
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺធ្វើឡើងតបទៅនឹងការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ ASTV កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដែលថា មេបញ្ជាការយោធាភូមិភាគ២ ថៃ ឈ្មោះ Vivalit Chhomsomrit បានអះអាងថា មានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមអាវក្រហមមួយចំនួន បានឆ្លងចូលមកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទីដែលពួកគេទទួលការហ្វឹកហ្វឺនរបៀបធ្វើសកម្មភាពផ្សេងៗ មុននឹងបង្កើតទីបញ្ជាការមួយនៅក្នុងខេត្តសុគន់ណាក់ឃន ក្នុងជំហានទីមួយ ដើម្បីប្រកាសថា តំបន់ភាគឦសានរបស់ប្រទេសថៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាវក្រហម។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ ក៏បានគូសបញ្ជាក់ផងដែរអំពីគោលជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានការមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
សេចក្ដីថ្លែងការណ៍ក៏បានស្នើដល់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាថៃ ព្រមទាំងបណ្ដាញសារព័ត៌មានថៃ ត្រូវតែប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនឹងអាចនាំឲ្យមានការយល់ច្រឡំរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ៕
No comments:
Post a Comment