អាជ្ញាធរនៅខេត្តភាគឦសានប្រទេសជាប់តាមដងទន្លេមេគង្គបានឲ្យដឹងថា ឆ្នាំនេះពុំមានមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ឡើយ ហើយផលដំណាំក៏ប៉ះពាល់តិចជាងឆ្នាំទៅដែរ បើទោះបីជាទឹកទន្លេមេគង្គមានការជន់ជោរខ្ពស់ជាងឆ្នាំទៅក៏ដោយ។
អភិបាលខេត្តស្ទឹងត្រែង គឺលោក ឡូយ សូផាត បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គឆ្នាំនេះមានភាពធំជាងឆ្នាំទៅ ដោយទឹកបានឡើងហួសកំណត់ត្រូវប្រកាសអាសន្នដែលគេកំណត់ត្រឹម១១ម៉ែត្រ ហើយឡើងដល់ទៅជា១២ម៉ែត្រកាលពីថ្ងៃទី៥ សីហា ដែលធ្វើឲ្យលិចភូមិមួយចំនួនក្នុងស្រុកសៀមប៉ាង។
អភិបាលខេត្តស្ទឹងត្រែង គឺលោក ឡូយ សូផាត បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គឆ្នាំនេះមានភាពធំជាងឆ្នាំទៅ ដោយទឹកបានឡើងហួសកំណត់ត្រូវប្រកាសអាសន្នដែលគេកំណត់ត្រឹម១១ម៉ែត្រ ហើយឡើងដល់ទៅជា១២ម៉ែត្រកាលពីថ្ងៃទី៥ សីហា ដែលធ្វើឲ្យលិចភូមិមួយចំនួនក្នុងស្រុកសៀមប៉ាង។
លោក ឡូយ សូផាត បានមានប្រសាសន៍ថា ៖ «ទឹកហ្នឹងវាលិចច្រើនគួរសមដែរ ប៉ុន្តែទឹកហ្នឹងវាស្រកទៅវិញលឿន។ ការខូចខាតយើងឃើញមានខូចស្រូវ... លិចដល់ទៅជាង៤០០ហិកតារមែន ប៉ុន្តែវាខូចមិនលើសពី១០%ឬ១០%ជាងតែប៉ុណ្ណឹង»។
លោកអភិបាលខេត្ត ឡូយ សូផាត បានបញ្ជាក់បន្ថែមថា ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ហើយពេលនេះលោកកំពុងត្រួតពិនិត្យដីស្រែដែលលិចទឹកដើម្បីសង្គ្រោះ។
នៅឯខេត្តក្រចេះវិញ ក្នុងរយៈកាលទឹកជំនន់កន្លងទៅត្រូវបានលោក ធុន គ្រី អភិបាលរងខេត្ត ឲ្យដឹងថា ទឹកមានសភាពធំជាងឆ្នាំទៅមែន តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វនិងបំផ្លាញដំណាំកសិផលឡើយ។
លោក ធុន គ្រី បានបញ្ជាក់ថា ៖ «ទឹកឡើង វាប៉ះពាល់ការលិចលង់ដែរ ប៉ុន្តែវាអត់មានផលប៉ះពាល់ដល់រលួយដំណាំអីអត់ទេ បើរយៈពេលខ្លី ព្រោះតាមរបាយការណ៍តាមបណ្ដាស្រុក ក៏ដូចជាការពិនិត្យទៅតាមកន្លែងដែលធ្លាប់រងការលិចលង់ហ្នឹងដែរ»។
លោក ឈន ម៉ាគីលីន មន្ត្រីធនធានទឹកខេត្តក្រចេះបានឲ្យដឹងថា កាលពីឆ្នាំទៅទឹកឡើងខ្ពស់បំផុតមានត្រឹមតែ២០,៤៥ម៉ែត្រ តែឆ្នាំនេះទឹកហាក់ដូចជាមានកម្ពស់ដល់ទៅ២០,៤៨ម៉ែត្រ តែក៏នៅតែពុំទាន់ដល់កម្រិតប្រកាសភាពអាសន្នគឹ ២១ម៉ែត្រនោះឡើយដែរ ហើយនៅថ្ងៃអាទិត្យ ទី២៣ សីហា ទឹកក៏បានស្រកនៅត្រឹមកម្ពស់១៧,២៤ម៉ែត្រ ដែលលោកថាជាការស្រកលឿនជាងឆ្នាំទៅ។
លោក ឈន ម៉ាគីលីន បានឲ្យដឹងថា ៖ «ឆ្នាំទៅវាឡើងតែ២០,៤៥ម៉ែត្រទេ ថ្ងៃ១៣។ រួចដល់ពេលអានេះវានៅក្នុងដូចដើមខែ៨ហ្នឹងដូចគ្នា ២០,៤៨(ម៉ែត្រ) គ្រាន់តែសភាពដែលវាស្រកហ្នឹងវាលឿនជាងឆ្នាំទៅ។ ឆ្នាំទៅដល់ថ្ងៃនេះវានៅត្រឹមកម្រិត១៩ម៉ែត្រជាង វានៅខ្ពស់ជាងឆ្នាំនេះ ឆ្នាំនេះ ថ្ងៃនេះ វា១៧,២៤(ម៉ែត្រ)»។
ការស្រកចុះលឿននៃទឹកទន្លេមេគង្គបែបនេះនាំឲ្យមានការព្រួយបារម្ភពីសំណាក់អាជ្ញាធរខេត្តក្រចេះ ដោយខ្លាចក្រែងកើតមានគ្រោះរាំងស្ងួតក្នុងមុខរបររបស់អ្នកស្រុកទៅវិញបន្ទាប់ពីគេសង្កេតឃើញភ្លៀងរាំងជាច្រើនថ្ងៃមក៕
No comments:
Post a Comment