តុលាការសាលាឧទ្ធរណ៍បានសម្រេចបង្វិលសំណុំរឿងជាផ្លូវការហើយកាលពីដើមសប្តាហ៍កន្លងទៅនេះទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកកិច្ចស៊ើបអង្កេតបន្ថែមទៀតលើសំណុំរឿងឃាតកម្មលើ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីខែមករា ឆ្នាំ២០០៤។
លោក ជួន ស៊ុនទ្បេង ជាអនុប្រធាននៃតុលាការសាលាឧទ្ធរណ៍ និងជាចៅក្រមផងដែរនោះ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «បង្វិលទៅពីថ្ងៃច័ន្ទឲ្យចៅក្រមស៊ើបសួរ ព្រោះគេមានកម្លាំងប៉ូលិស ប៉េអឹមច្រើន។ អានេះតាមសាលដីកាកំពូលទេ»។
លោក ជួន ស៊ុនទ្បេង ជាអនុប្រធាននៃតុលាការសាលាឧទ្ធរណ៍ និងជាចៅក្រមផងដែរនោះ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «បង្វិលទៅពីថ្ងៃច័ន្ទឲ្យចៅក្រមស៊ើបសួរ ព្រោះគេមានកម្លាំងប៉ូលិស ប៉េអឹមច្រើន។ អានេះតាមសាលដីកាកំពូលទេ»។
សុខ សេរី ៖ បង្វិលហ្នឹងដើម្បីឲ្យស៊ើបឡើងវិញឬក៏កាត់ឡើងវិញ? ជួន ស៊ុនឡេង ៖ ស៊ើបតើ! ស៊ើបបានលទ្ធផលម៉េចៗគេបញ្ជូនមកឲ្យខ្ញុំ ខ្ញុំពិនិត្យ ខ្ញុំជម្រះតែម្ដង។
លោក សុខ សំអឿន ដែលកំពុងតែរស់នៅក្រៅឃុំជាបណ្តោះអាសន្ន ដូចលោក ប៊ន សំណាង ផងដែរនោះ បានថែ្លងថា លោកសុំឲ្យការស៊ើបអង្កេតនោះប្រកបដោយភាពច្បាស់លាស់និងតម្លាភាព។
លោក សុខ សំអឿន បានបញ្ជាក់ថា ៖ «សម្រាប់រូបខ្ញុំ ខ្ញុំសុំឲ្យគេធ្វើឲ្យបានត្រឹមត្រូវ ឲ្យមានតម្លាភាព ឲ្យក្នុងសង្គមទទួលបានយុត្តិធម៌ ព្រោះខ្ញុំមិនបានប្រព្រឹត្តផង»។
រីឯលោក ប៊ន សំណាង បានថែ្លងថា ៖ «សំណូមពររបស់ខ្ញុំគឺគ្មានអីក្រៅពីចង់បានយុត្តិធម៌ទេ»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ ដែលបានតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍ថា ៖ «យើងស្វាគមន៍ហើយយើងសង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការស៊ើបអង្កេតដោយហ្មត់ចត់ស្វែងរកឃាតករពិតដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដោយធ្វើការលើកលែងទៅដល់លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលយើងជឿជាក់ថា មិនមែនជាឃាតករនៅក្នុងការបាញ់សម្លាប់ លោក ជា វិជ្ជា នេះ»។
នៅមិនទាន់មានប្រតិកម្មបំភ្លឺនៅទ្បើយទេពីមន្រ្តីតុលាការសាលាដំបូងរាជធានីភ្នំពេញជុំវិញការទទូចខាងលើនេះ ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា សមត្ថកិច្ចស្វាគមន៍ក្នុងការបើកកិច្ចស៊ើបអង្កេតបន្ថែមនោះ។
សូមជម្រាបថា លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកាលពីខែសីហា ឆ្នាំ២០០៥កន្លងទៅ ឲ្យជាប់គុកម្នាក់ៗ២០ឆ្នាំ ក្រោមបទចោទថាបានបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ នៅក្នុងទីក្រុងភ្នំពេញ។
ក្រោយមកតុលាការកំពូលនៃប្រទេសកម្ពុជាបានសម្រេចកាលពីថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០០៨កន្លងទៅ ឲ្យដោះលែង លោក ប៊ន សំណាង និងលោក សុខ សំអឿន ឲ្យរស់នៅក្រៅឃុំជាបណ្តោះអាសន្ន ហើយបានបង្គាប់ឲ្យតុលាការសាលាឧទ្ធរណ៍ចាត់របៀបជាថ្មីក្នុងការស៊ើបអង្កេតបន្ថែម បន្ទាប់ពីតុលាការនេះបានតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះចាត់ទុកជាបានការ។
លុះដល់ថៃ្ងទី១៧ ខែសីហាកន្លងទៅនេះ តុលាការសាលាឧទ្ធរណ៍បានសម្រេចឲ្យអ្នកទាំងពីរបន្តការរស់នៅក្រៅឃុំតទៅទៀត ហើយបានប្រកាសបង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមចំពោះការចន្លោះប្រហោងក្នុងការស៊ើបអង្កេតកន្លងមក។
ការដោះលែងនោះបានធ្វើឡើងក្រោយពីការទទូចទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដែលតែងតែចាត់ទុកថា លោក ប៊ន សំណាង និងលោក សុខ សំអឿន នោះ គឺជាឃាតករសិប្បនិម្មិត៕
No comments:
Post a Comment