ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Monday, September 14, 2009

ពលរដ្ឋខ្មែរម្នាក់ត្រូវទាហានថៃបាញ់ស្លាប់ពេលលួចឆ្លងដែន ទៅកាប់ឈើ


អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ទាហាន​ព្រំដែន​ថៃ​មួយ​ក្រុម​បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១០​នាក់​ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង​បណ្តាល​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ស្លាប់ ម្នាក់​រង​របួស​និង​មួយ​ចំនួន​ទៀត​កំពុង​បាត់​ខ្លួន។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កញ្ញា ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់​បាន​ចូល​ព្រៃ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ នៅ​ចំណុច​ស្រុក​សំរោង តំបន់​បង្គោល​ឡាក់​លេខ​១២​-​១៣ ជាប់​ព្រំដែន​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​កន្លង​មក ដើម្បី​កាប់​ឈើ​ក្រញូង​មក​លក់​ឧិ្យ​ឈ្មួញ ហើយ​នៅថ្ងៃ​ដដែល​នោះ​​ថៃ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​​ទម្លាក់​ទាហាន​មក​បាញ់​រះ​និង​តាម​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួស​និង​មួយចំនួន​ទៀត​កំពុង​បាត់​ខ្លួន។


លោក ប៉ិច សុខិន បាន​ឲ្យ​ដឹង​ថា ៖ «ថៃ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ទម្លាក់​ទាហាន​មក​ចាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រក​គ្រញូង​ហ្នឹង។ អ្នក​របួស​ហើយ​និង​ស្លាប់​ហ្នឹង គ្រួសារ​បាន​នាំ​យក​មក​ផ្ទះ​សម្បែង​ហើយ។ អ្នក​ដែល​រត់​ហ្នឹង បើ​តាម​ខ្ញុំ​ដឹង​ថា​មក​៦​នាក់​ហើយ»។


យុវជន​ឈ្មោះ ម៉ៅ ក្លឹង ដែល​រង​របួស​ដោយ​សារ​ទាហាន​ថៃ​បាញ់​ហើយ​បាន​រត់​គេច​ខ្លួន​រួច​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​សំរោង បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ពួក​គាត់​មាន​គ្នា​ទាំងអស់​ចំនួន​១២​នាក់ ហើយ​បាន​លួច​ចូល​ជ្រៅ​​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ទៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​នៅពេល​ដែល​ក្រុម​របស់គាត់​កាប់​ឈើ​គ្រញូង​បាន​និង​កំពុង​នាំ​គ្នា​ចាំង​សម្អាត ក៏​ស្រាប់​តែ​មាន​ពួក​ទាហាន​ថៃ​មក​បាញ់​រះ​បណ្តាល​ឲ្យ​គាត់​រង​របួស​ជើង​និង​អ្នករួម​ដំណើរ​ជាមួយ​គាត់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។


យុវជន ម៉ៅ ក្លឹង បាន​បញ្ជាក់​ថា ៖ «ហួស​ចូល​ដល់​ដី​ថៃ ទៅ​កាប់​ឈើ​លក់​ឲ្យ​គេ។ ម៉ោង​១​ថ្ងៃ​ត្រង់ ខ្ញុំ​កំពុង​អង្គុយ​ចាំង​គ្រញូង​ទាំងអស់​គ្នា​ហ្នឹង វា​បាញ់​បណ្ដោយ ត្រូវ​តិច​ទេ ខ្ញុំ​រត់​រួច ងាប់​ម្នាក់​ឈ្មោះ រិទ្ធ»។
កង​ទាហានខ្មែរ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​ប្រចាំ​ការ​នៅ​បន្ទាត់​ព្រំដែន​ចំណុច​បង្គោលឡាក់​លេខ​១៨​-​១៩ បាន​មាន​ប្រសាសន៍​ថា ទាហាន​ខ្មែរ​បាន​ឮ​សូរ​សំឡេង​កាំភ្លើង​នៅ​ក្នុង​ទឹក​ដី​ថៃ​នោះ ប៉ុន្តែ​ទាហាន​ខ្មែរ​មិន​អាច​ចូល​ទៅជួយ​បាន​ទេ ដោយសារ​អ្នក​ភូមិ​ខ្មែរ​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ ៖ «គ្រោះថ្នាក់​អ៊ីចឹង​ទៅ ទាហាន​ខ្មែរ​យើង​ក៏​អត់​ហ៊ាន​ចូល​ទៅ​ជួយ​ដែរ»។


មន្រ្តី​ខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា មាន​ក្រុម​ឈ្មួញ​ទិញ​លក់​ឈើ​គ្រញូង​មួយចំនួន​នៅ​តែ​ចំណាយ​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹក​ដី​ថៃ​យក​មក​ល​ក់​ពួក​គេ ហើយ​មន្ត្រី​ខេត្ត​បាន​ដាក់​ពង្រាយ​កម្លាំង​យោធា​ខ្មែរ​ជា​ច្រើន​​​កន្លែង​ដើម្បី​ទប់​ស្កាត់​នៅ​តាម​ច្រក​ព្រំដែន​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន ប៉ុន្តែ​ការ​រារាំង​នៅតែ​ពុំ​មាន​ប្រសិទ្ធភាព។


សូម​រំឭក​ថា ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា​រហូត​មកដល់​ពេល​នេះ ព័ត៌មាន​ត្រួសៗ​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្ត​ព្រះវិហារ​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ខ្មែរ​ចំនួន​៣​នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​និង​១៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទាហាន​ថៃ​នៃ​ខេត្ត​ស៊ីសាកេត​និង​ខេត្ត​អ៊ូប៊ុន​ចាប់​ខ្លួន ខណៈ​ដែល​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​បាន​ឆ្លង​ចូល​ព្រំដែន​ថៃ​ដើម្បី​លួច​កាប់​ឈើ​គ្រញូង​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia