ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 23, 2009

រដ្ឋាភិបាលប្តេជ្ញារកយុត្តិធម៌ឲ្យយុវជនកម្ពុជា ដែលត្រូវទាហានថៃដុតទាំងរស់


ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/09/2009 11:41 ម៉ោងសកល


អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​ច្រាន​ចោល​ចំពោះ​ដំណឹង ស្តី​ពី ការ​ដុត​យុវជន​ខ្មែរ​ទាំង​រស់ នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។ ការបដិសេធ​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​កំណត់​ទូត ដាក់​ទៅ​កាន់​ភាគី​ថៃ ដោយ​មាន​ទាំង​រូបថត បង្ហាញ​ថា ទាហាន​ថៃ​បាន​បាញ់​យុវជន​កម្ពុជា​ម្នាក់​អាយុ​១៦​ឆ្នាំ ឲ្យ​រង​របួស ហើយ​បាន​ដុត​សម្លាប់​ទាំង​រស់ កាល​ពី​ថ្ងៃ​ទី​១១​កញ្ញា។

ទាហាន​ឈុត​ខ្មៅ​សៀម​នៅ​ ​ព្រំដែន​ព្រះវិហារ(រូបថត ៖ Reuters)
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​អះអាង​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ មិន​បាន​បាញ់ និង​ដុត​សម្លាប់​យុវជន​កម្ពុជា ដែល​កាប់​ឈើ​ខុស​ច្បាប់ តាម​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ឡើយ។


អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ ត្រូវ​បាន​កាសែត​ស្រង់​សម្តី​ថា ក្រោយពី​ទាក់ទង​ជា​មួយ​នឹង​ការិយាល័យ​កិច្ចការ​ព្រំដែន​ថៃ​រួច​មក ក្រសួង​ការបរទេស​ថៃ រក​ឃើញ​ថា របាយ​ការណ៍​ស្តី​ពី​ការ​បាញ់ និង​ដុត​យុវជន​ខ្មែរ​ទាំង​រស់​នោះ មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ។ ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ បាន​បញ្ជាក់​ថា ទាហាន​ថៃ​ក្នុង​ខេត្ត​សុរិន្ទ កាលពី​ថ្ងៃ​១១​កញ្ញា អាទិត្យ​មុន បាន​បាញ់​រះ​ឡើង​លើ បន្ទាប់ពី​ទទួល​ដំណឹង​ថា មាន​យុវជន​កម្ពុជា​ប្រមាណ ៨ នាក់ បាន​លប​ចូល​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ។


ការបដិសេធ​របស់​ក្រសួង​ការបរទេស​ថៃ​បែប​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤​កញ្ញា បាន​ធ្វើ​កំណត់​ទូត ដាក់​ទៅ​កាន់​ក្រសួង​ការ​បរទេស​ថៃ ដោយ​ថ្កោល​ទោស​ ចំពោះ​អំពើ​អមនុស្សធម៌​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​បាញ់ និង​ដុត​សម្លាប់​យុវជន​កម្ពុជា​ម្នាក់​ទាំង​រស់ នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។


បន្ថែម​លើស​ពី​នេះ នៅថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ថា រឿង​ទាហាន​ថៃ​ដុត​យុវជន​ខ្មែរ​ទាំង​រស់ គឺ​ជា​ការ​ពិត ព្រោះ​មាន​រូប​ថត កាក​សំណល់​ឆ្អឹង និង​ចំណង​ដែល​ជាប់​នឹង​ដៃ ជា​ភស្ថុតាង។


តាម​មន្ត្រី​ការទូត​កម្ពុជា គឺ​មិនទាន់​មាន​លិខិត​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​ក្រសួង​ការបរទេស​ថៃ នៅ​ឡើយ​ទេ នៅ​ក្នុង​រឿង​ទាហាន​ថៃ​ដុត​យុវជន​កម្ពុជា។ តែ​ទោះ​ជា​យ៉ាង​ណា លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​បញ្ឈប់​ការ​តវ៉ា និង​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​ឡើយ។


លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ពី​សំណូមពរ​ដាច់ខាត​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​ថៃ ចាំបាច់​ត្រូវ​តែ​ស៊ើប​អង្កេត និង​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទណ្ឌ​កម្ម​ឲ្យ​បាន។


ក្នុង​រឿង​ទាហាន​ថៃ​ដុត​យុវជន​កម្ពុជា​ម្នាក់ អាយុ​១៦​ឆ្នាំ ក៏​ត្រូវ​បាន​មេ​ដឹកនាំ​គណបក្ស ជំទាស់ ​សមរង្ស៊ី និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា និង​ចាត់ទុក ជា​អំពើ​អមនុស្សធម៌។ លោក សម រង្ស៊ី និង​សង្គម​ស៊ីវិល​ បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​ទាហាន​ថៃ អ្នក​ប្រព្រឹត្ត​ដើម្បី​កាត់ទោស​តាម​ច្បាប់៕

កម្ពុជាថ្កោលទោសអំពើយង់ឃ្នងរបស់ទាហានថៃ


ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/09/2009 12:31 ម៉ោងសកល


ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់ទូត​មួយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ ថ្កោលទោស​អំពើ​អមនុស្សធម៌​របស់​ទាហាន​ឈុតខ្មៅ​ថៃ ដែល​បាន​ដុត​ខ្លួន​ក្មេងប្រុស​កម្ពុជា​ទាំងរស់​ នៅ​ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ។


ក្រសួង​ការបរទេស​​ខ្មែរ​​បាន​ធ្វើ​កំណត់ទូត​មួយ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​ នៅ​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ ចាត់ទុក​អំពើ​ដុត​កុមារ​ខ្មែរ​ទាំង​រស់​ថា​ ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​មនុស្សធម៌​អន្តរជាតិ ហើយ​ក៏​បាន​រំលោភ​ទៅ​លើ​កំណត់ហេតុ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ថៃ​ផង​ដែរ។


កំណត់ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​អមនុស្សធម៌​បែបនេះ​កុំ​ឲ្យ​កើត​មានឡើង​សាជាថ្មី​ទៀត ហើយ​និង​នាំខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។


ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​សោកសង្រេង​មួយ​របស់​កុមារ​ខ្មែរ​ម្នាក់ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ។ កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា នៅ​វេលា​ថ្ងៃត្រង់​ អ្នកភូមិ​ ដែល​ស៊ីឈ្នួល​កាប់អុស​ ចំនួន​១០នាក់​បាន​ទទួល​រង​ការ​ដេញ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​ថៃ​ នៃ​ខេត្ត​សុរិន្ទ ខាងកើត​ច្រក​ព្រំដែន​អូរស្មាច់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ពីរ​នាក់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ យុន រិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​បាន ហើយ​យក​ទៅ​ចង​ផ្អោប​ជាប់​នឹង​រទេះ​អូស​ឈើ​២គ្រឿង មុន​នឹង​ចាក់​ប្រេងសាំង​ដុត​សម្លាប់​ទាំង​រស់។


សំណល់​សាកសព​ជន​រងគ្រោះ​ ដែល​សល់តែ​ក្បាល​ ត្រូវ​បាន​អ្នកភូមិ និង​អាជ្ញាធរ​ការពារ​ព្រំដែន​កម្ពុជា​រក​ឃើញ​ នៅក្នុង​គំនរ​ភ្នក់ភ្លើង​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​១៣ កញ្ញា។ ជាច្រើនឆ្នាំ​មកហើយ សារព័ត៌មាន​ក្នុង​ស្រុក​តែងតែ​មាន​ការ​ផ្សព្វផ្សាយ​ អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ទាហាន​ថៃ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រកស៊ី​តាម​ព្រំដែន និង​ឆ្លង​ទៅ​ធ្វើការ​ នៅលើ​ទឹក​ដី​ថៃ។ ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​លេស​ថា ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ ការ​រត់ពន្ធ​គ្រឿងញៀន​មិនមែន​ទើប​តែ​កើត​ឡើង​ជា​លើក​ដំបូង​នោះ​ឡើយ។


លោក​ចាន់ សុវេត មន្ត្រី​តាមដាន​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា តាមរយៈ​ការ​កត់ត្រា​របស់​សមាគម​អាដហុក ក្នុង​មួយឆ្នាំៗ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​ថៃ​ មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​មិនតិច​ជាង​១០ករណី​ទេ។ លោក​ចាន់ សុវេត បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពិចារណា អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ជិត​ខាង​ទាំងពីរ និង​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​គុំគួន​រវាង​ប្រជាជន​ទាំងពីរ​ទៀតផង៕

ពលរដ្ឋនៅបាត់ដំបងទាមទារឲ្យបង្ក្រាបបទល្មើសនេសាទខុសច្បាប់


ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​៤​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ដែល​កំពុង​កើត​មាន​ជា​ហូរហែ​ក្នុង​ផ្ទៃ​បឹង ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ការ​ព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា ជិត​១០០​នាក់​មក​ពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​សាលា​ឃុំ​កំពង់​ព្រៀង នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជល​ផល​និង​មន្ត្រី​មូលដ្ឋាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់។


លោក សោម សារិទ្ធិ តំណាង​ក្រុម​អ្នក​តវ៉ា​បាន​ថ្លែង​ថា ការ​ដាក់​អួន​ក្រឡា​ញឹក ឬ​ហៅ​ថា ណរ​រ៉ាវ មាន​ប្រវែង​ចាប់​ពី ៥០០​ម៉ែត្រ​ឡើង​ទៅ ប្រហែល​៣០​កន្លែង ត្រូវ​បាន​ជន​ល្មើស​ដាក់​ចាប់​ត្រី​នៅ​ពេញ​ផ្ទៃ​ទឹក​បឹង ត្រង់​ភូមិ​សាស្ត្រ​ព្រៃ​រនាម​ក្រោម ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ៖ «មិន​បាច់​ចាំ​អាជ្ញាធរ​ចុះ​បង្ក្រាប​ក៏​បាន សុំ​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​បង្ក្រាប​ផ្ទាល់​តែ​ម្តង ពី​ខែ​៩ រហូត​ដល់​ខែ​១១ គឺ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចុះ​ចូលរួម​ផ្ទាល់​តែ​ម្ដង ព្រោះ​រយៈ​កាល​កន្លង​មក អាជ្ញាធរ​ថា​បង្ក្រាប តែ​មិន​បាន​បង្ក្រាប​ទេ គឺ​កាន់​តែ​កើន​ឡើង»។


លោក ម៉ឹង នី ក្នុង​ចំណោម​អ្នក​តវ៉ា​ជិត ១០០​នាក់ បាន​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ទាំង​ប៉ូលិស ទាំង​ក្រសួង​ជំនាញ​គេ​ចុះ​ទៅ​ហ្នឹង គេ​ចុះ​ទៅ​កាត់​៤​ម៉ែត្រ ៥​ម៉ែត្រ ១០​ម៉ែត្រ គេ​ទៅ​ទៀត​ទៅ។ មួយ​ថ្ងៃ​ទៅ​ពីរ​បី​កន្លែង ទៅ​ធ្វើ​អី​កើត»។


ប្រភព​ពី​ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​កំពុង​គំរាម​កំហែង​ទៅ​ដល់​ធន​ធាន​មច្ឆជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អ្នក​ភូមិ​មិន​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន។


លោក អ៊ុក សាវ៉ាត តំណាង​សហគមន៍​នេសាទ​ភូមិ​កាច់​រទេះ​ក្នុង​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​នេសាទ​កើន​ឡើង​មែន ៖ «អ្នក​ដាក់​ណរ​រ៉ាវ គឺ​សុទ្ធ​តែ​អ្នក​មក​ពី​ក្រៅ មិន​មែន​អ្នក​ភូមិ​យើង​ទេ»។


ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិ​នេះ លោក ង៉ែត សឿ មេ​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ភូមិ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​រួម​គ្នា ៖ «អាជ្ញាធរ​និង​សមត្ថកិច្ច​គឺ​ចូលរួម​លើ​ការងារ​ការពារ​ផ្លូវ​ច្បាប់ ការពារ​សុវត្ថិភាព​ហើយ ស្បៀង​អាហារ​មួយ​ចំនួន ព្រម​ទាំង​មធ្យោបាយ​មួយ​ចំនួន​ទៀត»។


ទោះ​យ៉ាង​ណា គេ​មិន​ឃើញ​មាន​វត្តមាន​មន្ត្រី​ជល​ផល​ទៅ​បង្ហាញ​មុខ ខណៈ​ដែល​អ្នក​ភូមិ​ធ្វើការ​តវ៉ា​នេះ​ទេ។


លោក ហេង ពិសិដ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​អះអាង​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ព្រៃ​រនាម​ក្រោម គឺ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក។


យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា មន្ត្រី​ជល​ផល មន្ត្រី​ឃុំ និង​សហគមន៍​ដែល​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​ខាង​លើ​នេះ នា​ពេល​កន្លង​មក គឺ​មិន​មាន​ប្រសិទ្ធ​ភាព។


លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ការ​ទាមទារ​របស់​អ្នក​ភូមិ​គឺ​ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់​ដំបង ដែល​មាន​តួនាទី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ ឬ​ពួក​គេ​ដឹង​ហើយ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ៕

និពន្ធនាយកកាសែត ឌឹ ឃែមបូឌា ដេលី ត្រូវផ្តន្ទាទោសពីបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត


តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​និពន្ធ​នាយក​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​២២ កញ្ញា បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស លោក ខេវិន ដូល (Kevin Doyle) ជា​និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត គឺ​លោក ណៅ វ៉ាន់ណារិន ដោយ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ម្នាក់ៗ​៤​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត ប៉ុន្តែ​តុលាការ​ដដែល​បាន​ប្រកាស​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​បក្ស​សមរង្ស៊ី។


លោក សិន វិសាល ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម​ថា តុលាការ​ផ្តន្ទា​ទោស​លោក ខេវិន ដូល អាយុ​៤១​ឆ្នាំ និង​លោក ណៅ វ៉ាន់ណារិន អាយុ​២៦​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​៤​លាន​រៀល​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត កាល​ពី​ថៃ្ង​ទី​២១ ខែ​មេសា ឆ្នាំ​២០០៩​កន្លង​ទៅ។


ចៅក្រម​ដដែល​បាន​ប្រកាស​សាលក្រម​បន្ត​ទៀត​ថា តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ អាយុ​៦២​ឆ្នាំ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្រោម​បទ​បរិហារ​កេរ្ដិ៍។


លោក ជា ប៉ូច តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី ដែល​បាន​ចូលរួម​តាមដាន​ស្ដាប់​ការ​ប្រកាស​សាលក្រម​នោះ បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា លោក​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ។


លោក ជា ប៉ូច បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា​គឺ​ជា​ការ​ល្អ ហើយ​ឆ្ពោះ​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​យើង។ ខ្ញុំ​អម្បាញ់​មិញ​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​សហការី​ដើម្បី​ប្រាប់​ថា បញ្ជូន​ព័ត៌មាន​ទៅ​លោក ហូ វ៉ាន់ ភ្លាម ដើម្បី​ឲ្យ​លោក ហូ វ៉ាន់ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ»។


លោក ខេវិន ដូល និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​អត្ថាធិប្បាយ​អី្វ​ទេ​ជុំវិញ​រឿង​នេះ។


លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​ថែ្លង​ថា ៖ «ឲ្យ​លោក ហូ វ៉ាន់ រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់ នេះ​ជា​ការ​ត្រឹមត្រូវ ហើយ​មួយ​ទៀត​គឺ​ការ​សម្រេច​ឲ្យ​និពន្ធ​នាយក ខេមបូឌា ដេលី ក៏​ដូច​ជា​អ្នក​យក​ព័ត៌មាន ខេមបូឌា ដេលី ផ្តន្ទា​ទោស​ដោយ​សង​ជា​ប្រាក់​៤​លាន​រៀល​នេះ យើង​ឃើញ​ថា វា​មិន​មែន​ជា​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ទេ»។


រីឯ​លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថែ្លង​ថា ៖ «ប៉ុន្តែ​យើង​សោកស្ដាយ​ចំពោះ​ការ​ដាក់​ពិរុទ្ធ ដាក់​ពិន័យ​ទៅ​លើ​អ្នក​សារព័ត៌មាន នេះ​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​សារព័ត៌មាន​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ដែរ។ គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មេរៀន​មួយ​សម្រាប់​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​យើង​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង»។
ការ​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ជម្រះ​ក្តី​លើ​សំណុំរឿង​នេះ កាល​ពី​ថៃ្ង​ទី​៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ។


សូម​ជម្រាប​ថា លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​រង​ការ​ប្តឹង​ពី​សំណាក់​មន្រ្តី​យោធា​ចំនួន​២២​នាក់​ក្រោម​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​រូប​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ប្រាប់​កាសែត ឌឹ ឃែមបូឌា ដេលី កាល​ពី​ថៃ្ង​ទី​២០ ខែ​មេសា​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ថា សញ្ញាបត្រ​ដែល​មន្រ្តី​យោធា​ទាំង​នោះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​គ្មាន​តម្លៃ​និង​គុណភាព​ទេ។ ក្រោយ​មក​លោក​បាន​សុំ​ទោស​ពី​រឿង​នេះ ហើយ​បាន​សុំ​ឲ្យ​មាន​ផ្សាយ​កែ​តម្រូវ។


រីឯ​កាសែត ឌឹ ឃែមបូឌា ដេលី ដែល​បាន​ដកស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នោះ​បាន​រង​ការ​ប្តឹង​ផងដែរ​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។


ហូ វ៉ាន់ អំពាវនាវ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័តមាន
អ្នក​តំណាង​រាស្រ្ដ ហូ វ៉ាន់ នៃ​គណបក្ស​សមរង្ស៊ី បាន​សម្ដែង​សេចក្ដី​ត្រេកអរ តែ​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័ត៌មាន។


លោក ហូ វ៉ាន់ បាន​ថ្លែង​ថា ៖ «ទើប​បាន​ដំណឹង​ពី​សេចក្ដី​ប្រកាស​សាលក្រម​សាលា​ដំបូង រាជធានី​ភ្នំពេញ ក្នុង​ករណី​របស់​ខ្ញុំ​បាទ នៅ​ឯ​ក្រៅ​ប្រទេស​នេះ មាន​សេចក្ដី​ត្រេកអរ​ជា​អតិបរិមា ហើយ​ក៏​សុំ​បញ្ជាក់​ថែម​ដែរ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើការ​សុំ​ទោស​ទេ នោះ​គឺ​យើង​ខ្ញុំ​ធ្វើការ​កែ​តម្រូវ​ក្នុង​កាសែត ឃែមបូឌា ដេលី ដែល​តុលាការ​សាលា​ដំបូង យក​បញ្ហា​នេះ​យក​មក​វិភាគ​បាន​ត្រឹមត្រូវ ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​សាលា​ដំបូង​ជួយ​សម្រួល​យ៉ាង​ណា​ឲ្យ​លោក ខេវិញ ដូល និង​លោក នៅ វណ្ណារិន កាសែត ខេមបូឌា ដេលី បាន​រួច​ខ្លួន​ដែរ ពីព្រោះ​គាត់​បាន​កែ​តម្រូវ​ក្នុង​ព័ត៌មាន​របស់​គាត់»។


លោក ហូ វ៉ាន់ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​បាន​ទទួល​សាលក្រម​នេះ​ហើយ លោក​នឹង​អញ្ជើញ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ៕

Tuesday, September 15, 2009

សមត្ថកិច្ចខែត្រកំពង់ធំតាមចាប់ជនសង្ស័យបាញ់ សម្លាប់សកម្មជនបក្សសមរង្ស៊ី


សមត្ថកិច្ច​នគរបាល​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​អះអាង​ថា គេ​បាន​ទទួល​ដីកា​ពី​តុលាការ​ខេត្ត​ហើយ​ដើម្បី​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ថា​បាន​បាញ់​សម្លាប់​សកម្មជន​បក្សសមរង្ស៊ី លោក ទូច ហូត កាល​ពី​យប់​ថៃ្ង​៤ កញ្ញា​កន្លង​ទៅ​នេះ នៅ​ក្នុង​ឃុំ​ចំណារលើ ស្រុក​ស្ទោង។

លោក សឹម ញឿន ជា​អធិការ​រង​នគរបាល​ស្រុង​ស្ទោង ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា លោក​បាន​ទទួល​ដីកា​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ប៉ុន្តែ​ជន​សង្ស័យ​នោះ​បាន​រត់​គេច​ខ្លួន​ពី​ផ្ទះ​សម្បែង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ៖ «តែ​ម្នាក់​ទេ ប៉ុន្តែ​យើង​ឃ្លាំ​មើល​រាល់​ថ្ងៃ​ហ្នឹង តាំង​ពី​ហ្នឹង​មក​វា​គេច​ខ្លួន​បាត់​ទៅ»។


សុខ សេរី ៖ ប៉ុន្តែ​តាម​ពិត​ពីរ​នាក់? សឹម ញឿន ៖ ពីរ ប៉ុន្តែ​ច្បាស់​តែ​ម្នាក់​ហ្នឹង។ ឃ្លាំ​ចាំ​មើល​ឲ្យ​តែ​ឃើញ​នឹង​អាល​ចាប់​តែម្ដង។ សុខ សេរី ៖ ចាប់​ពី​បទ​អី? សឹម ញឿន ៖ មនុស្ស​ឃាត មិន​មែន​ជា​រឿង​នយោបាយ​ទេ។


លោក ទេព លឹម សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង​ខាង​គណបក្ស​សមរង្ស៊ី​ដែល​បាន​ដឹង​ហេតុការណ៍​ឃាតកម្ម​នោះ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នៅ​ក្នុង​ឃាតកម្ម​នោះ​គឺ​មាន​ចំនួន​ពីរ​នាក់ ៖ «បើ​តាម​សាក្សី​អ្នក​ស្រុក​ឃើញ ពីរ​នាក់ ម្នាក់​នាក់​ឌុប ហើយ​ម្នាក់​នាក់​បាញ់»។


សុខ សេរី ៖ តើ​លោក​សំណូមពរ​យ៉ាង​ម៉េច? ទេព លឹម ៖ ខ្ញុំ​អត់​មាន​សំណូមពរ​អី​ទេ គ្រាន់​តែ​ថា ចង់​ឲ្យ​លោក​ខាង​តុលាការ​ហ្នឹង​រក​ចាប់​ខ្លួន​ឲ្យ​ផង ព្រោះ​ម្ចាស់​ផ្ទះ​ហ្នឹង​គេ​អត់​មាន​លទ្ធភាព​អី​ទេ។


លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​ថា ដំណើរ​ស៊ើប​អង្កេត​របស់​លោក​កំពុង​តែ​ដំណើរការ​នៅ​ទ្បើយ។


លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​ខ្ញុំ​មិន​ទាន់​និយាយ​ថា វា​ជា​រឿង​នយោបាយ​ឬ​ក៏​ជា​រឿង​ស្អី​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​យើង​បាន​ដឹង ខាង​ប៉ូលិស​គេ​បាន​ប្រាប់​អ៊ីចឹង​ដែរ ហើយ​ខាង​យើង​បាន​ធ្វើ​សេចក្ដី​រាយការណ៍​មក​ថា ឃាតករ​ត្រូវ​បាន​គេ​កត់​សម្គាល់​ហើយ។ ខាង​យើង​ខ្ញុំ​មិន​ទាន់​បាន​ធ្វើការ​សន្និដ្ឋាន​ថា តើ​វា​មក​ពី​ហេតុផល​អ្វី​ខ្លះ?»។


រីឯ​លោក ស៊ុន ធន់ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​នៃ​គណបក្ស​សមង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​មេត្តា​ចាប់​ឃាតករ​ពិត​ប្រាកដ ចាប់​ឲ្យ​ចំ​ឃាតករ​ពិត​ប្រាកដ ហើយ​សូម​ឲ្យ​ផ្ដន្ទា​ទោស​តាម​ច្បាប់»។
សូម​ជម្រាប​ថា លោក ទូច ហូត អាយុ​៤៥​ឆ្នាំ ជា​សកម្មជន​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ភូមិ​គរ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បាន​ប្រភព​អះអាង​ថា លោក​ត្រូវ​បាន​ឃាតករ​បិទ​មុខ​ចំនួន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ក្បែរ​ផ្ទះ ហើយ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់ កាល​ពី​យប់​ថៃ្ង​ទី​៤ ខែ​កញ្ញា​កន្លង​ទៅ នៅ​វេលា​ម៉ោង​៧​កន្លះ​យប់ នៅ​គ្រា​ដែល​រូប​លោក​និង​ក្រុម​គ្រួសារ​អង្គុយ​ទទួល​ទាន​បាយ​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ។


គណបក្ស​សមរង្ស៊ី​បាន​ចេញ​សេចក្តី​ថែ្លង​ការណ៍​មួយ​កាល​ពី​ថៃ្ង​ទី​៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ ថ្កោលទោស​អំពើ​ឃាតកម្ម​នោះ៕

ទាហានថៃចូលសង់ខ្ទមលើបន្ទាត់ព្រំដែន នៅជាប់ច្រកជប់គគីរ


កង​យោធា​រក្សា​ព្រំដែន​ខ្មែរ​នៅ​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា គេ​កំពុង​ព្យាយាម​បណ្តេញ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​១៥​នាក់ ដែល​បាន​ចូល​មក​សាង​សង់​ខ្ទម​៦​ខ្នង​នៅ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ដាច់​ស្រេច​នៅ​ជាប់​ច្រក​ជប់​គគីរ ឲ្យ​រុះ​រើ​និង​ចាក​ចេញ​ទៅ​វិញ​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែ​កញ្ញា។

កង​កម្លាំង​រក្សា​ព្រំ​ដែន​ខ្មែរ​មួយ​រូប​ប្រចាំ​ច្រក​ប៉ុស្តិ៍​ជប់​គគីរ​នោះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​១៥​នាក់​បាន​ចូល​មក​សង់​ខ្ទម​ចំនួន​៦​ខ្នង​នៅ​លើ​បន្ទាត់​ព្រំ​ដែន ដែល​មិន​ទាន់​ដាច់​ស្រេច​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​មក​ម៉្លេះ។


កង​រក្សា​ព្រំដែន​ខ្មែរ​ដដែល​បាន​ហៅ​សកម្មភាព​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​នោះ​ថា ជា​ការ​រំលោភ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​បញ្ហា​ព្រំ​ដែន ដែល​រដ្ឋាភិបាល​ខ្មែរ​-ថៃ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០០​កន្លង​មក ហើយ​កង​រក្សា​ព្រំ​ដែន​ខ្មែរ​បាន​ដាក់​កំហិត​ឲ្យ​ទាហាន​ថៃ​ឈុត​ខ្មៅ​ទាំង​នោះ​រុះ​រើ​ខ្ទម​និង​ចាក​ចេញ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ ៖ «ទាហាន​ឈុត​ខ្មៅ មក​ធ្វើ​ផ្ទះ ១៥​នាក់ ខ្ញុំ​ទៅ​ចរចា​គ្នា​ឲ្យ​រើ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ទៅ​មើល ព្រោះ​ខ្ញុំ​ត្រូវ​វេន​[បិណ្ឌ]​ក្នុង​វត្ត ខ្ញុំ​ក៏​មក​ធ្វើ​បុណ្យ​នៅ​វត្ត​សិន»។


ជំនួយការ​របស់​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​១៥​នាក់​នោះ​នៅ​ក្នុង​អង្គភាព​កង​រយ​លេខ​២១០៧ បាន​មក​សង់​ជម្រក​នៅ​លើ​បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ច្បាស់​លាស់ ហើយ​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ដាក់​កំហិត​នៅ​ពេល​ជួប​ចរចា​គ្នា​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​មក​ថា យ៉ាង​យូរ​ត្រឹម​៥​ថ្ងៃ​គឺ​ឲ្យ​ទាហាន​ថៃ​ទាំង​នោះ​រុះ​រើ​ឲ្យ​អស់​និង​ដក​កម្លាំង​ចាក​ចេញ​ទៅ​វិញ។


លោក ឈឹម ស៊ីវុធ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ថៃ​មួយ​ក្រុម​នៅ​ក្នុង​កង​រយ​លេខ​២១០៧ បាន​មក​សង់​ជម្រក​នៅ​លើ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​កំណត់​ច្បាស់​លាស់ ហើយ​កម្លាំង​យើង​បាន​ឃាត់​និង​ឲ្យ​វា​រុះ​រើ ដោយ​យើង​ដាក់​ខ​ឲ្យ​វា ៥​ថ្ងៃ​យ៉ាង​យូរ​គិត​ពី​ថ្ងៃ​ចរចា​កាល​ពី​ថ្ងៃ​ទី​១២​[កញ្ញា]​ហ្នឹង​មក»។
មន្ត្រី​ព្រំ​ដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចរចា​​ក្រុម​ទាហាន​ថៃ​ទាំង​នោះ​បាន​យល់​ព្រម​ទទួល​យក​ការ​ដាក់​លក្ខខណ្ឌ​របស់​ខ្មែរ ក៏​ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​ថា​តើ​ទាហាន​ថៃ​ទាំង​នោះ​នឹង​ចាក​ចេញ​ពី​ចំណុច​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​នោះ​ដូច​ដែល​ពួក​គេ​សន្យា​ឬ​យ៉ាង​ណា​នោះ៕

សាលាឧទ្ធរណ៍បង្វិលសំណុំរឿង ជា វិជ្ជា ឲ្យសាលាដំបូង រាជធានីភ្នំពេញ ស៊ើបបន្ថែម


តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បង្វិល​សំណុំរឿង​ជា​ផ្លូវការ​ហើយ​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​សំណុំរឿង​ឃាតកម្ម​លើ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤។

លោក ជួន ស៊ុនទ្បេង ជា​អនុ​ប្រធាន​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ និង​ជា​ចៅក្រម​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «បង្វិល​ទៅ​ពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ចៅក្រម​ស៊ើបសួរ ព្រោះ​គេ​មាន​កម្លាំង​ប៉ូលិស ប៉េអឹម​ច្រើន។ អា​នេះ​តាម​សាល​ដីកា​កំពូល​ទេ»។


សុខ សេរី ៖ បង្វិល​ហ្នឹង​ដើម្បី​ឲ្យ​ស៊ើប​ឡើង​វិញ​ឬ​ក៏​កាត់​ឡើង​វិញ? ជួន ស៊ុនឡេង ៖ ស៊ើប​តើ! ស៊ើប​បាន​លទ្ធផល​ម៉េចៗ​គេ​បញ្ជូន​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ពិនិត្យ ខ្ញុំ​ជម្រះ​តែម្ដង។


លោក សុខ សំអឿន ដែល​កំពុង​តែ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ដូច​លោក ប៊ន សំណាង ផងដែរ​នោះ បាន​ថែ្លង​ថា លោក​សុំ​ឲ្យ​ការ​ស៊ើប​អង្កេត​នោះ​ប្រកប​ដោយ​ភាព​ច្បាស់លាស់​និង​តម្លាភាព។


លោក សុខ សំអឿន បាន​បញ្ជាក់​ថា ៖ «សម្រាប់​រូប​ខ្ញុំ ខ្ញុំ​សុំ​ឲ្យ​គេ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​តម្លាភាព ឲ្យ​ក្នុង​សង្គម​ទទួល​បាន​យុត្តិធម៌ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ផង»។


រីឯ​លោក ប៊ន សំណាង បាន​ថែ្លង​ថា ៖ «សំណូមពរ​របស់​ខ្ញុំ​គឺ​គ្មាន​អី​ក្រៅ​ពី​ចង់​បាន​យុត្តិធម៌​ទេ»។


លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ស្វាគមន៍​ហើយ​យើង​សង្ឃឹម​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​ស្វែងរក​ឃាតករ​ពិត​ដើម្បី​យក​មក​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​ធ្វើការ​លើកលែង​ទៅ​ដល់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​យើង​ជឿជាក់​ថា មិន​មែន​ជា​ឃាតករ​នៅ​ក្នុង​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា នេះ»។


នៅ​មិន​ទាន់​មាន​ប្រតិកម្ម​បំភ្លឺ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ការ​ទទូច​ខាង​លើ​នេះ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ស្វាគមន៍​ក្នុង​ការ​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​នោះ។


សូម​ជម្រាប​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទា​ទោស​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥​កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


ក្រោយ​មក​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​កាល​ពី​ថៃ្ង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨​កន្លង​ទៅ ឲ្យ​ដោះលែង លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ហើយ​បាន​បង្គាប់​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ចាត់​របៀប​ជា​ថ្មី​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម បន្ទាប់​ពី​តុលាការ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ចាត់ទុក​ជា​បាន​ការ។


លុះ​ដល់​ថៃ្ង​ទី​១៧ ខែ​សីហា​កន្លង​ទៅ​នេះ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​បន្ត​ការ​រស់នៅ​ក្រៅ​ឃុំ​ត​ទៅ​ទៀត ហើយ​បាន​ប្រកាស​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ចំពោះ​ការ​ចន្លោះ​ប្រហោង​ក្នុង​ការ​ស៊ើប​អង្កេត​កន្លង​មក។


ការ​ដោះលែង​នោះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ទទូច​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ដែល​តែងតែ​ចាត់ទុក​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន នោះ គឺ​ជា​ឃាតករ​សិប្បនិម្មិត៕

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia