ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 23, 2009

កម្ពុជាថ្កោលទោសអំពើយង់ឃ្នងរបស់ទាហានថៃ


ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/09/2009 12:31 ម៉ោងសកល


ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់ទូត​មួយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ ថ្កោលទោស​អំពើ​អមនុស្សធម៌​របស់​ទាហាន​ឈុតខ្មៅ​ថៃ ដែល​បាន​ដុត​ខ្លួន​ក្មេងប្រុស​កម្ពុជា​ទាំងរស់​ នៅ​ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ។


ក្រសួង​ការបរទេស​​ខ្មែរ​​បាន​ធ្វើ​កំណត់ទូត​មួយ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​ នៅ​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ ចាត់ទុក​អំពើ​ដុត​កុមារ​ខ្មែរ​ទាំង​រស់​ថា​ ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​មនុស្សធម៌​អន្តរជាតិ ហើយ​ក៏​បាន​រំលោភ​ទៅ​លើ​កំណត់ហេតុ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ថៃ​ផង​ដែរ។


កំណត់ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ថៃ​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​អមនុស្សធម៌​បែបនេះ​កុំ​ឲ្យ​កើត​មានឡើង​សាជាថ្មី​ទៀត ហើយ​និង​នាំខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។


ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​សោកសង្រេង​មួយ​របស់​កុមារ​ខ្មែរ​ម្នាក់ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ។ កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា នៅ​វេលា​ថ្ងៃត្រង់​ អ្នកភូមិ​ ដែល​ស៊ីឈ្នួល​កាប់អុស​ ចំនួន​១០នាក់​បាន​ទទួល​រង​ការ​ដេញ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​ថៃ​ នៃ​ខេត្ត​សុរិន្ទ ខាងកើត​ច្រក​ព្រំដែន​អូរស្មាច់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ពីរ​នាក់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ យុន រិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​បាន ហើយ​យក​ទៅ​ចង​ផ្អោប​ជាប់​នឹង​រទេះ​អូស​ឈើ​២គ្រឿង មុន​នឹង​ចាក់​ប្រេងសាំង​ដុត​សម្លាប់​ទាំង​រស់។


សំណល់​សាកសព​ជន​រងគ្រោះ​ ដែល​សល់តែ​ក្បាល​ ត្រូវ​បាន​អ្នកភូមិ និង​អាជ្ញាធរ​ការពារ​ព្រំដែន​កម្ពុជា​រក​ឃើញ​ នៅក្នុង​គំនរ​ភ្នក់ភ្លើង​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​១៣ កញ្ញា។ ជាច្រើនឆ្នាំ​មកហើយ សារព័ត៌មាន​ក្នុង​ស្រុក​តែងតែ​មាន​ការ​ផ្សព្វផ្សាយ​ អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ទាហាន​ថៃ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រកស៊ី​តាម​ព្រំដែន និង​ឆ្លង​ទៅ​ធ្វើការ​ នៅលើ​ទឹក​ដី​ថៃ។ ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​លេស​ថា ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ ការ​រត់ពន្ធ​គ្រឿងញៀន​មិនមែន​ទើប​តែ​កើត​ឡើង​ជា​លើក​ដំបូង​នោះ​ឡើយ។


លោក​ចាន់ សុវេត មន្ត្រី​តាមដាន​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ថ្លែង​ថា តាមរយៈ​ការ​កត់ត្រា​របស់​សមាគម​អាដហុក ក្នុង​មួយឆ្នាំៗ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​ថៃ​ មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​មិនតិច​ជាង​១០ករណី​ទេ។ លោក​ចាន់ សុវេត បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពិចារណា អំពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ជិត​ខាង​ទាំងពីរ និង​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​គុំគួន​រវាង​ប្រជាជន​ទាំងពីរ​ទៀតផង៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia