ព្រះរាជអាជ្ញាមួយរូបនៃតុលាការខ្មែរក្រហមបានស្នើជាផ្លូវការសូមឲ្យធ្វើការស៊ើបអង្កេតជនសង្ស័យ៥រូបទៀតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងពីបទឧក្រិដ្ឋផ្សេងៗទៀត។ សំណើនេះអាចនឹងប៉ះពាល់ដល់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក។
កាលពីថ្ងៃអង្គារ ទី៨ កញ្ញា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងថា សហព្រះរាជអាជ្ញាអន្តរជាតិបណ្តោះអាសន្ន គឺលោក William Smith បានដាក់សំណើរបស់លោកជូនសហចៅក្រមស៊ើបអង្កេតដែលមានសិទ្ធិសម្រេចក្នុងការចេញឬមិនចេញដីកាចាប់ឃុំខ្លួននោះ។ ប៉ុន្តែតុលាការមិនបានឲ្យដឹងឈ្មោះអ្នកទាំង៥រូបនោះនៅឡើយទេ។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅភ្នំពេញទាក់ទងនឹងការស៊ើបអង្កេតអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតថា ៖ «ឥឡូវហ្នឹងបើសិនជាអ្នកឯងកាត់ទោសដោយមិនបានគិតអំពីសន្តិភាពនិងការបង្រួបបង្រួមជាតិ កើតសង្រ្គាមឡើងវិញ ងាប់មនុស្ស២០-៣០ម៉ឺននាក់ថែមទៀត អ្នកណាទទួលខុសត្រូវ? និយាយគ្នាឲ្យហើយកន្លែងហ្នឹង។ ខ្ញុំអត់ជះឥទ្ធិពលទៅលើបញ្ហាតុលាការទេ»។
កាលពីថ្ងៃច័ន្ទ លោក William Smith អ្នកនាំពាក្យរបស់តុលាការខ្មែរក្រហម មានប្រសាសន៍ថា គេមិនទាន់មានការកំណត់រយៈពេលធ្វើសកម្មភាពរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់លោក វិលា្លម ស្មីត ដែលសូមឲ្យមានការចាប់ខ្លួនមេខ្មែរក្រហមបន្ថែមទៀតនោះនៅឡើយទេ៕
No comments:
Post a Comment