ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Monday, September 14, 2009

មូរ សុខហួរ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបញ្ជូនប្រតិភូមកកម្ពុជា


អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពត លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នឹង​បញ្ជូន​ប្រតិភូ​ជាន់​ខ្ពស់​របស់​ខ្លួន ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ ព្រម​ទាំង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ភ្ជាប់​លក្ខ​ខណ្ឌ​នានា ទៅ​នឹង​ជំនួយ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ផង។

អ្នក​តំណាងរាស្រ្ត មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ផ្តល់​ព័ត៌មាន​ជា​កសិណ​ដល់​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos របស់​សភា​កុងហ្ក្រេស ហើយ​បាន​ជួប​សន្ទនា​ជាមួយ លោកស្រី ហ៊ិល្លារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​នេះ ដោយ​បាន​ឲ្យ​ដឹង​ថា លោកស្រី​រដ្ឋមន្រ្តី​ការ​បរទេស ហ៊ិល្លារី គ្លិនតុន ដែល​ជា​ភរិយា​លោក​អតីត​ប្រធានាធិបតី ប៊ីល គ្លិនតុន ផង​នោះ តែង​បាន​តាមដាន​ព្រឹត្តិការណ៍​ទាក់ទង​នឹង​លោកស្រី​តំណាងរាស្រ្ត​ជា​រៀង​រហូត​មក។


លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ទទួល​យក​សំណើ​របស់​លោកស្រី ដែល​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ច្រើន​ជាង​មុន ក្នុង​ការ​ពិនិត្យ​ស្ថានភាព​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ៖ «ក្រោយ​ពី​សវនាការ​ជាមួយ​នឹង​សភា​នៃ​សហរដ្ឋ​អាមេរិក ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ដ​ដែល​ទទួល​រង​គ្រោះ​នឹង​ការ​កាត់​ទោស​ដោយ​អយុត្តិធម៌​ពី​តុលាការ​នៅ​ប្រទេស​កម្ពុជា​នេះ លោក​ជំទាវ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស ហ៊ិល្លារី គ្លិនតុន បាន​ឲ្យ​ខ្ញុំ​ជួប ហើយ​នៅ​ជំនួប​នោះ លោក​ជំទាវ​បាន​លើក​មក​ភ្លាម​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ពិសេស​ទៅ​លើ​ករណី​ខ្ញុំ ក៏​ដូច​ជា​ករណី​នៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​បាន​សុំ​លោក​ជំទាវ សូម​ឲ្យ​លោក​ជំទាវ​បញ្ជូន​នូវ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ដឹកនាំ​ដោយ​អគ្គ​រដ្ឋទូត​ពិសេស ដែល​លោក​ជំទាវ​រដ្ឋមន្រ្តី ហ៊ិល្លារី គ្លិនតុន បាន​បង្កើត ក្រោយ​ពី​លោក​ជំទាវ​បាន​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស ដូច្នេះ​លោក​ជំទាវ​បាន​ទទួល​យក​សំណើ​របស់​ខ្ញុំ​ដោយ​វិជ្ជមាន»។


លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​សារ​តាមរយៈ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ហោ ណាំហុង នៅ​ពេល​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​ញូវយ៉ក​នៅ​ចុង​ខែ​កញ្ញា​នេះ ទាក់ទង​នឹង​លក្ខខណ្ឌ​នានា ជា​ពិសេស​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស ដែល​ប្រទេស​អាមេរិក​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​ជំនួយ​របស់​ខ្លួន។


សូម​ជម្រាប​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ស្ថានការណ៍​នៅ​កម្ពុជា​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​ច្បាប់​នោះ នឹង​ដឹកនាំ​ដោយ​លោកស្រី​អគ្គ​រដ្ឋទូត​គោចរ Melanne Verveer ដែល​ជា​តំណែង​តែង​តាំង​ឡើង​សម្រាប់​ធ្វើ​ទំនាក់​ទំនង​បញ្ហា​ស្រ្តី​និង​កុមារ សកម្មភាព​ដែល​អ្នក​តំណាងរាស្រ្ត មូរ សុខហួរ ធ្លាប់​បាន​ចូលរួម​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។


ប្រតិភូ​នេះ​នឹង​អម​ដំណើរ​ដោយ​អគ្គនាយក​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ព្រម​ដោយ​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​ជា​ច្រើន​រូប​ទៀត។
លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​មាន​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ។


លោក​បន្ត ដោយ​បាន​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ មូរ សុខហួរ ថា​ការ​ពឹង​ផ្អែក​បរទេស​ឲ្យ​មក​លូក​លាន់​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​កម្ពុជា​បែប​នេះ គឺ​ជា​ការ​ក្បត់​ទៅ​នឹង​ពាក្យ​សម្បថ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ស្វេតច្ឆត្រ ៖ «ខ្ញុំ​ឃើញ​ថា ការ​បង្ហាញ​ជា​ឧទាហរណ៍​ល្អ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​អ្វី ដែល​ពិភព​លោក​យល់​ឃើញ​ថា នីតិរដ្ឋ​ត្រូវ​តែ​គោរព លោក​ជំទាវ មូរ សុខហួរ មិន​បាន​ឆ្លើយ​តប​ហ្នឹង​ទេ ជា​ពិសេស​បាន​ក្បត់​នឹង​សម្បថ​របស់​លោក​ជំទាវ​មុន​នឹង​ចូល​តំណែង​ជា​សមាជិក​នៃ​រដ្ឋ​សភា​ហ្នឹង បាន​សច្ចា​ប្រណិធាន​ថា ជា​ដាច់​ខាត​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មក​រំខាន ឬ​មក​បង្គាប់​បញ្ជា​នូវ​នយោបាយ​ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក។ ហើយ​ជម្រាប​ជូន​ថា នៅ​ពេល​នេះ យើង​នាំ​គ្នា​កសាង​នីតិ​រដ្ឋ មិន​មែន​ត្រឹម​តែ​នីតិ​រដ្ឋ​ហ្នឹង​ទេ យើង​កសាង​ឯករាជ្យ និង​អធិបតេយ្យ ដែល​ជា​ប្រជាជាតិ​ខ្មែរ​មួយ ដែល​ទើប​តែ​ចាក​ចេញ​ពី​ថ្លុក​នៃ​ទឹក​ភ្នែក​និង​ឈាម។ ខ្ញុំ​មាន​ចម្ងល់​មួយ តើ​លោក​ជំទាវ មូរ សុខហួរ ចូលរួម​ក្នុង​ការ​កសាង​នីតិ​រដ្ឋ និង​ការ​កសាង​អ្វី​ដែល​ជា​ឯករាជ្យ​របស់​ប្រជាជាតិ​ហ្នឹង​ដែរ​ទេ? ឬ​មួយ​លោក​ជំទាវ មូរ សុខហួរ នឹក​ឃើញ​កាល​ពី​ដើម ដែល​នាំ​ខ្មែរ​មាន​ការ​ពិសោធ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​អ្នក​នយោបាយ​ជំនាន់​ហ្នឹង បាន​នាំ​គ្រាប់​បែក​រាប់​ម៉ឺន​តោន​ជះ​មក​លើ​រាជាណាចក្រ​កម្ពុជា ហើយ​ថ្មីៗ​នេះ លោក​ជំទាវ ហ៊ិល្លារី គ្លិនតុន ហ្នឹង គាត់​បាន​និយាយ​ដោយ​ខ្លួន​ឯង​ផង​ដែរ​ថា ទំនាក់​ទំនង​ល្អ សហ​ប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក»៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia