នៅចុងសបា្ដហ៍ទីមួយនៃខែកញ្ញានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជានឹងដឹកនាំមន្ត្រីរាជការនៃក្រសួងព័ត៌មានទៅធ្វើបុណ្យនៅខេត្តមួយក្នុងទឹកដីកម្ពុជាក្រោម។
រដ្ឋាភិបាលកម្ពុជាមានគ្រោងបញ្ជូនជាលើកដំបូងនូវប្រតិភូចំនួន១៥០នាក់ នៅថៃ្ងទី៥ ខែកញ្ញា ខាងមុខនេះ ទៅកាន់ខេត្តត្រាវិញ ហៅជាភាសាវៀតណាម និងដែលកំពុងកាន់កាប់ដោយប្រទេសវៀតណាម ឬហៅថា ខេត្តព្រះត្រពាំង អតីតទឹកដីខែ្មរកម្ពុជាក្រោម សម្រាប់រយៈពេល២ថៃ្ង នៅដើមខែកញ្ញា ដើម្បីចូលរួមកាន់បិណ្ឌនៅទីនោះនិងសែ្វងយល់អំពីការពិតអំពីស្ថានភាពរស់នៅរបស់គ្រួសារខែ្មរកម្ពុជាក្រោមនៅទីនោះ។
លោក ខៀវ កាញារីទ្ធ ជាមន្រ្តីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជានិងជារដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរនោះ ដែលនឹងដឹកនាំប្រតិភូចំនួន១៥០នាក់ ទៅកាន់អតីតទឹកដីខែ្មរកម្ពុជាក្រោមនាពេលខាងមុខនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងច័ន្ទ ទី៣១ ខែសីហា ថា យើងទៅកាន់បិណ្ឌនៅក្នុងវត្តចំនួន២ គឺវត្តអង្គរបុរី និងវត្តកំពង់ឈូក នៅក្នុងខេត្តត្រាវិញ ឬខេត្តព្រះត្រពាំងដែលមានចំណាស់ជាង ១.០០០ឆ្នាំមកហើយ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «យើងចង់រៀបចំជាពិធីកាន់បិណ្ឌមួយ ដោយមន្រ្តីរាជការក្រសួងព័ត៌មានហ្នឹង ហើយក៏មានអ្នកកាសែតទូរទស្សន៍ទាំងអស់មួយចំនួនធំនៅប្រទេសកម្ពុជាយើង ដើម្បីទៅផ្សាភ្ជាប់និស្ស័យផង ក៏ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកផង។ យើងចង់ឲ្យប្រជាជនខ្មែរកម្ពុជាក្រោមយល់ថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយអំពីស្ថានភាពរបស់បងប្អូននៅកម្ពុជាក្រោម»។
លោកបានមានប្រសាសន៍បញ្ជាក់ថា ការចាកចេញដំណើរនឹងចាប់ផ្តើមនៅព្រលឹមថៃ្ងសៅរ៍ ទី៥ ខែកញ្ញា និងវិលត្រទ្បប់មកវិញនៅថៃ្ងអាទិត្យ ទី៦ ខែកញ្ញា តាមរយៈរថយន្តធំចំនួន៣គ្រឿង ចេញពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះត្រពាំងនោះ។
ព្រះភិក្ខុ ថាច់ វិមាន ជាអ្នកនាំពាក្យនៃសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកប្រចាំនៅក្នុងប្រទេសកម្ពុជា បានមានពុទ្ធដីកាស្វាគមន៍ថា វាជាសញ្ញាល្អនៃការយកចិត្តទុក្ខដាក់របស់រដ្ឋាភិបាលកម្ពុជា ដោយព្រះអង្គបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាទៅធ្វើទស្សនកិច្ចដូចគ្នានេះនៅខេត្តឃ្លាំងនិងខេត្តមាត់ជ្រូក នៅថៃ្ងអនាគត។
ព្រះតេជគុណ ថាច់ វិមាន មានពុទ្ធដីកាដូច្នេះថា ៖ «យ៉ាងណាមិញ គឺថាខ្មែរទាំងអស់គ្នា ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្ដាល ជាខ្មែរតែមួយ បើសិនណា លោក ខៀវ កាញារីទ្ធ មានមនោសញ្ចេតនាដ៏បរិសុទ្ធ អាត្មាមានការត្រេកអរ ហើយយ៉ាងណាមិញ លោកទៅហ្នឹងអាចយល់បានខ្លះៗអំពីជីវភាពរស់នៅពិតប្រាកដរបស់បងប្អូនខ្មែរកម្ពុជាក្រោម»។
ព្រះភិក្ខុមួយអង្គ គង់នៅក្នុងវត្តគងជ័យ នៅក្នុងខេត្តត្រាវិញ ឬខេត្តព្រះត្រពាំង ជាអតីតទឹកដីខែ្មរកម្ពុជាក្រោម បានមានពុទ្ធដីកាតាមទូរស័ព្ទមកថា ព្រះអង្គមានការសប្បាយរីករាយចំពោះការកាន់បិណ្ឌនេះ។
សូមជម្រាបថា ប្រភពនិងឯកសារនានារបស់សហគមន៍ខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ទឹកដីខែ្មរកម្ពុជាក្រោម ដែលមានខេត្តចំនួន២១ខេត្ត ត្រូវបានអាណានិគមនិយមបារាំងកាត់ឲ្យទៅវៀតណាមគ្រប់គ្រងតាំងពីថៃ្ងទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការយល់ព្រមពីប្រជាពលរដ្ឋជាម្ចាស់ទឹកដីទ្បើយ។
ក្រោយពីទឹកដីនេះត្រូវបានកាន់កាប់ដោយវៀតណាម សកម្មជនការពារសិទ្ធិមនុស្សនៃខែ្មរកម្ពុជាក្រោមបានរាយការណ៍ជាបន្តបន្ទាប់ថា មានការគាបសង្កត់បិទសិទ្ធិសេរីភាពក្នុងជំនឿសាសនាតាមបែបប្រពៃណីខែ្មរនិងអក្សរសាស្រ្តខែ្មរជាដើម មកលើពលរដ្ឋខ្មែរកម្ពុជាក្រោមនោះ៕
No comments:
Post a Comment