ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, July 7, 2010

សាលាដំបូងរាជធានីភ្នំពេញ ដាក់ឱសានវាទដល់ មូរ សុខហួរ


អយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យដំណឹង បង្គាប់ឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យទៅរតនាគារជាតិ ដាក់ជាថវិការបស់រដ្ឋ បើមិនដូច្នោះទេ តុលាការនឹងបញ្ជាឲ្យចាប់ខ្លួនលោកស្រីដាក់ពន្ធនាគារ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន នៅថ្ងៃទី៦ ខែកក្កដានេះ បានចេញដីកាឲ្យដំណឹង សម្រេចឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យចំនួន ៨,៥លានរៀលចូលជាថវិការដ្ឋ ដោយកំណត់រយៈពេលចុងក្រោយ ១០ថ្ងៃ គិតពីថ្ងៃទី៦ ខែកក្កដានេះតទៅ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាប់ខ្លួនលោកស្រីដាក់គុក។
ដីកាលេខ៩១ ចុះថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ថា ដើម្បីការពារផលប្រយោជន៍នៃច្បាប់ចំពោះការអនុវត្តសាលដីកាលេខ៥៨ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ របស់តុលាការកំពូលឲ្យមានប្រសិទ្ធភាព និងសំណុំរឿងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលេខ៦៩ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០។ អយ្យការអមសាលាដំបូងសម្រេចជាចុងក្រោយឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យនេះនៅអង្គភាពរតនាគាររាជធានីភ្នំពេញ។ បើមិនព្រមបង់ប្រាក់ពិន័យទេ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន ដើម្បីបង្ខំដល់រួបកាយតាមច្បាប់តទៅ។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ខែត្រកំពត បានមានប្រសាសន៍ថា លោកស្រីបានទទួលដីកាឲ្យដំណឹងនេះហើយ នៅថ្ងៃទី៦ ខែកក្កដានេះ ប៉ុន្តែលោកស្រីនៅតែបដិសេធថា លោកស្រីមិនព្រមបង់ប្រាក់តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះទេ លោកស្រីសុខចិត្តឲ្យតុលាការចាប់ដាក់ពន្ធនាគារ ដើម្បីបង្ហាញពីតុលាការមិនឯករាជ្យ ដែលជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចនោះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទុកជូនទៅតុលាការចាត់វិធានការ គឺក្នុងនាមថា ខ្ញុំមិនទទួលយកនូវអ្វីដែលជាតុលាការមិនអព្យាក្រឹត ហើយដែលជាតុលាការនយោបាយបានទេ។ ប្រសិនបើយើងនៅតែទុកខ្លួនយើងទទួលរងគ្រោះនឹងតុលាការរបៀបហ្នឹង តើពេលណានឹងអាចកែទម្រង់បាន?»។
តុលាការរាជធានីភ្នំពេញ និងរតនាគាររាជធានីភ្នំពេញ បានដាក់ការកំណត់ឲ្យលោកស្រី មួរ សុខហួរ បង់ប្រាក់ពិន័យចំនួន ១៦លាន ៥សែនរៀល ក្នុងករណីដែលតុលាការកម្ពុជា កាត់ឲ្យលោកស្រីចាញ់ក្តីករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា កន្លងទៅ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែកក្កដា ចំពោះករណីលោកស្រី មួរ សុខហួរ ថា ការចោទប្រកាន់រដ្ឋាភិបាល និងការដើរចូលពន្ធនាគារ ជាជម្រើសរបស់លោកស្រី វាមិនទាក់ទងនឹងការសម្រេចរបស់តុលាការទេ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានលើកឡើងថា កន្លងមករដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់អំពីប្រព័ន្ធតុលាការកម្ពុជា មិនទាន់មានភាពឯករាជ្យទាំងស្រុងនៅឡើយដែរ។
ប៉ុន្តែលោក សុក សំអឿន បានបញ្ជាក់អំពីករណីលោកស្រី មូរ សុខហួរ ដូច្នេះ ៖ «ក៏ប៉ុន្តែដើម្បីនីតិរដ្ឋគាត់ត្រូវតែបង់ ទោះបីតុលាការហ្នឹងគាត់គោរព ឬមិនគោរពក៏ដោយ ប៉ុន្តែដើម្បីឲ្យមាននីតិរដ្ឋគាត់ត្រូវធ្វើគំរូ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា កំពុងជួបប្រទះនឹងការលំបាកជាច្រើនក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនក្រីក្រនៅកម្ពុជា៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia