លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា លោកបានបំភ្លឺជូនលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាហើយចំពោះប្រសាសន៍របស់លោកទាក់ទិននឹងការចោទប្រកាន់អតីតមេខ្មែរក្រហមបន្ថែមទៀត ដែលបានសរសេរចុះផ្សាយនៅលើកាសែតកម្ពុជាថ្មី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននោះ។
លោក ឆាំង យុ បានឲ្យដឹងថា ៖ «ហើយខ្ញុំក៏បានបំភ្លឺហើយ រឿងហ្នឹងវាដូចជាអត់មានអីទៀតទេ។ វាជាអត្ថបទមួយដែលមិនបានសរសេរច្បាស់លាស់ ជាការភ័ន្តច្រឡំ»។
លោក ឆាំង យុ បានឲ្យដឹងថា ៖ «ហើយខ្ញុំក៏បានបំភ្លឺហើយ រឿងហ្នឹងវាដូចជាអត់មានអីទៀតទេ។ វាជាអត្ថបទមួយដែលមិនបានសរសេរច្បាស់លាស់ ជាការភ័ន្តច្រឡំ»។
ការទាមទារឲ្យលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជាក់ឲ្យបានច្បាស់អំពីប្រសាសន៍របស់លោកនោះ បានធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបូកសរុបចុងក្រោយមួយនៃការជំរឿនប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០០៨ ដែលប្រារព្ធធ្វើនៅឯសាលសន្និសីទចតុមុខ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០០៩។
លោក ហ៊ុន សែន ថ្លែងក្នុងពេលនោះដូច្នេះថា ៖ «ឥឡូវកុំចង់នរណាមកបង្កើតបញ្ហាអីថែមទៀត អត់បានទេ! សូមទោសចុះ ហើយសូមកុំសិក្ខាសាលាអីច្រើនពេក រឿងស្អីឯណា ទុកឲ្យតុលាការគេធ្វើទៅ។ វាមានអ្នកថា បើចង់ចោទប្រកាន់ថែមទៀត ទាល់តែលើកសំណើហ្នឹងទៅសុំ គេហៅថា បញ្ជូនស្អីទៅឲ្យលោក ហ៊ុន សែន។ វាទៅជាអ៊ីចេះទៅវិញ។ ខ្ញុំចង់ឲ្យលោក ឆាំង យុ បញ្ជាក់បញ្ហាហ្នឹងឲ្យខ្ញុំក្នុងថ្ងៃហ្នឹង។ លោកឯងសរសេរឲ្យខ្ញុំមើល៍ ហើយតើមាន Tape [ខ្សែអាត់] វីដេអូហ្នឹងទេ?»។
ការបំភ្លឺរបស់លោក ឆាំង យុ ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាមទារឲ្យលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជាក់ឲ្យបានច្បាស់អំពីប្រសាសន៍របស់លោកដែលបានចុះផ្សាយនៅលើកាសែតកម្ពុជាថ្មី កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០០៩ ក្រោមប្រធានបទមួយមានចំណងជើងថា "ចង់បន្តចោទប្រកាន់មេខ្មែរក្រហមផ្សេងទៀត គួរបង្ហាញហេតុផលដល់សម្តេច ហ៊ុន សែន"។
លោក ឆាំង យុ មានប្រសាសន៍បញ្ជាក់បន្ថែមអំពីបញ្ហានោះដូច្នេះថា ៖ «និយាយឲ្យខ្លីទៅខ្ញុំអត់ដែលមានធ្វើសិក្ខាសាលាអីទេ ច្រឡំរូបថតហ្នឹងទីមួយ។ រូបថតហ្នឹងគឺជារូបថតនិយាយរឿងកុនវៀតណាម យូរហើយ ដល់គេយកមកដាក់ទៅដូចជាធ្វើសិក្ខាសាលា ហើយឃ្លាទីពីរខ្ញុំមិនបាននិយាយទេ ហ្នឹងជាឃ្លាគេអត្ថាធិប្បាយ។ អ៊ីចឹងរឿងហ្នឹងខាងកម្ពុជាថ្មីក៏គ្នាបានសុំទោសខ្ញុំដែរ សុំទោសសម្តេចដែរ»។
លោក ឆាំង យុ មានប្រសាសន៍យោងថា លិខិតបំភ្លឺរបស់លោកត្រូវបានចុះផ្សាយក្នុងកាសែតរស្មីកម្ពុជានៅថ្ងៃអង្គារ ទី៨ ខែកញ្ញានេះហើយ ៖ «ខ្ញុំពន្យល់រួចហើយនៅក្នុងកាសែតរស្មីកម្ពុជាមានសរសេររួចហើយ»។
ក្នុងនោះលោកពន្យល់ថា នៅពេលគេសួរលោកអំពីការចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀត លោកគ្រាន់តែឆ្លើយថា បើសាលាក្តីខ្មែរក្រហមចង់កាត់ទោសបន្ថែមទៀតនោះ សាលាក្តីខ្មែរក្រហមគួរតែពន្យល់ឲ្យបានច្បាស់ថាហេតុអ្វី? ចំពោះលោក ចំនួនមិនឆ្លុះបញ្ចាំងអំពីយុត្តិធម៌ទេ។
លោក ឆាំង យុ ឲ្យដឹងថា បន្ទាប់ពីលោកបានផ្ញើលិខិតរបស់លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបដោយអរគុណចំពោះការពន្យល់របស់លោក៕
No comments:
Post a Comment