ប្រទេសកម្ពុជាបានកំណត់យកថ្ងៃ៣០សីហាស្អែកនេះ ជាកាលបរិច្ឆេទនៃការដកកងទ័ពជាផ្លូវការចេញពីតំបន់ព្រំដែនព្រះវិហារ។ ការកាត់បន្ថយចំនួនកងទ័ពនៅសមរភូមិជួរមុខនេះ បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការចេញបទបញ្ជាជាចំហរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការសម្រេចចិត្តដកកម្លាំងទ័ពជាឯកតោភាគីរបស់កម្ពុជាបានទទួលការគាំទ្រភ្លាមៗពីអន្តរជាតិ។
កងទ័ពដែលឈជើងនៅខ្សែត្រៀមជួរមុខនៅព្រះវិហារ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់អង្គភាពដើមវិញជាបន្តបបន្ទាប់ហើយ នៅចុងសប្តាហ៍នេះ។ ពិធីកាត់បន្ថយទ័ពជាផ្លូវការត្រូវគេគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យទី៣០សីហាស្អែកនេះ។
មានហេតុផលពីរយ៉ាងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីខេត្តពោធិសាត់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីពន្យល់អំពីការដកកងទ័ពចេញពីព្រះវិហារ។ ទី១ គឺព្រះវិហារនឹងគ្មានសង្រ្គាមកើតឡើងទេ។ និងទី២ កម្លាំងកងទ័ពគួរតែត្រូវបានប្រើប្រាស់សម្រាប់ជួយការងារដកស្ទូងនៅរដូវវស្សានេះ វាប្រសើរជាងយកទៅប្រឈមមុខនៅឯព្រះវិហារ។
ទឡ្ហីករណ៍ទាំងពីរយ៉ាងនេះ វាសមហេតុផលដែលមហាជនទូទៅអាចស្តាប់បាន ប៉ុន្តែសម្រាប់ក្រុមអ្នកវិភាគដែលបានតាមដានព្រឹត្តិការណ៍នៅព្រះវិហារ ការកាត់បន្ថយចំនួនទ័ពរបស់ភាគីកម្ពុជាទំនងជាមានអត្ថន័យជ្រាលជ្រៅជាងនេះ។ ជាការពិតណាស់ថា រដ្ឋាភិបាលក្រុងភ្នំពេញបានបង្ហាញចេតនាម្តងហើយម្តងទៀតថាខ្លួនមិនចង់ធ្វើសង្រ្គាមជាមួយថៃឡើយ ហើយដំណោះស្រាយបញ្ហាព្រះវិហារគួរតែត្រូវធ្វើឡើងដោយសន្តិវិធី។
ប៉ុន្តែការប្រឈមមុខដាក់គ្នាកន្លងទៅនេះ គឺដោយសារភាគីថៃជាអ្នកចាប់បង្ខំតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាបានប្រកាន់ភាពអត់ធ្មត់ក្នុងកម្រិតខ្ពស់ជាអតិបរមា។ នយោបាយអត់ធ្មត់ចំពោះអ្នកឈ្លានពានទឹកដីនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋមួយចំនួន ជាពិសេសពីសំណាក់អ្នកនយោបាយប្រឆាំង ប៉ុន្តែភាពអត់ធ្មត់នេះអាចបញ្ចៀសបាននូវភ្លើងសង្គ្រាមនៅតាមជាយដែនរហូតដល់សព្វថ្ងៃ។
រយៈពេលមួយឆ្នាំបានកន្លងផុតទៅ និងជាពិសេសនៅក្នុងកាលៈទេសៈមួយដែលសហគមន៍អន្តរជាតិកំពុងតែទទូចចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី តើនេះមិនមែនជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការប្រកាសដកកងទ័ពមួយចំនួនចេញពីតំបន់ព្រះវិហារទេឬ? ជាយុទ្ធសាស្រ្ត ព្រឹត្តិការណ៍នេះត្រូវគេមើលឃើញថាមានអត្ថន័យសំខាន់ពីរយ៉ាង។
ទី១ គឺការបង្ហាញឲ្យអន្តរជាតិមើលឃើញថាកម្ពុជាពិតជាមានឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធីពិតប្រាកដមែន។ ដូច្នេះប្រសិនបើមានសង្រ្គាមជាយដែនកើតមានជាយថាហេតុនោះ គឺប្រាកដណាស់ថាភាគីថៃគឺជាអ្នកបង្ក។ និងទី២ការដកកងទ័ពចេញពីព្រះវិហាររបស់ភាគីកម្ពុជានៅពេលនេះ គឺជាសម្ពាធផ្នែកនយោបាយការទូតមួយចំពោះថៃដែលទោះចង់ ឬមិនចង់ថៃក៏ត្រូវបង្ខំចិត្តធ្វើអ្វីម្យ៉ាងដើម្បីបង្ហាញពីចេតនាល្អរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានៅព្រះវិហារដែរ។
លទ្ធផលជាក់ស្តែងបានបង្ហាញឲ្យឃើញភា្លមៗរួចទៅហើយ បន្ទាប់ពីការប្រកាសដកទ័ពចេញពីព្រះវិហារពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លទ្ធផលទី១ គឺមេទ័ពកំពូលរបស់ថៃដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីដើមសប្តាហ៍នេះបានសម្តែងឥរិយាបថទន់ភ្លន់ក្នុងន័យចង់បញ្ចប់បញ្ហាព្រះវិហារដោយសន្តវិធីដែរ។
នៅលើឆាកអន្តរជាតិឯណោះវិញ ឥរិយាបថរបស់កម្ពុជាបានទទួលការស្វាគមន៍ភ្លាមៗពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ។ លោកស្រី Carol Rodly ឯកអគ្គរដ្ឋទូតអាមេរិកបានសម្តែងការសាទរចំពោះជំហររបស់កម្ពុជាក្នុងការដកទ័ពចេញពីព្រះវិហារដោយចាត់ទុកទង្វើនេះថាជាសញ្ញាវិជ្ជមានមួយក្នុងដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីជាមួយថៃ។ ព្រឹត្តិការណ៍នេះអាចចាត់ទុកជាជោគជ័យមួយជំហានរួចជាស្រេចនៅលើសមរភូមិនយោបាយការទូតរបស់កម្ពុជាស្តីពីបញ្ហាព្រះវិហារ។
ក៏ប៉ុន្តែបញ្ហាព្រំដែនរវាងកម្ពុជា និងថៃទាំងព្រំដែនគោក និងព្រំដែនសមុទ្រនៅតែមានភាពស្មុគស្មាញយ៉ាងខ្លាំងដដែល។ ភាពស្មុគស្មាញដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាត្រូវប្រើប្រាស់ភាពឈ្លាសវៃជាប្រចាំទាំងផ្នែកយោធាការទូត និងការប្រើប្រាស់វិធានការច្បាប់អន្តរជាតិ។ ការធ្វេសប្រហែសក្នុងផ្នែកណាមួយវានឹងបង្កើតជាឱកាសល្អសម្រាប់ថៃក្នុងការយកប្រៀបលើកម្ពុជាជាមិនខាន៕
No comments:
Post a Comment