ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Sunday, June 20, 2010

សំណុំរឿងទី២របស់លោកសមរង្ស៊ីនឹង​ត្រូវជំនុំជម្រះនៅខែក្រោយ


ប្រភពពីមេធាវីលោក សម រង្ស៊ី បានឲ្យដឹងថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្ដើមជំនុំជម្រះ រឿងក្ដីទីពីរ របស់លោក សម រង្ស៊ី ដែលត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតនៅពេលឆាប់ៗខាងមុខនេះហើយ ក្រោយពី ចៅក្រមស៊ើបអង្កេតបានបិទការស៊ើបសួរកាលពីសប្ដាហ៍មុន។


លោក ជូង ជូងី មេធាវីលោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារលោក សម រង្ស៊ី បើទោះបីជាលោកមិនមានជំនឿទៅលើប្រព័ន្ធតុលាការក៏ដោយ។


លោក ជូង ជូងី មានប្រសាសន៍ដូច្នេះ ៖ «តុលាការស្រុកខ្មែរយើងដឹងទាំងអស់គ្នាហើយ បើនិយាយពីសង្ឃឹម យើងពិបាក និយាយណាស់។ ខ្ញុំគិតថា ខ្ញុំត្រូវប្រើបច្ចេកទេសឲ្យអស់លទ្ធភាពរបស់ខ្ញុំ ដើម្បីការពារសិទ្ធិកូនក្ដីរបស់ខ្ញុំតាមផ្លូវច្បាប់»។


លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្ដឹងមួយករណីផ្សេងទៀត ក្រោយពីលោកបានផ្សព្វផ្សាយនូវឯកសារផែនទីរបស់ Google Earth ដោយនិយាយថា ការបោះបង្គោលព្រំដែនរវាងខ្មែរ និងវៀតណាម លេខ១៨៤ ១៨៥ ១៨៦ និងបង្គោល លេខ ១៨៧ បាននាំឲ្យខ្មែរបាត់បង់ទឹកដី ដោយសារបង្គោលនោះបានបោះចូលមកក្នុងដីខ្មែរចន្លោះប្រមាណពី ២០០ ទៅ ៥០០ម៉ែត្រ។


ការផ្សព្វផ្សាយឯកសារ Google Earth របស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពីជម្លោះក្ដៅគគុករឿងព្រំដែន ដែលនាំឲ្យ មានការដកបង្គោលតម្រុយព្រំដែនបោះចោលនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយតុលាការ ខេត្តស្វាយរៀង ក៏បានផ្ដន្ទាទោសលោក និងកសិករ ២នាក់ដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងផាកពិន័យជាប្រាក់ជាច្រើនលានរៀល។


មេធាវីរបស់រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍ថា លោកនឹងនាំយកឯកសារភស្តុតាងទៅដាក់បង្ហាញដើម្បីធ្វើការ ចោទប្រកាន់លោក សម រង្ស៊ី នៅថ្ងៃនោះ។


លោក គី តិច មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមានតែឯកសារដែលបានដាក់ជូនតុលាការប៉ុណ្ណឹងឯង ហើយយើងស្នើសុំឲ្យ អ្នកជំនាញខាងព្រំដែនហ្នឹង គាត់ចូលទៅបំភ្លឺនៅពេលសវនាការ»។


មន្ត្រីតុលាការមិនទាន់បានកំណត់កាលបរិច្ឆេទនៃការបើកការជំនុំជម្រះនោះនៅឡើយទេ ថ្វីបើគេទទួលបានដំណឹងថា ប្រហែលជាធ្វើឡើងនៅខែក្រោយនេះក៏ដោយ។


ការបិទការស៊ើបសួរជាដំណាក់កាលដំបូង ធ្វើឡើងក្រោយពីចៅក្រមស៊ើបអង្កេតបានចេញដីកាកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរចំនួន ២លើក ប៉ុន្តែលោកមិនបានចូលខ្លួនបំភ្លឺឡើយ។ ព្រះរាជអាជ្ញា សុខ រឿន ថ្លែងថា គេកំពុងរង់ចាំមើល សំណុំរឿងពីចៅក្រមស៊ើបអង្កេត។


លោក សម រង្ស៊ី វិញ ធ្លាប់បានបញ្ជាក់ថា លោកនឹងមិនប្រឈមមុខនៅក្នុងសវនាការនោះឡើយ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia