
ក្រុមមន្ត្រីផ្នែកយុទ្ធនាការរបស់អង្គការ Global Witness បានឲ្យដឹងថា ក្រុមអ្នកផ្ដល់ជំនួយបានផ្ដល់ប្រាក់ ១ពាន់លានដុល្លារដល់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បើទោះបីមានភស្តុតាងពីអំពើពុករលួយ ការចាត់ចែងថវិកាជាតិមិនមានតម្លាភាព និងការខកខានម្ដងហើយម្ដងទៀត ដើម្បីអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការធ្វើកំណែទម្រង់នោះក៏ដោយ។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេសអ្នកផ្ដល់ជំនួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃពុធ ទី២ ខែមិថុនានេះ អង្គការ Global Witness ក៏បានជំរុញឲ្យក្រុមអ្នកផ្តល់ជំនួយបរទេសទាំងអស់ ត្រូវចោទសួរដល់រដ្ឋាភិបាលកម្ពុជាអំពីភាពខ្វះការចាត់ចែងធនធានធម្មជាតិរបស់ប្រទេស។
នាយកផ្នែកយុទ្ធនាការរបស់អង្គការ Global Witness លោក ហ្កាវីន ហេមេន (Gavin Hayman) បានថ្លែងថា រដ្ឋាភិបាលកម្ពុជាតែងតែសន្យាថា នឹងធ្វើកំណែទម្រង់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរសោះ។
លោកថ្លែងថា នៅក្នុងរបាយការណ៍របស់អង្គការ Global Witness ធ្លាប់បានបង្ហាញថា ក្រុមឥស្សរជននយោបាយរបស់កម្ពុជា បានកេងចំណេញពីការលក់សម្បត្តិធនធានធម្មជាតិរបស់ប្រទេស។ លោកថ្លែងបញ្ជាក់ថា ក្រុមប្រទេសអ្នកផ្ដល់ជំនួយមិនត្រូវបន្តធ្វើមិនដឹង មិនឮទៀតនោះឡើយ។
នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារដោយប្រសាសន៍ធ្ងន់ៗទៅលើអង្គការ Global Witness ថាជាក្រុមចោរ បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិមួយនេះ បានរិះគន់រដ្ឋាភិបាលរបស់លោកថា មានអំពើពុករលួយនៅក្នុងវិស័យឧស្សាហកម្មរ៉ែ៕
No comments:
Post a Comment