ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, June 2, 2010

បក្សសមរង្ស៊ីគ្រោងទៅពិនិត្យព្រំដែនទោះជាប្រធាន សភាមិនអនុញ្ញាត


ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃ១ មិថុនានេះ បានបដិសេធមិនឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ១៦រូប ចុះបំពេញបេសកកម្មពិនិត្យដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ២៧០ ស្ថិតនៅក្នុងឃុំជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យអ្នកតំណាងរាស្ត្រទាំង ១៦រូបនោះ ដាក់សំណួរទៅរដ្ឋាភិបាលវិញដើម្បីឲ្យមានការពន្យល់ពីដំណើរការបោះបង្គោលព្រំដែននេះ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃពុធ ខែមិថុនានេះ ថា អ្នកតំណាងរាស្ត្រយ៉ាងតិចចំនួន ១៦រូបនេះ នឹងបន្តគម្រោងដំណើរពិនិត្យការបោះបង្គោលនៅថ្ងៃព្រហស្បតិ៍នេះដដែល បើទោះបីគ្មានការអនុញ្ញាតពីលោក ហេង សំរិន ក៏ដោយ។

យោងតាមលិខិតអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ដែលចេញនៅថ្ងៃ១ ខែមិថុនា ផ្ញើជូនអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ទាំង ១៦រូប បានបញ្ជាក់ថា ប្រធានរដ្ឋសភា លោក ហេង សំរិន មិនអនុញ្ញាត និងមិនទទួលខុសត្រូវចំពោះសំណើរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដើម្បីទៅពិនិត្យមើលដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមទេ។


លោក ឡេង ប៉េងឡុង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការបដិសេធមិនឲ្យអ្នកតំណាងរាស្ត្រ សម រង្ស៊ី ដើម្បីបំពេញបេសកកម្មនេះឡើយ ប៉ុន្តែលោកបានស្នើឲ្យអ្នកតំណាងរាស្ត្រ ធ្វើជាសំណើទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយបំភ្លឺទៅលើផែនទីព្រំដែន ដែលមានកំណត់ទុកនៅអង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី៣១ ខែឧសភា តំណាងរាស្ត្រទាំង ១៦រូប បានស្នើសុំឲ្យលោក ហេង សំរិន ចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាព ក្នុងដំណើរទៅពិនិត្យការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ២៧០។

អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ថា ប្រធានសភាមិនអនុញ្ញាតឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ទៅពិនិត្យមើលការបោះបង្គោលព្រំដែន ដោយសារគណបក្ស សម រង្ស៊ី ធ្លាប់បានធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាល ដោយបានដកបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀងកន្លងមក។

លោក ជាម យៀប បានបដិសេធថា ការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រទៅពិនិត្យមើលការបោះបង្គោលព្រំដែននោះ ជាការរឹតត្បិតសិទ្ធិអ្នកតំណាងរាស្ត្រទេ។ លោកក៏បានព្រមានផងដែរនូវលទ្ធភាពដែលអាចមានអំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ក្នុងដំណើររបស់អ្នកតំណាងរាស្ត្រនេះ។

លោក យឹម សុវណ្ណ បន្ថែមថា លោកមិនរំពឹងថា នឹងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋឡើយ ចំពោះដំណើររបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។

នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិរដ្ឋាភិបាលនេះ អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រត្រូវបានរំលោភបំពានពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាល។

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia