ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/09/2009 11:41 ម៉ោងសកល
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/09/2009 11:41 ម៉ោងសកល
អ្នកនាំពាក្យក្រសួងការបរទេសថៃ បានច្រានចោលចំពោះដំណឹង ស្តីពី ការដុតយុវជនខ្មែរទាំងរស់ នៅព្រំដែនខេត្តឧត្តរមានជ័យ។ ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសកម្ពុជា ធ្វើកំណត់ទូត ដាក់ទៅកាន់ភាគីថៃ ដោយមានទាំងរូបថត បង្ហាញថា ទាហានថៃបានបាញ់យុវជនកម្ពុជាម្នាក់អាយុ១៦ឆ្នាំ ឲ្យរងរបួស ហើយបានដុតសម្លាប់ទាំងរស់ កាលពីថ្ងៃទី១១កញ្ញា។
ទាហានឈុតខ្មៅសៀមនៅ ព្រំដែនព្រះវិហារ(រូបថត ៖ Reuters)
អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងថាទាហានឈុតខ្មៅថៃ មិនបានបាញ់ និងដុតសម្លាប់យុវជនកម្ពុជា ដែលកាប់ឈើខុសច្បាប់ តាមព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្តរមានជ័យឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ ត្រូវបានកាសែតស្រង់សម្តីថា ក្រោយពីទាក់ទងជាមួយនឹងការិយាល័យកិច្ចការព្រំដែនថៃរួចមក ក្រសួងការបរទេសថៃ រកឃើញថា របាយការណ៍ស្តីពីការបាញ់ និងដុតយុវជនខ្មែរទាំងរស់នោះ មិនមានមូលដ្ឋានច្បាស់លាស់ទេ។ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ទាហានថៃក្នុងខេត្តសុរិន្ទ កាលពីថ្ងៃ១១កញ្ញា អាទិត្យមុន បានបាញ់រះឡើងលើ បន្ទាប់ពីទទួលដំណឹងថា មានយុវជនកម្ពុជាប្រមាណ ៨ នាក់ បានលបចូលទឹកដីថៃ ដើម្បីកាប់ឈើ។
ការបដិសេធរបស់ក្រសួងការបរទេសថៃបែបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៤កញ្ញា បានធ្វើកំណត់ទូត ដាក់ទៅកាន់ក្រសួងការបរទេសថៃ ដោយថ្កោលទោស ចំពោះអំពើអមនុស្សធម៌របស់ទាហានឈុតខ្មៅថៃ ដែលបានបាញ់ និងដុតសម្លាប់យុវជនកម្ពុជាម្នាក់ទាំងរស់ នៅព្រំដែនខេត្តឧត្តរមានជ័យ។
បន្ថែមលើសពីនេះ នៅថ្ងៃពុធម្សិលមិញ រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា រឿងទាហានថៃដុតយុវជនខ្មែរទាំងរស់ គឺជាការពិត ព្រោះមានរូបថត កាកសំណល់ឆ្អឹង និងចំណងដែលជាប់នឹងដៃ ជាភស្ថុតាង។
តាមមន្ត្រីការទូតកម្ពុជា គឺមិនទាន់មានលិខិតឆ្លើយតបជាផ្លូវការពីក្រសួងការបរទេសថៃ នៅឡើយទេ នៅក្នុងរឿងទាហានថៃដុតយុវជនកម្ពុជា។ តែទោះជាយ៉ាងណា លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនបញ្ឈប់ការតវ៉ា និងការទាមទាររកយុត្តិធម៌ឲ្យស្របតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ឡើយ។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីសំណូមពរដាច់ខាតរបស់កម្ពុជា គឺរដ្ឋាភិបាលថៃ ចាំបាច់ត្រូវតែស៊ើបអង្កេត និងចាប់អ្នកប្រព្រឹត្តមកដាក់ទណ្ឌកម្មឲ្យបាន។
ក្នុងរឿងទាហានថៃដុតយុវជនកម្ពុជាម្នាក់ អាយុ១៦ឆ្នាំ ក៏ត្រូវបានមេដឹកនាំគណបក្ស ជំទាស់ សមរង្ស៊ី និងសង្គមស៊ីវិលនៅកម្ពុជា បញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា និងចាត់ទុក ជាអំពើអមនុស្សធម៌។ លោក សម រង្ស៊ី និងសង្គមស៊ីវិល បានអំពាវនាវឲ្យចាប់ខ្លួនទាហានថៃ អ្នកប្រព្រឹត្តដើម្បីកាត់ទោសតាមច្បាប់៕
No comments:
Post a Comment