ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 9, 2009

អាមេរិកផ្ដល់ជំនួយដល់កម្ពុជាសម្រាប់វិស័យអប់រំនិងសុខាភិបាល



ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នៅ​ថៃ្ង​អង្គារ ទី​៨ ខែ​កញ្ញា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​លើ​កិច្ច​ព្រមព្រៀង​ចំនួន​២ ដើម្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ទទួលជំនួយ​ពី​សហរដ្ឋ​អាមេរិក​ជាង ៣៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​កម្ពុជា។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍ នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​នោះ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ឈាន​ដល់​កម្រិត​ល្អ​មួយ​ជា​លំដាប់។


លោក ហោ ណាំហុង ថ្លែង​យ៉ាង​ដូច្នេះ ៖ «កាន់​តែ​ល្អ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មិន​គ្រាន់​តែ​ជួយ​ខាង​សុខាភិបាល​និង​អប់រំ​ទេ ថែម​ទាំង​ជួយ​ខាង​ដោះ​មីន ជួយ​ខាង​យោធា បាន​បញ្ជូន Peace Corps របស់​គេ​មក​តាម​មូលដ្ឋាន​យើង។ ដូច្នេះ​ទំនាក់ទំនង​នេះ​កាន់​តែ​ល្អ​ឡើង។ គេ​បាន​លើក​កម្ពុជា​យើង​ចេញ​ពី​បញ្ជី​ពាណិជ្ជ​កម្ម​ខ្មៅ​របស់​គេ គេ​បាន​លើក​កម្ពុជា​យើង​ចេញ​ពី​ការ​ហាម​ប្រាម​ជំនួយ​យោធា សព្វ​គ្រប់​លក្ខណៈ ដូច្នេះ​ទំនាក់​ទំនង​យើង​កាន់​តែ​ល្អ​ឡើងៗ»។


លោកស្រី Carol Rodley ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើការ​រួម​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត​នៅ​ក្នុង​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​ព្រឹក​ថៃ្ង​អង្គារ ទី​៨ ខែ​កញ្ញា នៅ​ឯ​ក្រសួង​ការ​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ទ្បើង​រវាង​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​លោក Flynn Fuller ជា​ប្រធាន​បេសក​កម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា និង​លោកស្រី Carol Rodley ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​មាន​មន្រ្តី​ស្ថានទូត​អាមេរិក​និង​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​នោះ។


កិច្ច​ព្រមព្រៀង​ចំនួន​២ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដើម្បី​ឲ្យ​កម្ពុជា​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នោះ គឺ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​៣.១៦៥.៧៩៤​ដុល្លារ​អាមេរិក​សម្រាប់​បង្កើន​គុណភាព​និង​លទ្ធភាព​នៅ​ក្នុង​វិស័យ​សិក្សាធិការ​នៅ​មូលដ្ឋាន និង​កិច្ច​ព្រមព្រៀង​ទី​២ គឺ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន ៣១.៦៣២.៩៩២​ដុល្លារ​អាមេរិក ដើម្បី​លើក​កម្ពស់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​និង​ជំងឺ​ឆ្លង​ដទៃ​ទៀត ដូច​ជា​សុខុមាល​ភាព​មាតា ទារក និង​សុខភាព​បន្ត​ពូជ។


ប្រភព​ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា​បាន​ពណ៌នា​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ចំនួន​ជាង ២៥០​លាន​ដុល្លារ​អាមេរិក​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​លើក​កម្ពស់​វិស័យ​សិក្សាធិការ​និង​វិស័យ​សុខាភិបាល។


កាល​ពី​ថៃ្ង​សុក្រ ទី​៤ ខែ​កញ្ញា កន្លង​ទៅ​ថ្មី​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​សម្ភារៈ​និង​បចេ្ចកទេស​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចំនួន​២០​កុងតឺន័រ ដែល​មាន​តម្លៃ​ចំនួន ៦​លាន​៥​សែន​ដុល្លារ​អាមេរិក នៅ​ក្នុង​នោះ​មាន​មួក​ទាហាន ១៦.០០០ ថង់​ស្ពាយ​ឬ​សាក់កាដូ​ចំនួន ៤.០០០ ឯកសណ្ឋាន​ការពារ​ចំនួន ៦.០០០ និង​សម្ភារៈ​ផ្សេងៗ​ទៀត៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia