យ៉ាងហោចណាស់មានជនរងគ្រោះដែលធ្លាប់ជាប់ឃុំនៅមន្ទីរស-២១ ប្រហែល ២៨នាក់ដែលតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងរឿងក្តីរបស់ជនជាប់ចោទ ឌុច បាននាំគ្នាតវ៉ា មិនព្រមចូលរួមសវនាការរបស់សាលាក្តីខ្មែរក្រហមនៅព្រឹកថ្ងៃចន្ទ ទី៣១ សីហា ឆ្នាំ២០០៩។
ការតវ៉ានៅមុខច្រកទ្វារចូលសាលាក្តី មិនព្រមចូលរួមសវនាការ បានធ្វើឡើង ក្រោយពីសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះ បានបន្ថយលទ្ធភាពចូលរួមរបស់ពួកគេនិងក្រុមមេធាវីនៅក្នុងសវនាការស្តីពីអត្តចរិតរបស់ជនជាប់ចោទ។
ការតវ៉ានៅមុខច្រកទ្វារចូលសាលាក្តី មិនព្រមចូលរួមសវនាការ បានធ្វើឡើង ក្រោយពីសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះ បានបន្ថយលទ្ធភាពចូលរួមរបស់ពួកគេនិងក្រុមមេធាវីនៅក្នុងសវនាការស្តីពីអត្តចរិតរបស់ជនជាប់ចោទ។
ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបឈ្មោះ ជុំ ស៊ីរ៉ាត បានថ្លែងនាំមុខក្រុមអ្នកតវ៉ាដូច្នេះថា ៖ «សេចក្ដីសម្រេចពីរនោះ គឺទី១ មេធាវីជនរងគ្រោះមិនអាចធ្វើសេចក្ដីកត់សម្គាល់លើការដាក់ទោសរបស់ជនជាប់ចោទ ទី២ មេធាវីក្ដី ដើមបណ្ដឹងរដ្ឋប្បវេណីក្ដី គ្មានអំណាចដេញដោលសួរអ្នកជំនាញដែលនិយាយអំពីអត្តចរិតរបស់ជនជាប់ចោទ»។
សេចក្តីសម្រេចរបស់អង្គជំនុំជម្រះ ដែលបដិសេធសិទ្ធិមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ត្រូវបានធ្វើឡើងដោយលោក និល ណុន ប្រធានចៅក្រមជំនុំជម្រះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ សីហា សប្តាហ៍មុន ៖ «តាមមតិភាគច្រើនរបស់អង្គជំនុំជម្រះនិងមតិជំទាស់របស់ចៅក្រម Lavergne អង្គជំនុំជម្រះសម្រេចដូចខាងក្រោមនេះ ៖ ដើមបណ្ដឹងរដ្ឋប្បវេណីមិនត្រូវបានអនុញ្ញាតឲ្យសួរជនជាប់ចោទពាក់ព័ន្ធទៅនឹងអត្តចរិត[ឡើយ]»។
ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបទៀត ឈ្មោះ ភឹង ហ៊ុតស៊ុនថារី ថ្លែងដូច្នេះថា ៖ «យើងចង់បានការឆ្លើយតបជាផ្លូវការមកសិន ប៉ុន្តែយើងមិនបោះបង់កៅអីរបស់យើង និងក៏មិនបោះបង់សិទ្ធិរបស់យើងជាដើមបណ្ដឹងដែរ ប៉ុន្តែយើងចង់ឲ្យពិភពលោកដឹងថា តើមានហេតុការណ៍អ្វីខ្លះកើតនៅក្នុងអង្គជំនុំជម្រះរបស់យើងហ្នឹង»។
ការតវ៉ារបស់ដើមបណ្តឹងរដ្ឋប្បវេណី ត្រូវបានលោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈ ថ្លែងថា ជាកិច្ចការរបស់អង្គជំនុំជម្រះដែលត្រូវសម្រេច។ ក៏ប៉ុន្តែលោកបានជម្រាបជូនរឿងនេះទៅចៅក្រមជំនុំជម្រះហើយៗ សេចក្តីសម្រេចណាមួយនោះ លោកមិនទាន់បានទទួលនៅឡើយទេ។
លោកគ្រាន់តែលើកឡើងដូច្នេះថា ៖ «អ៊ីចឹងពួកគាត់ដែលមកធ្វើកូដកម្មព្រឹកមិញហ្នឹង គឺគាត់តំណាងឲ្យក្រុមមួយក្នុងចំណោមក្រុមដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ គឺ២៨រូប ក្នុងចំណោម ៩៣។ យើងគោរពសិទ្ធិពួកគាត់ ហើយយើងចាត់ទុកស្មើៗគ្នា»។
សូមជម្រាបជូនថា នៅក្នុងសំណុំរឿងក្តីរបស់ជនជាប់ចោទឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង មានជនរងគ្រោះនិងសាច់ញាតិជនរងគ្រោះចំនួន ៩៣រូប បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ ហើយបើទោះបីជាមានការតវ៉ាពីជនរងគ្រោះចំនួន២៨រូបក្នុងចំណោមទាំងអស់ ៩៣រូបនេះក៏ដោយ ក៏ដំណើរការកាត់សេចក្តីមិនត្រូវបានអាក់ខានឡើយ៕
No comments:
Post a Comment