កងយោធារក្សាព្រំដែនខ្មែរនៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គេកំពុងព្យាយាមបណ្តេញកងទាហានឈុតខ្មៅថៃចំនួន១៥នាក់ ដែលបានចូលមកសាងសង់ខ្ទម៦ខ្នងនៅតំបន់ព្រំដែនដែលមិនទាន់ដាច់ស្រេចនៅជាប់ច្រកជប់គគីរ ឲ្យរុះរើនិងចាកចេញទៅវិញត្រឹមថ្ងៃច័ន្ទទី១៤ ខែកញ្ញា។
កងកម្លាំងរក្សាព្រំដែនខ្មែរមួយរូបប្រចាំច្រកប៉ុស្តិ៍ជប់គគីរនោះ ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកញ្ញាថា ទាហានឈុតខ្មៅថៃចំនួន១៥នាក់បានចូលមកសង់ខ្ទមចំនួន៦ខ្នងនៅលើបន្ទាត់ព្រំដែន ដែលមិនទាន់ដាច់ស្រេចតាំងពីថ្ងៃទី១១ ខែកញ្ញាមកម៉្លេះ។
កងកម្លាំងរក្សាព្រំដែនខ្មែរមួយរូបប្រចាំច្រកប៉ុស្តិ៍ជប់គគីរនោះ ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកញ្ញាថា ទាហានឈុតខ្មៅថៃចំនួន១៥នាក់បានចូលមកសង់ខ្ទមចំនួន៦ខ្នងនៅលើបន្ទាត់ព្រំដែន ដែលមិនទាន់ដាច់ស្រេចតាំងពីថ្ងៃទី១១ ខែកញ្ញាមកម៉្លេះ។
កងរក្សាព្រំដែនខ្មែរដដែលបានហៅសកម្មភាពរបស់ទាហានឈុតខ្មៅថៃទាំងនោះថា ជាការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីបញ្ហាព្រំដែន ដែលរដ្ឋាភិបាលខ្មែរ-ថៃបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០០០កន្លងមក ហើយកងរក្សាព្រំដែនខ្មែរបានដាក់កំហិតឲ្យទាហានថៃឈុតខ្មៅទាំងនោះរុះរើខ្ទមនិងចាកចេញឲ្យអស់ត្រឹមថ្ងៃច័ន្ទនេះ ៖ «ទាហានឈុតខ្មៅ មកធ្វើផ្ទះ ១៥នាក់ ខ្ញុំទៅចរចាគ្នាឲ្យរើថ្ងៃនេះ ប៉ុន្តែខ្ញុំអត់ទាន់បានទៅមើល ព្រោះខ្ញុំត្រូវវេន[បិណ្ឌ]ក្នុងវត្ត ខ្ញុំក៏មកធ្វើបុណ្យនៅវត្តសិន»។
ជំនួយការរបស់អភិបាលខេត្តឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ បានមានប្រសាសន៍ថា ទាហានឈុតខ្មៅថៃទាំង១៥នាក់នោះនៅក្នុងអង្គភាពកងរយលេខ២១០៧ បានមកសង់ជម្រកនៅលើបន្ទាត់ព្រំដែនដែលមិនទាន់ច្បាស់លាស់ ហើយកងរក្សាព្រំដែនខ្មែរបានដាក់កំហិតនៅពេលជួបចរចាគ្នា កាលពីថ្ងៃទី១២ ខែកញ្ញាមកថា យ៉ាងយូរត្រឹម៥ថ្ងៃគឺឲ្យទាហានថៃទាំងនោះរុះរើឲ្យអស់និងដកកម្លាំងចាកចេញទៅវិញ។
លោក ឈឹម ស៊ីវុធ ថ្លែងយ៉ាងដូច្នេះ ៖ «ថៃមួយក្រុមនៅក្នុងកងរយលេខ២១០៧ បានមកសង់ជម្រកនៅលើបន្ទាត់ព្រំដែនដែលមិនកំណត់ច្បាស់លាស់ ហើយកម្លាំងយើងបានឃាត់និងឲ្យវារុះរើ ដោយយើងដាក់ខឲ្យវា ៥ថ្ងៃយ៉ាងយូរគិតពីថ្ងៃចរចាកាលពីថ្ងៃទី១២[កញ្ញា]ហ្នឹងមក»។
មន្ត្រីព្រំដែនខ្មែរបានឲ្យដឹងថា នៅពេលចរចាក្រុមទាហានថៃទាំងនោះបានយល់ព្រមទទួលយកការដាក់លក្ខខណ្ឌរបស់ខ្មែរ ក៏ប៉ុន្តែគេនៅរង់ចាំមើលថាតើទាហានថៃទាំងនោះនឹងចាកចេញពីចំណុចព្រំដែនមិនទាន់ដាច់ស្រេចនោះដូចដែលពួកគេសន្យាឬយ៉ាងណានោះ៕
No comments:
Post a Comment