ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅថៃ្ងអង្គារ ទី៨ ខែកញ្ញា បានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងចំនួន២ ដើម្បីបើកផ្លូវឲ្យកម្ពុជាទទួលជំនួយពីសហរដ្ឋអាមេរិកជាង ៣៤លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំនិងសុខាភិបាលនៅកម្ពុជា។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ នៅក្រោយការចុះហត្ថលេខានោះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកកំពុងតែឈានដល់កម្រិតល្អមួយជាលំដាប់។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ នៅក្រោយការចុះហត្ថលេខានោះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកកំពុងតែឈានដល់កម្រិតល្អមួយជាលំដាប់។
លោក ហោ ណាំហុង ថ្លែងយ៉ាងដូច្នេះ ៖ «កាន់តែល្អឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនគ្រាន់តែជួយខាងសុខាភិបាលនិងអប់រំទេ ថែមទាំងជួយខាងដោះមីន ជួយខាងយោធា បានបញ្ជូន Peace Corps របស់គេមកតាមមូលដ្ឋានយើង។ ដូច្នេះទំនាក់ទំនងនេះកាន់តែល្អឡើង។ គេបានលើកកម្ពុជាយើងចេញពីបញ្ជីពាណិជ្ជកម្មខ្មៅរបស់គេ គេបានលើកកម្ពុជាយើងចេញពីការហាមប្រាមជំនួយយោធា សព្វគ្រប់លក្ខណៈ ដូច្នេះទំនាក់ទំនងយើងកាន់តែល្អឡើងៗ»។
លោកស្រី Carol Rodley ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោយពីការចុះហត្ថលេខានោះ បានមានប្រសាសន៍ផងដែរថា ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកកំពុងតែធ្វើការរួមគ្នានៅក្នុងការធ្វើឲ្យល្អប្រសើរថែមទៀតនៅក្នុងវិស័យសុខាភិបាលនិងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខានៅព្រឹកថៃ្ងអង្គារ ទី៨ ខែកញ្ញា នៅឯក្រសួងការបរទេសនៅក្នុងទីក្រុងភ្នំពេញ បានធ្វើទ្បើងរវាងលោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយនឹងលោក Flynn Fuller ជាប្រធានបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំកម្ពុជា និងលោកស្រី Carol Rodley ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានមន្រ្តីស្ថានទូតអាមេរិកនិងមន្រ្តីក្រសួងការបរទេសកម្ពុជាជាច្រើននាក់បានចូលរួមនៅក្នុងពិធីចុះហត្ថលេខាទ្វេភាគីនោះ។
កិច្ចព្រមព្រៀងចំនួន២ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែកញ្ញា ដើម្បីឲ្យកម្ពុជាទទួលជំនួយពីសហរដ្ឋអាមេរិកនោះ គឺមានតម្លៃជាទឹកប្រាក់ចំនួន៣.១៦៥.៧៩៤ដុល្លារអាមេរិកសម្រាប់បង្កើនគុណភាពនិងលទ្ធភាពនៅក្នុងវិស័យសិក្សាធិការនៅមូលដ្ឋាន និងកិច្ចព្រមព្រៀងទី២ គឺមានតម្លៃជាទឹកប្រាក់ចំនួន ៣១.៦៣២.៩៩២ដុល្លារអាមេរិក ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពដល់អ្នកឆ្លងមេរោគអេដស៍និងជំងឺឆ្លងដទៃទៀត ដូចជាសុខុមាលភាពមាតា ទារក និងសុខភាពបន្តពូជ។
ប្រភពពីប្រមុខការទូតនៃប្រទេសកម្ពុជាបានពណ៌នាថា ចាប់តាំងពីឆ្នាំ១៩៩៩មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួនជាង ២៥០លានដុល្លារអាមេរិកហើយសម្រាប់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់វិស័យសិក្សាធិការនិងវិស័យសុខាភិបាល។
កាលពីថៃ្ងសុក្រ ទី៤ ខែកញ្ញា កន្លងទៅថ្មីនេះ ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសម្ភារៈនិងបចេ្ចកទេសដល់ក្រសួងការពារជាតិកម្ពុជាចំនួន២០កុងតឺន័រ ដែលមានតម្លៃចំនួន ៦លាន៥សែនដុល្លារអាមេរិក នៅក្នុងនោះមានមួកទាហាន ១៦.០០០ ថង់ស្ពាយឬសាក់កាដូចំនួន ៤.០០០ ឯកសណ្ឋានការពារចំនួន ៦.០០០ និងសម្ភារៈផ្សេងៗទៀត៕
No comments:
Post a Comment