ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 23, 2009

ពលរដ្ឋនៅបាត់ដំបងទាមទារឲ្យបង្ក្រាបបទល្មើសនេសាទខុសច្បាប់


ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​៤​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ ដែល​កំពុង​កើត​មាន​ជា​ហូរហែ​ក្នុង​ផ្ទៃ​បឹង ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ការ​ព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា ជិត​១០០​នាក់​មក​ពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​សាលា​ឃុំ​កំពង់​ព្រៀង នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជល​ផល​និង​មន្ត្រី​មូលដ្ឋាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់។


លោក សោម សារិទ្ធិ តំណាង​ក្រុម​អ្នក​តវ៉ា​បាន​ថ្លែង​ថា ការ​ដាក់​អួន​ក្រឡា​ញឹក ឬ​ហៅ​ថា ណរ​រ៉ាវ មាន​ប្រវែង​ចាប់​ពី ៥០០​ម៉ែត្រ​ឡើង​ទៅ ប្រហែល​៣០​កន្លែង ត្រូវ​បាន​ជន​ល្មើស​ដាក់​ចាប់​ត្រី​នៅ​ពេញ​ផ្ទៃ​ទឹក​បឹង ត្រង់​ភូមិ​សាស្ត្រ​ព្រៃ​រនាម​ក្រោម ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ៖ «មិន​បាច់​ចាំ​អាជ្ញាធរ​ចុះ​បង្ក្រាប​ក៏​បាន សុំ​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​បង្ក្រាប​ផ្ទាល់​តែ​ម្តង ពី​ខែ​៩ រហូត​ដល់​ខែ​១១ គឺ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចុះ​ចូលរួម​ផ្ទាល់​តែ​ម្ដង ព្រោះ​រយៈ​កាល​កន្លង​មក អាជ្ញាធរ​ថា​បង្ក្រាប តែ​មិន​បាន​បង្ក្រាប​ទេ គឺ​កាន់​តែ​កើន​ឡើង»។


លោក ម៉ឹង នី ក្នុង​ចំណោម​អ្នក​តវ៉ា​ជិត ១០០​នាក់ បាន​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ទាំង​ប៉ូលិស ទាំង​ក្រសួង​ជំនាញ​គេ​ចុះ​ទៅ​ហ្នឹង គេ​ចុះ​ទៅ​កាត់​៤​ម៉ែត្រ ៥​ម៉ែត្រ ១០​ម៉ែត្រ គេ​ទៅ​ទៀត​ទៅ។ មួយ​ថ្ងៃ​ទៅ​ពីរ​បី​កន្លែង ទៅ​ធ្វើ​អី​កើត»។


ប្រភព​ពី​ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​កំពុង​គំរាម​កំហែង​ទៅ​ដល់​ធន​ធាន​មច្ឆជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​អ្នក​ភូមិ​មិន​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន។


លោក អ៊ុក សាវ៉ាត តំណាង​សហគមន៍​នេសាទ​ភូមិ​កាច់​រទេះ​ក្នុង​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​នេសាទ​កើន​ឡើង​មែន ៖ «អ្នក​ដាក់​ណរ​រ៉ាវ គឺ​សុទ្ធ​តែ​អ្នក​មក​ពី​ក្រៅ មិន​មែន​អ្នក​ភូមិ​យើង​ទេ»។


ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​ភូមិ​នេះ លោក ង៉ែត សឿ មេ​ឃុំ​កំពង់​ព្រៀង បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ភូមិ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​រួម​គ្នា ៖ «អាជ្ញាធរ​និង​សមត្ថកិច្ច​គឺ​ចូលរួម​លើ​ការងារ​ការពារ​ផ្លូវ​ច្បាប់ ការពារ​សុវត្ថិភាព​ហើយ ស្បៀង​អាហារ​មួយ​ចំនួន ព្រម​ទាំង​មធ្យោបាយ​មួយ​ចំនួន​ទៀត»។


ទោះ​យ៉ាង​ណា គេ​មិន​ឃើញ​មាន​វត្តមាន​មន្ត្រី​ជល​ផល​ទៅ​បង្ហាញ​មុខ ខណៈ​ដែល​អ្នក​ភូមិ​ធ្វើការ​តវ៉ា​នេះ​ទេ។


លោក ហេង ពិសិដ្ឋ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​អះអាង​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ព្រៃ​រនាម​ក្រោម គឺ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក។


យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា មន្ត្រី​ជល​ផល មន្ត្រី​ឃុំ និង​សហគមន៍​ដែល​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​ខាង​លើ​នេះ នា​ពេល​កន្លង​មក គឺ​មិន​មាន​ប្រសិទ្ធ​ភាព។


លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ការ​ទាមទារ​របស់​អ្នក​ភូមិ​គឺ​ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់​ដំបង ដែល​មាន​តួនាទី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ ឬ​ពួក​គេ​ដឹង​ហើយ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia