ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Tuesday, September 15, 2009

សាលាឧទ្ធរណ៍បង្វិលសំណុំរឿង ជា វិជ្ជា ឲ្យសាលាដំបូង រាជធានីភ្នំពេញ ស៊ើបបន្ថែម


តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បង្វិល​សំណុំរឿង​ជា​ផ្លូវការ​ហើយ​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​សំណុំរឿង​ឃាតកម្ម​លើ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤។

លោក ជួន ស៊ុនទ្បេង ជា​អនុ​ប្រធាន​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ និង​ជា​ចៅក្រម​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «បង្វិល​ទៅ​ពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ចៅក្រម​ស៊ើបសួរ ព្រោះ​គេ​មាន​កម្លាំង​ប៉ូលិស ប៉េអឹម​ច្រើន។ អា​នេះ​តាម​សាល​ដីកា​កំពូល​ទេ»។


សុខ សេរី ៖ បង្វិល​ហ្នឹង​ដើម្បី​ឲ្យ​ស៊ើប​ឡើង​វិញ​ឬ​ក៏​កាត់​ឡើង​វិញ? ជួន ស៊ុនឡេង ៖ ស៊ើប​តើ! ស៊ើប​បាន​លទ្ធផល​ម៉េចៗ​គេ​បញ្ជូន​មក​ឲ្យ​ខ្ញុំ ខ្ញុំ​ពិនិត្យ ខ្ញុំ​ជម្រះ​តែម្ដង។


លោក សុខ សំអឿន ដែល​កំពុង​តែ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ដូច​លោក ប៊ន សំណាង ផងដែរ​នោះ បាន​ថែ្លង​ថា លោក​សុំ​ឲ្យ​ការ​ស៊ើប​អង្កេត​នោះ​ប្រកប​ដោយ​ភាព​ច្បាស់លាស់​និង​តម្លាភាព។


លោក សុខ សំអឿន បាន​បញ្ជាក់​ថា ៖ «សម្រាប់​រូប​ខ្ញុំ ខ្ញុំ​សុំ​ឲ្យ​គេ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​តម្លាភាព ឲ្យ​ក្នុង​សង្គម​ទទួល​បាន​យុត្តិធម៌ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ផង»។


រីឯ​លោក ប៊ន សំណាង បាន​ថែ្លង​ថា ៖ «សំណូមពរ​របស់​ខ្ញុំ​គឺ​គ្មាន​អី​ក្រៅ​ពី​ចង់​បាន​យុត្តិធម៌​ទេ»។


លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ស្វាគមន៍​ហើយ​យើង​សង្ឃឹម​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​ស្វែងរក​ឃាតករ​ពិត​ដើម្បី​យក​មក​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​ធ្វើការ​លើកលែង​ទៅ​ដល់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​យើង​ជឿជាក់​ថា មិន​មែន​ជា​ឃាតករ​នៅ​ក្នុង​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា នេះ»។


នៅ​មិន​ទាន់​មាន​ប្រតិកម្ម​បំភ្លឺ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ការ​ទទូច​ខាង​លើ​នេះ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ស្វាគមន៍​ក្នុង​ការ​បើក​កិច្ច​ស៊ើប​អង្កេត​បន្ថែម​នោះ។


សូម​ជម្រាប​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទា​ទោស​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥​កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


ក្រោយ​មក​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​កាល​ពី​ថៃ្ង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨​កន្លង​ទៅ ឲ្យ​ដោះលែង លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ហើយ​បាន​បង្គាប់​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ចាត់​របៀប​ជា​ថ្មី​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម បន្ទាប់​ពី​តុលាការ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ចាត់ទុក​ជា​បាន​ការ។


លុះ​ដល់​ថៃ្ង​ទី​១៧ ខែ​សីហា​កន្លង​ទៅ​នេះ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​បន្ត​ការ​រស់នៅ​ក្រៅ​ឃុំ​ត​ទៅ​ទៀត ហើយ​បាន​ប្រកាស​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ចំពោះ​ការ​ចន្លោះ​ប្រហោង​ក្នុង​ការ​ស៊ើប​អង្កេត​កន្លង​មក។


ការ​ដោះលែង​នោះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ទទូច​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ដែល​តែងតែ​ចាត់ទុក​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន នោះ គឺ​ជា​ឃាតករ​សិប្បនិម្មិត៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia