ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/09/2009 12:31 ម៉ោងសកល
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/09/2009 12:31 ម៉ោងសកល
ក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ទូតមួយ កាលពីថ្ងៃចន្ទម្សិលមិញ ផ្ញើទៅក្រសួងការបរទេសថៃ ថ្កោលទោសអំពើអមនុស្សធម៌របស់ទាហានឈុតខ្មៅថៃ ដែលបានដុតខ្លួនក្មេងប្រុសកម្ពុជាទាំងរស់ នៅព្រំដែនខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសខ្មែរបានធ្វើកំណត់ទូតមួយផ្ញើទៅក្រសួងការបរទេសថៃ នៅថ្ងៃចន្ទ ម្សិលមិញ ចាត់ទុកអំពើដុតកុមារខ្មែរទាំងរស់ថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយក៏បានរំលោភទៅលើកំណត់ហេតុកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ថៃផងដែរ។
កំណត់ទូតរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវផ្ញើទៅក្រសួងការបរទេសថៃបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរបស់ថៃចាត់វិធានការទប់ស្កាត់អំពើអមនុស្សធម៌បែបនេះកុំឲ្យកើតមានឡើងសាជាថ្មីទៀត ហើយនិងនាំខ្លួនជនប្រព្រឹត្តអំពើឃោរឃៅមកផ្តន្ទាទោសតាមច្បាប់។
ប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជាកើតមានឡើង ក្រោយពេលដែលមានព្រឹត្តិការណ៍ដ៏សោកសង្រេងមួយរបស់កុមារខ្មែរម្នាក់ កាលពីចុងសប្តាហ៍កន្លងទៅ។ កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា នៅវេលាថ្ងៃត្រង់ អ្នកភូមិ ដែលស៊ីឈ្នួលកាប់អុស ចំនួន១០នាក់បានទទួលរងការដេញបាញ់ប្រហារពីសំណាក់ទាហានឈុតខ្មៅថៃ នៃខេត្តសុរិន្ទ ខាងកើតច្រកព្រំដែនអូរស្មាច់។ ក្នុងចំណោមជនរងគ្រោះពីរនាក់ដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃ យុន រិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវទាហានថៃចាប់ខ្លួនបាន ហើយយកទៅចងផ្អោបជាប់នឹងរទេះអូសឈើ២គ្រឿង មុននឹងចាក់ប្រេងសាំងដុតសម្លាប់ទាំងរស់។
សំណល់សាកសពជនរងគ្រោះ ដែលសល់តែក្បាល ត្រូវបានអ្នកភូមិ និងអាជ្ញាធរការពារព្រំដែនកម្ពុជារកឃើញ នៅក្នុងគំនរភ្នក់ភ្លើង កាលពីថ្ងៃអាទិត្យ ទី១៣ កញ្ញា។ ជាច្រើនឆ្នាំមកហើយ សារព័ត៌មានក្នុងស្រុកតែងតែមានការផ្សព្វផ្សាយ អំពីការធ្វើទុក្ខបុកម្នេញពីទាហានថៃមកលើប្រជាពលរដ្ឋខ្មែរ ដែលរកស៊ីតាមព្រំដែន និងឆ្លងទៅធ្វើការ នៅលើទឹកដីថៃ។ ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ក្រោមលេសថា ចូលក្នុងទឹកដីថៃដោយខុសច្បាប់ ការរត់ពន្ធគ្រឿងញៀនមិនមែនទើបតែកើតឡើងជាលើកដំបូងនោះឡើយ។
លោកចាន់ សុវេត មន្ត្រីតាមដានការគោរពសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា តាមរយៈការកត់ត្រារបស់សមាគមអាដហុក ក្នុងមួយឆ្នាំៗ អំពើរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរថៃ មកលើប្រជាពលរដ្ឋខ្មែរ មានមិនតិចជាង១០ករណីទេ។ លោកចាន់ សុវេត បានស្នើឲ្យអាជ្ញាធរថៃពិចារណា អំពីការប្រព្រឹត្តរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសជិតខាងទាំងពីរ និងដែលអាចបង្កឲ្យមានការគុំគួនរវាងប្រជាជនទាំងពីរទៀតផង៕
No comments:
Post a Comment