ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Friday, June 19, 2009

សម្តែងការខកចិត្តចំពោះការប៉ុនប៉ងព្យួរអភ័យឯកសិទ្ធិ



គណៈកម្មាធិការប្រព្រឹត្ដិកម្ម សម្ដែងងការខកចិត្ដចំពោះការប៉ុនប៉ងព្យួរអភ័យឯកសិទ្ធិ អ្នកតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី





ភ្នំពេញៈ គណៈកម្មាធិការប្រព្រឹត្ដិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិកម្ពុជា ដែលជាសម្ព័ន្ធ នៃអង្គការ- សមាគមការពារសិទ្ធិមនុស្ស នៅក្ន្នុង ព្រះរាជាណាចក្រកម្ពុជា មានសមាជិកចំនួន ២១ សម្ដែងនូវការ ខកចិត្ដចំពោះការប៉ុនប៉ងព្យួរអភ័យឯកសិទ្ធិរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅលើ តំណាងរាស្ដ្រ ស្ដ្រីរបស់គណបក្សសម រង្ស៊ី គឺលោកស្រី មួរ សុខហួរ នៅក្នុងសម័យប្រជុំពេញអង្គ ដែលនឹងធ្វើទ្បើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ នាថ្ងៃនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រព្រឹត្ដិកម្ម ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា នេះបានសរសេរកត់សំគាល់ថា ការប៉ុនប៉ង ព្យួរអភ័យឯកសិទ្ធិទៅលើអ្នកតំណាងរាស្ដ្រ ដើម្បី បើកច្រក ឱ្យតុលាការក្រុងភ្នំ ពេញ សម្រេចធ្វើការចោទប្រកាន់សមាជិកសភាលោកស្រី មួរ សុខហួរ ក្រោយពេល ដែលបានបដិសេធ តម្កល់ទុក មិនចាត់ការបណ្ដឹងរបស់សមាជិកសភារូបនេះ គឺជាការគំរាមកំហែង ខាងនយោបាយមួយ ពីព្រោះថា សិទ្ធិក្នុងការបញ្ចេញមតិ របស់សមាជិកសភា មកពីគណបក្សជំទាស់ ត្រូវបានគេបំភិតបំភ័យ ហើយសមាជិកដទៃផ្សេងទៀត នៃគណបក្ស ដែលមានសំឡេងភាគតិច នៅក្នុងរដ្ឋសភា នឹងត្រូវរង នូវការបំភិតបំភ័យដូចគ្នាដែរ ប្រសិនបើមាន ការថ្លែង ឬការនិយាយនោះ ប៉ះពាល់ដល់ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលនោះ។ គួរបញ្ជាក់ថា បណ្ដឹងរបស់អ្នកតំណាងរាស្ដ្រគណបក្សសម រង្ស៊ី លោកស្រី មួរ សុខហួរ ប្រឆាំង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងក្រោយពេលដែលមាន ការលើកឡើង ជាសាធារណៈ របស់លោកកាលពីអំឡុងដើមខែមេសា នៅឯខេត្ដកំពត ។ បណ្ដឹងរបស់ អ្នកតំណាង រាស្ដ្ររូបនេះ ត្រូវបាន តុលាការក្រុងភ្នំពេញ សម្រេចមិនចាត់ការ ក្រោយពីព្រះរាជអាជ្ញា បានអះអាងថា មិនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់សម្ដេចនាយករដ្ឋមន្ដ្រីពី "បទបរិហារកេរ្ដិ៍ " ដោយបាន យោងសំដីនាយករដ្ឋមន្ដ្រីនាពេលនោះអំពី " ស្ដ្រីជើងខ្លាំងមួយរូប " ។ ទន្ទឹមនឹងនេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី តាមរយៈមេធាវីរបស់លោក បានប្ដឹងលោកស្រី មួរ សុខហួរ និងមេធាវី របស់លោកស្រី គឺលោកគង់ សំអុន ពី "បទបរិហារកេរ្ដិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត " ដែលបណ្ដឹងនេះ នាំទៅដល់ការបើកកិច្ចស៊ើបសួរពីសំណាក់តុលាការ ក្រុងភ្នំពេញទៅលើ លោកស្រី សមាជិកសភារូបនេះ និងបានស្នើសុំរដ្ឋសភាកម្ពុជា "ព្យួរអភ័យឯកសិទ្ធិ" ទៅទៀត។

