ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Thursday, September 3, 2009

កម្ពុជាឈ្នះលើសមរភូមិការទូត

ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​៣០​សីហា​ស្អែក​នេះ​ ជា​កាលបរិច្ឆេទ​នៃការ​ដក​កងទ័ព​ជា​ផ្លូវការ​ចេញ​ពី​តំបន់​ព្រំដែន​ព្រះវិហារ។​ ការ​កាត់​បន្ថយចំនួន​កងទ័ព​នៅ​សមរភូមិ​​ជួរ​មុខ​នេះ​ បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ បន្ទាប់​ពី​ការ​ចេញ​បទ​បញ្ជា​ជា​ចំហ​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ ការ​សម្រេច​ចិត្ត​ដក​កម្លាំង​ទ័ព​ជា​ឯកតោ​ភាគី​របស់​កម្ពុជា​​បាន​ទទួល​ការ​គាំទ្រ​ភ្លាមៗ​ពី​អន្តរជាតិ។

កងទ័ព​ដែល​ឈជើង​នៅ​ខ្សែ​ត្រៀម​ជួរមុខ​នៅ​ព្រះវិហារ​ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​អង្គភាព​ដើម​វិញ​ជា​បន្តបបន្ទាប់​ហើយ​ នៅ​ចុង​សប្តាហ៍​នេះ។​ ពិធី​កាត់​​បន្ថយ​ទ័ព​ជា​ផ្លូវការ​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យទី​៣០​សីហា​ស្អែក​នេះ។


មាន​ហេតុ​ផល​ពីរ​យ៉ាង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាសពី​ខេត្ត​ពោធិសាត់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន​ ដើម្បី​ពន្យល់​អំពី​ការ​ដក​កងទ័ព​ចេញ​ពី​ព្រះវិហារ។​ ទី១​ គឺ​ព្រះវិហារ​នឹង​​គ្មាន​សង្រ្គាម​កើត​ឡើង​ទេ។ និង​ទី២​ កម្លាំង​កងទ័ព​គួរ​តែ​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​ជួយ​ការងារ​ដកស្ទូង​នៅរដូវ​វស្សា​នេះ​ វា​ប្រសើរ​ជាង​យក​ទៅ​ប្រឈមមុខ​នៅ​ឯព្រះវិហារ។


ទឡ្ហីករណ៍​ទាំង​ពីរ​យ៉ាង​នេះ​ វា​សម​ហេតុផល​ដែល​មហាជន​ទូទៅ​អាច​ស្តាប់​បាន​​ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​វិភាគ​ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នៅ​ព្រះវិហារ​ ការ​កាត់​បន្ថយ​ចំនួន​ទ័ព​របស់​ភាគី​កម្ពុជា​ទំនង​ជា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង​នេះ។​ ជាការ​ពិត​ណាស់​​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ចេតនា​ម្តង​ហើយ​ម្តង​​ទៀត​ថា​ខ្លួន​មិន​ចង់​ធ្វើ​​សង្រ្គាម​ជាមួយ​ថៃ​ឡើយ​ ហើយ​ដំណោះ​ស្រាយ​បញ្ហា​ព្រះវិហារ​គួរតែ​ត្រូវ​​ធ្វើ​ឡើង​​ដោយ​​សន្តិវិធី។


ប៉ុន្តែ​ការ​ប្រឈមមុខ​ដាក់​គ្នា​កន្លង​ទៅ​នេះ​ គឺដោយសារ​ភាគី​ថៃ​ជា​អ្នក​ចាប់​បង្ខំ​តែ​ប៉ុណ្ណោះ។​ យ៉ាងណា​ក៏ដោយ​​ ក៏​ភាគី​កម្ពុជា​បាន​​ប្រកាន់​ភាព​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់​ជា​​អតិបរមា។​ នយោបាយ​អត់ធ្មត់​ចំពោះ​អ្នក​​ឈ្លាន​ពាន​ទឹកដី​នេះ​ បាន​ទទួល​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​​សំណាក់​ពលរដ្ឋ​មួយ​ចំនួន​ ជាពិសេស​ពីសំណាក់​អ្នក​នយោបាយ​ប្រឆាំង​​ ប៉ុន្តែ​ភាពអត់ធ្មត់​នេះ​អាច​បញ្ចៀស​បាន​នូវ​ភ្លើង​សង្គ្រាម​នៅ​តាម​ជាយដែន​រហូត​ដល់​សព្វថ្ងៃ។


រយៈពេល​មួយឆ្នាំ​បាន​កន្លង​ផុត​ទៅ​ និង​ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​​សហគមន៍​អន្តរជាតិ​កំពុង​តែ​ទទូច​ចង់​បាន​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​​ តើ​នេះ​​មិន​មែន​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកាស​ដក​កងទ័ព​មួយ​ចំនួន​ចេញ​ពី​​តំបន់​ព្រះវិហារ​ទេ​ឬ​? ជា​យុទ្ធសាស្រ្ត​ ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​អត្ថន័យ​​សំខាន់​ពីរ​យ៉ាង។


ទី១​ គឺការ​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី​ពិត​ប្រាកដ​មែន។​ ដូច្នេះ​ប្រសិន​បើ​មាន​សង្រ្គាម​ជាយដែន​កើត​មាន​​ជា​យថាហេតុ​នោះ​ គឺ​ប្រាកដ​ណាស់​ថា​ភាគី​ថៃ​គឺជា​អ្នក​បង្ក។ និង​ទី២​ការដក​កងទ័ព​ចេញ​ពី​ព្រះវិហារ​​របស់​ភាគី​កម្ពុជា​នៅ​ពេលនេះ​ គឺជា​សម្ពាធ​ផ្នែក​នយោបាយ​ការទូត​មួយ​ចំពោះ​ថៃ​ដែល​ទោះ​ចង់​ ឬមិន​ចង់​ថៃ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បង្ហាញ​ពី​ចេតនា​ល្អ​របស់​ខ្លួន​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នៅ​ព្រះវិហារ​ដែរ។


លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ភា្លមៗ​រួច​ទៅហើយ​ បន្ទាប់​ពី​ការ​ប្រកាស​​ដក​ទ័ព​ចេញ​ពីព្រះវិហារ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ លទ្ធផល​ទី១​​ គឺ​​មេទ័ព​កំពូល​របស់​ថៃ​ដែល​បាន​មក​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា​​កាលពី​ដើម​សប្តាហ៍​នេះ​បាន​សម្តែង​ឥរិយាបថ​ទន់​ភ្លន់​ក្នុង​ន័យ​ចង់​បញ្ចប់​បញ្ហា​ព្រះវិហារ​ដោយ​សន្តវិធី​ដែរ។


នៅ​លើ​ឆាក​អន្តរជាតិ​ឯណោះ​វិញ ឥរិយាបថ​របស់​កម្ពុជា​បាន​ទទួល​ការ​ស្វាគមន៍​​ភ្លាមៗ​ពី​សំណាក់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ។​ លោកស្រី​ Carol​ Rodly​ ឯកអគ្គ​រដ្ឋទូត​អាមេរិក​បាន​សម្តែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​​ដក​ទ័ព​ចេញ​ពី​ព្រះវិហារ​ដោយ​ចាត់ទុក​ទង្វើ​នេះ​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ថៃ។​ ព្រឹត្តិការណ៍​នេះ​អាច​ចាត់​ទុក​ជា​ជោគជ័យ​មួយ​ជំហាន​រួច​ជា​ស្រេច​នៅ​លើ​​សមរភូមិ​នយោបាយ​ការទូត​របស់​កម្ពុជា​​ស្តីពី​បញ្ហា​ព្រះវិហារ។


ក៏ប៉ុន្តែ​បញ្ហា​ព្រំដែន​​រវាង​កម្ពុជា​ និង​ថៃ​ទាំង​ព្រំដែន​គោក ​និង​ព្រំដែន​សមុទ្រ​នៅ​តែ​មាន​​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដដែល។​ ភាព​ស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​ត្រូវ​ប្រើប្រាស់​ភាព​ឈ្លាសវៃ​ជា​ប្រចាំ​ទាំង​ផ្នែក​យោធា​​ការទូត​ និង​ការ​ប្រើប្រាស់​​វិធានការ​ច្បាប់​អន្តរជាតិ។​ ការ​ធ្វេស​ប្រហែស​ក្នុង​ផ្នែក​ណា​មួយ​វា​នឹង​បង្កើត​ជា​ឱកាស​ល្អ​​សម្រាប់​ថៃ​ក្នុង​ការ​យក​ប្រៀប​លើ​កម្ពុជា​ជា​មិន​ខាន៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia