យ៉ាងហោចណាស់ មានក្មេង៣នាក់នៅភូមិតែមួយបានស្លាប់ភ្លាមៗ និងកេ្មងប្រុសម្នាក់ទៀត បានរងគ្រោះធ្ងន់ដោយសាររន្ទះបាញ់ទម្លាក់ពីលើដើមឈើ ខណៈដែលក្មេងៗទាំង៤នាក់ បានឡើងបេះផ្លែដង្កោ នៅមុនពេលមេឃភ្លៀងបន្តិចក្នុងខេត្តបាត់ដំបង។
មេឃុំរបស់មង្គល លោក ទូច ហឹម បានថ្លែងប្រាប់នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់ខាងលើបានកើតឡើង កាលពីរសៀលម៉ោង ៣ និង ៣០នាទី នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០០៩ នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក ទូច ហឹម មានប្រសាសន៍ដូច្នេះថា ៖ «បាញ់មុនភ្លៀង គ្រាន់តែចាប់រលឹមតិចៗមក រន្ទះមកបណ្តោយ ម៉ោងប្រហែលជា ៣កន្លះ ហើយក្មេងហ្នឹងវាទៅឡើងបេះផ្លែដង្កោ ឡើងទៅ ៤នាក់ ដល់ពេលរន្ទះបាញ់ទៅ វាងាប់បីនាក់ធ្លាក់មក ម្នាក់នៅរស់យកទៅមន្ទីរពេទ្យ»។
លោកបន្តថា ក្មេងទាំងបីនាក់នោះ មានឈ្មោះ ឃាន ខុន ភេទស្រី អាយុ ១៤ឆ្នាំ ឈ្មោះ សៀក សុខ ចាន់ ភេទស្រី អាយុ១៤ឆ្នាំ ឈ្មោះ ខេង ទា អាយុ ៨ឆ្នាំ ស្លាប់ និង ឈ្មោះ ហាត ហឿន ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី។
លោកបន្តថា ក្មេងប្រុសស្រីទាំង៤នាក់ មានលំនៅនៅភូមិព្រៃព្រំ១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ជាមួយគ្នា។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឲ្យដឹងថា កន្លងមក ខាងមន្ទីរនិងអង្គការ Jica របស់ជប៉ុន បានសហការគ្នាដោយបានបោះពុម្ពសៀវភៅយល់ដឹងពីគ្រោះថ្នាក់ដោយសាររន្ទះបាញ់នេះ។ ហើយសៀវភៅទាំងនោះ បានផ្តល់ទៅឲ្យអាជ្ញាធរមូលដ្ឋានដើម្បីអប់រំប្រជាពលរដ្ឋឲ្យចេះការពារខ្លួននៅពេលមានមេឃភ្លៀងផ្គរ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៖ «ពេលភ្លៀង យើងគួរកុំចេញទៅក្រៅផ្ទះសម្បែង ប្រជាជនយើងភាគច្រើន ពេលភ្លៀងពេលអី គាត់លេងក្មេងៗច្រើនជិះលេង តាមផ្ទះទីធ្លាមានទឹកដក់ ពេលភ្លៀងយើងមិនគួរណាបណ្តោយអ៊ីចឹងទេ សត្វពាហនៈក៏អ៊ីចឹងដែរ គេឲ្យចូលទីណាមានជម្រកបាំងជិតកុំឲ្យខ្លួនយើង កាលណាមានផ្លេកបន្ទោរ រន្ទះអីអ៊ីចឹងទៅ វាឆ្លងតាមរយៈទឹកភ្លៀងដែលយើងជាន់អីហ្នឹង»។
អាជ្ញាធរមូលដ្ឋានឃុំរបស់មង្គលបានឲ្យដឹងទៀតថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០០៩ បុរសម្នាក់ ឈ្មោះ ប៊ុន ឆោម អាយុ៥៧ឆ្នាំ រស់នៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ក៏ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈធ្វើដំណើរត្រឡប់មកពីធ្វើសែ្រវិញ។
ចំណែកឯមេឃុំជ្រោយស្ដៅ ជាមួយគ្នានេះដែរ កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា បុរសពីរនាក់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏ទទួលរងគ្រោះស្លាប់ដោយសាររន្ទះបាញ់។
ជនរងគ្រោះត្រូវបានរន្ទះបាញ់ស្លាប់ ខណៈដែលកំពុងអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះ និងម្នាក់ទៀត ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈដែលកំពុងបើកបរម៉ាស៊ីនគោយន្តច្នៃទៅវាលស្រែ។
ប្រភពដដែលបានបន្ថែមឲ្យដឹងថា នៅក្នុងខេត្តបាត់ដំបង គិតថ្ងៃសៅរ៍ ខែមេសាដើមឆ្នាំ រហូតដល់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០០៩ មានប្រជាពលរដ្ឋក្នុងខេត្តចំនួន ៦នាក់ហើយ ដែលរងគ្រោះដោយសាររន្ទះបាញ់៕
No comments:
Post a Comment