ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Tuesday, September 1, 2009

រដ្ឋមន្ត្រីព័ត៌មាននឹងដឹកនាំប្រតិភូទៅធ្វើបុណ្យនៅកម្ពុជា ក្រោម






នៅ​ចុង​សបា្ដហ៍​ទី​មួយ​នៃ​ខែ​កញ្ញា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​នឹង​ដឹក​នាំ​មន្ត្រី​រាជ​ការ​នៃ​ក្រសួង​ព័ត៌មាន​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​មួយ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។



រដ្ឋាភិបាល​កម្ពុជា​មាន​គ្រោង​បញ្ជូន​ជា​លើក​ដំបូង​នូវ​ប្រតិភូ​ចំនួន​១៥០​នាក់ នៅ​ថៃ្ង​ទី​៥ ខែ​កញ្ញា ខាង​មុខ​នេះ ទៅ​កាន់​ខេត្ត​ត្រាវិញ ហៅ​ជា​ភាសា​វៀតណាម និង​ដែល​កំពុង​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម ឬ​ហៅ​ថា ខេត្ត​ព្រះ​ត្រពាំង អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម សម្រាប់​រយៈពេល​២​ថៃ្ង នៅ​ដើម​ខែកញ្ញា ដើម្បី​ចូលរួម​កាន់​បិណ្ឌ​នៅ​ទី​នោះ​និង​សែ្វង​យល់​អំពី​ការ​ពិត​អំពីស្ថានភាព​រស់​នៅ​របស់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ទី​នោះ។



លោក ខៀវ កាញារីទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ផង​ដែរ​នោះ ដែល​នឹង​ដឹកនាំ​ប្រតិភូ​ចំនួន​១៥០​នាក់ ទៅ​កាន់​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នា​ពេល​ខាង​មុខ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ច័ន្ទ ទី​៣១ ខែ​សីហា ថា យើង​ទៅ​កាន់​បិណ្ឌ​នៅ​ក្នុង​វត្ត​ចំនួន​២ គឺ​វត្ត​អង្គរ​បុរី និង​វត្ត​កំពង់​ឈូក នៅ​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះ​ត្រពាំង​ដែល​មាន​ចំណាស់​ជាង ១.០០០​ឆ្នាំ​មក​ហើយ។



លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ចង់​រៀបចំ​ជា​ពិធី​កាន់​បិណ្ឌ​មួយ ដោយ​មន្រ្តី​រាជការ​ក្រសួង​ព័ត៌មាន​ហ្នឹង ហើយ​ក៏​មាន​អ្នក​កាសែត​ទូរទស្សន៍​ទាំង​អស់​មួយ​ចំនួន​ធំ​នៅ​ប្រទេស​កម្ពុជា​យើង ដើម្បី​ទៅ​ផ្សា​ភ្ជាប់និស្ស័យ​ផង ក៏​ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង។ យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​យល់​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​អំពីស្ថានភាព​របស់​បង​ប្អូន​នៅ​កម្ពុជា​ក្រោម»។



លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាក​ចេញ​ដំណើរ​នឹង​ចាប់​ផ្តើម​នៅ​ព្រលឹម​ថៃ្ង​សៅរ៍ ទី​៥ ខែ​កញ្ញា និង​វិល​ត្រទ្បប់​មក​វិញ​នៅ​ថៃ្ង​អាទិត្យ ទី​៦ ខែ​កញ្ញា តាម​រយៈ​រថយន្ត​ធំ​ចំនួន​៣​គ្រឿង ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់ខេត្ត​ព្រះ​ត្រពាំង​នោះ។



ព្រះ​ភិក្ខុ ថាច់ វិមាន ជា​អ្នក​នាំ​ពាក្យ​នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភព​លោកប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ពុទ្ធ​ដីកា​ស្វាគមន៍​ថា វា​ជា​សញ្ញាល្អ​នៃ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រះ​អង្គ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ធ្វើ​ទស្សន​កិច្ច​ដូច​គ្នា​នេះ​នៅ​ខេត្ត​ឃ្លាំង​និង​ខេត្ត​មាត់​ជ្រូក នៅ​ថៃ្ង​អនាគត។



ព្រះ​តេជ​គុណ ថាច់ វិមាន មាន​ពុទ្ធ​ដីកា​ដូច្នេះ​ថា ៖ «យ៉ាង​ណា​មិញ គឺ​ថា​ខ្មែរ​ទាំង​អស់​គ្នា ខ្មែរ​ក្រោម ខ្មែរ​លើ ខ្មែរ​កណ្ដាល ជា​ខ្មែរ​តែ​មួយ បើ​សិន​ណា លោក ខៀវ កាញារីទ្ធ មាន​មនោ​សញ្ចេតនា​ដ៏​បរិសុទ្ធ អាត្មា​មាន​ការ​ត្រេក​អរ ហើយ​យ៉ាង​ណា​មិញ លោក​ទៅ​ហ្នឹង​អាច​យល់​បាន​ខ្លះៗ​អំពី​ជីវភាព​រស់​នៅ​ពិត​ប្រាកដ​របស់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម»។



ព្រះ​ភិក្ខុ​មួយ​អង្គ គង់​នៅ​ក្នុង​វត្ត​គង​ជ័យ នៅ​ក្នុង​ខេត្ត​ត្រាវិញ ឬ​ខេត្ត​ព្រះ​ត្រពាំង ជា​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​មាន​ពុទ្ធ​ដីកា​តាម​ទូរស័ព្ទ​មក​ថា ព្រះ​អង្គ​មាន​ការ​សប្បាយ​រីក​រាយ​ចំពោះ​ការ​កាន់​បិណ្ឌ​នេះ។



សូម​ជម្រាប​ថា ប្រភព​និង​ឯកសារ​នានា​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​មាន​ខេត្ត​ចំនួន​២១​ខេត្ត ត្រូវ​បាន​អាណានិគម​និយម​បារាំង​កាត់​ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​តាំង​ពី​ថៃ្ង​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ទឹក​ដី​ទ្បើយ។



ក្រោយ​ពី​ទឹក​ដី​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​វៀតណាម សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​ខែ្មរ​កម្ពុជា​ក្រោម​បាន​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា មាន​ការ​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​តាម​បែប​ប្រពៃណី​ខែ្មរ​និង​អក្សរ​សាស្រ្ត​ខែ្មរ​ជា​ដើម មក​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នោះ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia