ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Thursday, August 20, 2009

ការិយាល័យសិទ្ធិមនុស្សអ.ស.ប.ប្រតិកម្មនឹងសាលក្រមតុលាការរឿង មូរ សុខហួរ

ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​សីហា ចាត់ទុក​ថា សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ ហាក់​ដូច​ជា​មិន​ស្រប​តាម​ធម្មនុញ្ញ​និង​បទដ្ឋាន​ជា​អន្តរជាតិ​ស្តីពី​សេរីភាព​ក្នុង​ការសម្តែង​មតិ​នោះ​ទេ។


សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ គឺ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី មូរ សុខហួរ ជា​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឲ្យ​លោកស្រី​ចាញ់​ក្តី និង​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​១៦​លាន​៥​សែន​រៀល​ក្នុង​រឿង​ក្តី​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


លោក ផៃ ស៊ីផាន ជា​អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មានប្រសាសន៍​ថា វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ដែល​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា កម្ពុជា​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​កម្រិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នោះ។
លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «មើល​ករណី​ទាំង​ពីរ​ទាំង​បី​នេះ គឺ​មិនមែន ការបញ្ចេញ​មតិ​ទេ។ គឺ​ទី​១ រវាង​ករណី​របស់​លោក​ជំទាវ មូរ សុខហួរ មិន​មែន​ជា​ការបញ្ចេញ​មតិ​ទេ ជា​ការវាយ​ប្រហារ ជា​ការកៀរ​គរ​មតិ​អន្តរ​ជាតិ​ឬ​មតិ ជាតិ ក្នុង​ការវាយ​ប្រហារ​មក​លើ​សម្ដេច ហ៊ុន សែន»។

លោក ផៃ ស៊ីផាន ថ្លែង​បន្ត​ថា ការ​ដែល​អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​បាន​នេះ គឺ​មាន​ន័យ​បញ្ជាក់​និង​បង្ហាញ​ថា កម្ពុជា​បើក​សិទ្ធិ​សេរីភាព​ពេញលេញ​ឲ្យ​មាន​ការបញ្ចេញ​មតិ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ក៏​ប៉ុន្តែ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់​មិន​អាច​ទៅ​រំលោភ​លើ​បុគ្គល​ម្នាក់​ទៀត​ទេ។ ទី​២ តុលាការ​ហ្នឹង​នីតិ​រដ្ឋ​ត្រឹមត្រូវ យើង​មាន​ចៅក្រម​របស់​យើង យើង​មាន​មេធាវី​របស់​យើង​ដើម្បី​មក​អនុវត្ត​នីតិ​រដ្ឋ​នេះ​ឯង»។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​គឺ​លោក​តំណាង​រាស្ត្រ យឹម សុវណ្ណ ថ្លែងថា សាលក្រម​ថ្មីៗ​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​ខ្មែរ ហើយ​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​កម្ពុជា​ទាំង​មូល។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ៖ «រឿង​លោក​ជំទាវ មូរ សុខហួរ វា​ជា​រឿង​មួយ ប៉ុន្តែ រឿង​ធំ​ជាង​នេះ​ទៅ​ទៀត គឺ​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​រងគ្រោះ​ដោយសារ​ប្រព័ន្ធ​តុលាការ​នេះ គឺ​រឿង​ដែល​អន្តរជាតិ អ្នក​វិនិយោគទុន​ល្អៗ​ដែល​មាន​លុយ រាប់​រយ​រាប់​ពាន់​លាន​ដុល្លារ គេ​មិន​ហ៊ាន​មក​រកស៊ី​ទេ។ ដូច្នេះ​រឿង​ផល​ប្រយោជន៍​ប្រទេស​ជាតិ​យើង កិត្តិយស​ប្រទេស​ជាតិ​យើង ប៉ះពាល់​ធំ​បំផុត​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​មិន​មាន​ភាព​ឯករាជ និង​មិន​កាត់​សេចក្ដី​ទៅ​តាម​គតិ​យុត្តិធម៌​នេះ​ឯង»។

សូម​ជម្រាប​ថា សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​របស់​អង្គការ​សហ​ប្រជាជាតិ ក៏​បាន​លើក​ឡើង​អំពី​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​និង​ផាក​ពិន័យ​ជា​ប្រាក់​ក្នុង​ករណី​លោក មឿង សុន ជា​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ និង​លោក ហង្ស ចក្រា ជា​និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ផងដែរ ថា ផល​ប៉ះពាល់​នៃ​ការផ្តន្ទា​ទោស​នោះ​គឺ​អាច​នាំ​ឲ្យ​សាធារណជន​លែង​ហ៊ាន​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​សំខាន់ៗ​ទាក់ទង​នឹង​ផល​ប្រយោជន៍​សាធារណៈ​ក៏​ដូច​ជា​កាត់​បន្ថយ​កម្រិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​កម្ពុជា៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia