ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Tuesday, September 1, 2009

ភាគីដើមបណ្ដឹងរដ្ឋប្បវេណីនាំគ្នា តវ៉ាប្រឆាំងនឹងការរឹតត្បិតសិទ្ធិ






យ៉ាង​ហោច​ណាស់​មាន​ជន​រង​គ្រោះ​ដែល​ធ្លាប់​ជាប់​ឃុំ​នៅ​មន្ទីរ​ស-​២១ ប្រហែល ២៨​នាក់​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​រឿង​ក្តីរបស់​ជន​ជាប់​ចោទ ឌុច បាន​នាំ​គ្នា​តវ៉ា មិន​ព្រម​ចូលរួម​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ សីហា ឆ្នាំ​២០០៩។

ការ​តវ៉ា​នៅ​មុខ​ច្រក​ទ្វារ​ចូល​សាលាក្តី មិន​ព្រម​ចូលរួម​សវនាការ បាន​ធ្វើ​ឡើង ក្រោយ​ពី​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ បាន​បន្ថយ​លទ្ធភាព​ចូលរួមរបស់​ពួក​គេ​និង​ក្រុម​មេធាវី​នៅ​ក្នុង​សវនា​ការ​ស្តីពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ។



ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​ឈ្មោះ ជុំ ស៊ីរ៉ាត បាន​ថ្លែង​នាំ​មុខ​ក្រុម​អ្នក​តវ៉ា​ដូច្នេះ​ថា ៖ «សេចក្ដី​សម្រេច​ពីរ​នោះ គឺ​ទី​១ មេធាវី​ជន​រង​គ្រោះ​មិន​អាចធ្វើ​សេចក្ដី​កត់​សម្គាល់​លើ​ការ​ដាក់​ទោស​របស់​ជន​ជាប់​ចោទ ទី​២ មេធាវី​ក្ដី ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក្ដី គ្មាន​អំណាច​ដេញ​ដោល​សួរ​អ្នក​ជំនាញ​ដែល​និយាយ​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ»។



សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ ដែល​បដិសេធ​សិទ្ធិ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក និល ណុន ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ សីហា សប្តាហ៍​មុន ៖ «តាម​មតិ​ភាគ​ច្រើន​របស់​អង្គជំនុំ​ជម្រះ​និង​មតិ​ជំទាស់​របស់​ចៅក្រម Lavergne អង្គ​ជំនុំ​ជម្រះ​សម្រេច​ដូចខាង​ក្រោម​នេះ ៖ ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​ជន​ជាប់​ចោទ​ពាក់ព័ន្ធ​ទៅ​នឹង​អត្ត​ចរិត​[ឡើយ]​»។



ដើម​បណ្តឹង​រដ្ឋប្ប​វេណី​មួយ​រូប​ទៀត ឈ្មោះ ភឹង ហ៊ុត​ស៊ុន​ថារី ថ្លែង​ដូច្នេះ​ថា ៖ «យើង​ចង់​បាន​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​មក​សិន ប៉ុន្តែ​យើង​មិន​បោះ​បង់​កៅអី​របស់​យើង និង​ក៏​មិន​បោះបង់​សិទ្ធិ​របស់​យើង​ជា​ដើម​បណ្ដឹង​ដែរ ប៉ុន្តែយើង​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា តើ​មាន​ហេតុ​ការណ៍​អ្វី​ខ្លះ​កើត​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​របស់​យើង​ហ្នឹង»។



ការ​តវ៉ា​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ត្រូវ​បាន​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ថ្លែង​ថា ជា​កិច្ចការ​របស់​អង្គ​ជំនុំ​ជម្រះ​ដែល​ត្រូវ​សម្រេច។ ក៏ប៉ុន្តែ​លោក​បាន​ជម្រាប​ជូន​រឿង​នេះ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ហើយ​ៗ សេចក្តីសម្រេច​ណា​មួយ​នោះ លោក​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។



លោក​គ្រាន់​តែ​លើក​ឡើង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ពួក​គាត់​ដែល​មក​ធ្វើ​កូដកម្ម​ព្រឹក​មិញ​ហ្នឹង គឺ​គាត់​តំណាង​ឲ្យ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ទាំង​អស់ គឺ​២៨​រូប ក្នុង​ចំណោម ៩៣។ យើង​គោរព​សិទ្ធិ​ពួក​គាត់ ហើយ​យើង​ចាត់​ទុក​ស្មើៗ​គ្នា»។



សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង មាន​ជន​រង​គ្រោះ​និង​សាច់​ញាតិជន​រង​គ្រោះ​ចំនួន ៩៣​រូប បាន​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី។ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ជន​រង​គ្រោះ​ចំនួន​២៨​រូប​ក្នុង​ចំណោម​ទាំង​អស់ ៩៣​រូប​នេះ​ក៏​ដោយ ក៏​ដំណើរការ​កាត់​សេចក្តី​មិន​ត្រូវ​បាន​អាក់​ខាន​ឡើយ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia