៅពលរដ្ឋហ្នឹង ខ្ញុំថា ៣០០ដុល្លារសហរដ្ឋអាមេរិក ក្នុងម្នាក់ដែលជំពាក់គេ ហ្នឹងត្រូវដឹង ហើយសូមឲ្យយើងដែលទាំងរដ្ឋាភិបាល ទាំងពលរដ្ឋហ្នឹង គឺថាត្រូវចូលរួមគ្នាពិនិត្យ។
គឹមពៅ ៖ ជុំវិញប្រាក់បំណុលដែលកម្ពុជា ជំពាក់គេច្រើន តើឯកឧត្ដមក្នុងនាមជាតំណាងរាស្រ្ដមួយរូបហ្នឹង គ្រោងនឹងមានផែនការអ្វីទេ?
សុន ឆ័យ ៖ ដូចបានជម្រាបបន្តិចមុនថា ខ្ញុំនឹងធ្វើលិខិតអញ្ជើញឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកឆ្លើយបំភ្លឺនៅរដ្ឋសភា។ ទី១ គឺឲ្យគាត់បញ្ជាក់មក តើរដ្ឋាភិបាលនៅមានគម្រោងខ្ចីបុលគេប៉ុន្មានទៀតទៅអនាគតហ្នឹង? ដើម្បីឲ្យយើងត្រៀមខ្លួនផង។ តើយើងម្នាក់ៗ ដូចខ្ញុំបានជម្រាបហ្នឹង ឥឡូវម្នាក់ៗ ទាំងខ្ញុំ ទាំងពលរដ្ឋនៅស្រែចម្ការដែលមិនដែលឃើញលុយដុល្លារសោះហ្នឹង ជំពាក់គេជាង ៣០០(ដុល្លារ)ម្នាក់ហើយ។ ឥឡូវយើងចង់ដឹងថា ប្រុងត្រៀមប៉ុន្មានទៀត? ហើយយើងនឹងទៅជាអ្នកជំពាក់គេហ្នឹងប៉ុន្មាន? ហើយចង់បញ្ជាក់លទ្ធភាពរបស់យើងផង ក្នុងការប្រមូលធនធាន ហើយកាត់បន្ថយការរំពឹងតែទៅលើជំនួយ ការខ្ចីបុល តើយើងអាចមានវិធានការអីទេ? ដូច្នេះបានជាថាចៀសវាងកុំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភក់ជ្រាំដ៏លំបាកទៅអនាគត។
ហើយកូនចៅយើងត្រូវសងបំណុលគេមិនចេះចប់ហ្នឹង ការយល់របស់ខ្ញុំ ថាត្រូវតែពង្រឹងវិស័យការពារ ប្រឆាំងនឹងអំពើពុករលួយឲ្យបានឆាប់ ហើយធ្វើយ៉ាងម៉េចឲ្យគម្រោងនៃលុយកាក់ដែលយើងអាចនៅខ្ចីគេបាន ឬក៏លុយកាក់ដែលយើងយកទៅកសាងសមិទ្ធផលហ្នឹង ធ្វើម៉េចឲ្យមានគុណភាព ធានាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងឲ្យបានត្រឹមត្រូវ ទុកឱកាសឲ្យអ្នកដឹកនាំក្រោយគេមានលទ្ធភាពទៅខ្ចីបុលមកប្រើប្រាស់ផង៕
ហើយកូនចៅយើងត្រូវសងបំណុលគេមិនចេះចប់ហ្នឹង ការយល់របស់ខ្ញុំ ថាត្រូវតែពង្រឹងវិស័យការពារ ប្រឆាំងនឹងអំពើពុករលួយឲ្យបានឆាប់ ហើយធ្វើយ៉ាងម៉េចឲ្យគម្រោងនៃលុយកាក់ដែលយើងអាចនៅខ្ចីគេបាន ឬក៏លុយកាក់ដែលយើងយកទៅកសាងសមិទ្ធផលហ្នឹង ធ្វើម៉េចឲ្យមានគុណភាព ធានាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងឲ្យបានត្រឹមត្រូវ ទុកឱកាសឲ្យអ្នកដឹកនាំក្រោយគេមានលទ្ធភាពទៅខ្ចីបុលមកប្រើប្រាស់ផង៕
No comments:
Post a Comment