ក្រុមអ្នកតវ៉ាជាច្រើនរយនាក់តំណាងឲ្យប្រជាពលរដ្ឋ៤ភូមិ និងអាជ្ញាធរមូលដ្ឋាន បានកំណត់យកថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ ដើម្បីចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលកំពុងកើតមានជាហូរហែក្នុងផ្ទៃបឹង ស្ថិតនៅភូមិសាស្ត្រឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ការព្រមព្រៀងគ្នានេះ ធ្វើឡើង បន្ទាប់ពីក្រុមអ្នកតវ៉ា ជិត១០០នាក់មកពីភូមិចំនួន៤ក្នុងឃុំ បានលើកគ្នាធ្វើបាតុកម្មនៅខាងមុខសាលាឃុំកំពង់ព្រៀង នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ដើម្បីទាមទារឲ្យអាជ្ញាធរជលផលនិងមន្ត្រីមូលដ្ឋានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់។
ការព្រមព្រៀងគ្នានេះ ធ្វើឡើង បន្ទាប់ពីក្រុមអ្នកតវ៉ា ជិត១០០នាក់មកពីភូមិចំនួន៤ក្នុងឃុំ បានលើកគ្នាធ្វើបាតុកម្មនៅខាងមុខសាលាឃុំកំពង់ព្រៀង នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ដើម្បីទាមទារឲ្យអាជ្ញាធរជលផលនិងមន្ត្រីមូលដ្ឋានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់។
លោក សោម សារិទ្ធិ តំណាងក្រុមអ្នកតវ៉ាបានថ្លែងថា ការដាក់អួនក្រឡាញឹក ឬហៅថា ណររ៉ាវ មានប្រវែងចាប់ពី ៥០០ម៉ែត្រឡើងទៅ ប្រហែល៣០កន្លែង ត្រូវបានជនល្មើសដាក់ចាប់ត្រីនៅពេញផ្ទៃទឹកបឹង ត្រង់ភូមិសាស្ត្រព្រៃរនាមក្រោម ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ៖ «មិនបាច់ចាំអាជ្ញាធរចុះបង្ក្រាបក៏បាន សុំសិទ្ធិឲ្យប្រជាពលរដ្ឋបង្ក្រាបផ្ទាល់តែម្តង ពីខែ៩ រហូតដល់ខែ១១ គឺសុំឲ្យប្រជាពលរដ្ឋចុះចូលរួមផ្ទាល់តែម្ដង ព្រោះរយៈកាលកន្លងមក អាជ្ញាធរថាបង្ក្រាប តែមិនបានបង្ក្រាបទេ គឺកាន់តែកើនឡើង»។
លោក ម៉ឹង នី ក្នុងចំណោមអ្នកតវ៉ាជិត ១០០នាក់ បានបន្ថែមថា៖ «ខ្ញុំឃើញទាំងប៉ូលិស ទាំងក្រសួងជំនាញគេចុះទៅហ្នឹង គេចុះទៅកាត់៤ម៉ែត្រ ៥ម៉ែត្រ ១០ម៉ែត្រ គេទៅទៀតទៅ។ មួយថ្ងៃទៅពីរបីកន្លែង ទៅធ្វើអីកើត»។
ប្រភពពីក្រុមអ្នកភូមិបានថ្លែងថា បទល្មើសនេសាទខាងលើនេះកំពុងគំរាមកំហែងទៅដល់ធនធានមច្ឆជាតិនិងធ្វើឲ្យប៉ះពាល់ដល់ក្រុមអ្នកភូមិមិនអាចប្រកបរបរនេសាទជាលក្ខណៈគ្រួសារបាន។
លោក អ៊ុក សាវ៉ាត តំណាងសហគមន៍នេសាទភូមិកាច់រទេះក្នុងឃុំកំពង់ព្រៀង បានថ្លែងទទួលស្គាល់ថា ពិតជាមានបទល្មើសនេសាទកើនឡើងមែន ៖ «អ្នកដាក់ណររ៉ាវ គឺសុទ្ធតែអ្នកមកពីក្រៅ មិនមែនអ្នកភូមិយើងទេ»។
ទាក់ទងទៅនឹងការទាមទាររបស់ក្រុមអ្នកភូមិនេះ លោក ង៉ែត សឿ មេឃុំកំពង់ព្រៀង បានថ្លែងថា អាជ្ញាធរឃុំបានយល់ព្រមតាមការទាមទាររបស់ភូមិ ដោយបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ចុះបង្ក្រាបបទល្មើសនេសាទរួមគ្នា ៖ «អាជ្ញាធរនិងសមត្ថកិច្ចគឺចូលរួមលើការងារការពារផ្លូវច្បាប់ ការពារសុវត្ថិភាពហើយ ស្បៀងអាហារមួយចំនួន ព្រមទាំងមធ្យោបាយមួយចំនួនទៀត»។
ទោះយ៉ាងណា គេមិនឃើញមានវត្តមានមន្ត្រីជលផលទៅបង្ហាញមុខ ខណៈដែលអ្នកភូមិធ្វើការតវ៉ានេះទេ។
លោក ហេង ពិសិដ្ឋ នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ធ្លាប់បានអះអាងថា ការចុះបង្ក្រាបបទល្មើសនេសាទនៅព្រៃរនាមក្រោម គឺបានធ្វើឡើងចំនួនពីរលើក។
យ៉ាងនេះក្តី ក្រុមអ្នកភូមិបានថ្លែងថា មន្ត្រីជលផល មន្ត្រីឃុំ និងសហគមន៍ដែលចុះទៅបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រខាងលើនេះ នាពេលកន្លងមក គឺមិនមានប្រសិទ្ធភាព។
លោក យិន ម៉េងលី មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការទាមទាររបស់អ្នកភូមិគឺជាការត្រឹមត្រូវ។ ប៉ុន្តែបញ្ហាសំខាន់ គឺស្ថិតនៅលើឆន្ទៈរបស់អាជ្ញាធរចម្រុះខេត្តបាត់ដំបង ដែលមានតួនាទីក្នុងការបង្ក្រាបបទល្មើសនេសាទ ឬពួកគេដឹងហើយធ្វើជាមិនដឹងមិនឮ៕
No comments:
Post a Comment