ទាក់ទិននឹងបណ្ដឹងបក ដោយនាយករដ្ឋមន្ដ្រី ដែលបានដាក់ប្ដឹងសមាជិកសភារូបនេះទៅតុលាការ ក្រុង ភ្នំពេញ នាពេលកន្លងមក ត្រូវបានលោក សុក សំអឿន ប្រធានសម្របសម្រួល គណៈកម្មាធិការ ប្រព្រឹត្ដិកម្មបានមានប្រសាសន៍ថាៈការព្យួរអភ័យឯកសិទ្ធិរបស់សមាជិកសភា ណាមួយមិនមែន ជាការលំបាកទេ សំរាប់គណបក្សកាន់អំណាច ក៏ប៉ុន្ដែយើងសង្ឃឹមថា ឯកឧត្ដម លោកជំទាវ ជាអ្នកតំណាងរាស្ដ្រនឹងធ្វើការថ្លឹងថ្លែងច្បាស់លាស់ អំពីទំនាស់របស់បុគ្គល និងអំណាច របស់អង្គនីតិបញ្ញត្ដិ ។ ជុំវិញបញ្ហានេះដែរលោក ធន សារាយ ប្រធានសមាគមអាដហុក និងជាសមាជិក គន្លឹះគណៈ កម្មាធិការប្រព្រឹត្ដិកម្ម បានលើកឡើងដែរថាៈ ការបន្ដប្ដឹងផ្ដល់របស់អ្នកនយោបាយ ដោយប្រើប្រាស់ មធ្យោបាយតុលាការ គួរតែបញ្ចប់ទៅ នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងធ្វើ ដំណើរទៅកាន់ លទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ននេះ ។ ពីព្រោះថា ចង់មិនចង់ មជ្ឈដ្ឋានទូទៅអាចវាយតម្លៃ ស្ថាប័ន តុលាការនៅកម្ពុជា គ្រាន់តែជាឧបករណ៍នយោបាយនៃគណបក្សកាន់អំណាច ឬអង្គការ នីតិប្រតិបត្ដិ ប៉ុណ្ណោះ។ ហើយជាបច្ច័យអាក្រក់ទៅពេលខាងមុខនោះគឺថាអ្នកនយោបាយខ្មែរ មិនចេះ ជជែក ដោះស្រាយបញ្ហាជាមួយគ្នា ហើយចេះតែប្ដឹងផ្ដល់គ្នាមិនចេះចប់ មិនចេះហើយ ដែលប៉ះពាល់ កិត្យានុភាពជាតិ ទាំងមូលនៅក្នុងស្រុក ក៏ដូចជានៅលើឆាកអន្ដរជាតិផងដែរ។ លើសពីនេះទៅទៀត បច្ច័យអាក្រក់នេះ នឹងប៉ះពាល់ទៅ ដល់គោលការណ៍បង្រួបបង្រួមជាតិ និងតម្លៃនៃអភ័យឯកសិទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។


ទាក់ទិននឹងបញ្ហាខាងលើនេះសេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការប្រព្រឹត្ដិកម្ម បានធ្វើការអំពាវនាវ ដល់រដ្ឋសភាមេត្ដាពិចារណាឡើងវិញចំពោះការប៉ុនប៉ងព្យួរអភ័យឯកសិទ្ធិ សមាជិកសភា មួរ សុខហួរ។ ម្យ៉ាងទៀត យើងក៏សូមទទូច ដល់តុលាការក្រុងភ្នំពេញ បំពេញកិច្ចប្រកបដោយឯករាជ្យ និង មិនលំអៀង ដើម្បីចៀសវាងការចោទប្រកាន់ដែលថា ទង្វើបែបនោះ គ្រាន់តែជាសំពាធនយោបាយ និងជាការគំរាមកំហែងដល់អ្នកនយោបាយ មកពីគណបក្សដែលមានសំឡេងតិចនៅក្ន្នុងរដ្ឋសភា និងបុគ្គលផ្សេងទៀត នៅក្នុងការសម្ដែងមតិ និងបំពេញសកម្មភាពការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ និង ជាតិទាំងមូលនោះ។

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia