ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, September 23, 2009

និពន្ធនាយកកាសែត ឌឹ ឃែមបូឌា ដេលី ត្រូវផ្តន្ទាទោសពីបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត


តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​និពន្ធ​នាយក​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​២២ កញ្ញា បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស លោក ខេវិន ដូល (Kevin Doyle) ជា​និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និង​អ្នក​យក​ព័ត៌មាន​មា្នក់​ទៀត គឺ​លោក ណៅ វ៉ាន់ណារិន ដោយ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ម្នាក់ៗ​៤​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត ប៉ុន្តែ​តុលាការ​ដដែល​បាន​ប្រកាស​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​បក្ស​សមរង្ស៊ី។


លោក សិន វិសាល ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម​ថា តុលាការ​ផ្តន្ទា​ទោស​លោក ខេវិន ដូល អាយុ​៤១​ឆ្នាំ និង​លោក ណៅ វ៉ាន់ណារិន អាយុ​២៦​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​៤​លាន​រៀល​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត កាល​ពី​ថៃ្ង​ទី​២១ ខែ​មេសា ឆ្នាំ​២០០៩​កន្លង​ទៅ។


ចៅក្រម​ដដែល​បាន​ប្រកាស​សាលក្រម​បន្ត​ទៀត​ថា តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ហូ វ៉ាន់ អាយុ​៦២​ឆ្នាំ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្រោម​បទ​បរិហារ​កេរ្ដិ៍។


លោក ជា ប៉ូច តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី ដែល​បាន​ចូលរួម​តាមដាន​ស្ដាប់​ការ​ប្រកាស​សាលក្រម​នោះ បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា លោក​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ។


លោក ជា ប៉ូច បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា​គឺ​ជា​ការ​ល្អ ហើយ​ឆ្ពោះ​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​យើង។ ខ្ញុំ​អម្បាញ់​មិញ​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​សហការី​ដើម្បី​ប្រាប់​ថា បញ្ជូន​ព័ត៌មាន​ទៅ​លោក ហូ វ៉ាន់ ភ្លាម ដើម្បី​ឲ្យ​លោក ហូ វ៉ាន់ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ»។


លោក ខេវិន ដូល និពន្ធ​នាយក​នៃ​កាសែត ឌឹ ឃែមបូឌា ដេលី បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​អត្ថាធិប្បាយ​អី្វ​ទេ​ជុំវិញ​រឿង​នេះ។


លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​ថែ្លង​ថា ៖ «ឲ្យ​លោក ហូ វ៉ាន់ រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់ នេះ​ជា​ការ​ត្រឹមត្រូវ ហើយ​មួយ​ទៀត​គឺ​ការ​សម្រេច​ឲ្យ​និពន្ធ​នាយក ខេមបូឌា ដេលី ក៏​ដូច​ជា​អ្នក​យក​ព័ត៌មាន ខេមបូឌា ដេលី ផ្តន្ទា​ទោស​ដោយ​សង​ជា​ប្រាក់​៤​លាន​រៀល​នេះ យើង​ឃើញ​ថា វា​មិន​មែន​ជា​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ទេ»។


រីឯ​លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថែ្លង​ថា ៖ «ប៉ុន្តែ​យើង​សោកស្ដាយ​ចំពោះ​ការ​ដាក់​ពិរុទ្ធ ដាក់​ពិន័យ​ទៅ​លើ​អ្នក​សារព័ត៌មាន នេះ​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​សារព័ត៌មាន​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ដែរ។ គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មេរៀន​មួយ​សម្រាប់​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​យើង​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ហ្នឹង»។
ការ​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ជម្រះ​ក្តី​លើ​សំណុំរឿង​នេះ កាល​ពី​ថៃ្ង​ទី​៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ។


សូម​ជម្រាប​ថា លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​រង​ការ​ប្តឹង​ពី​សំណាក់​មន្រ្តី​យោធា​ចំនួន​២២​នាក់​ក្រោម​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​រូប​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ប្រាប់​កាសែត ឌឹ ឃែមបូឌា ដេលី កាល​ពី​ថៃ្ង​ទី​២០ ខែ​មេសា​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ថា សញ្ញាបត្រ​ដែល​មន្រ្តី​យោធា​ទាំង​នោះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​គ្មាន​តម្លៃ​និង​គុណភាព​ទេ។ ក្រោយ​មក​លោក​បាន​សុំ​ទោស​ពី​រឿង​នេះ ហើយ​បាន​សុំ​ឲ្យ​មាន​ផ្សាយ​កែ​តម្រូវ។


រីឯ​កាសែត ឌឹ ឃែមបូឌា ដេលី ដែល​បាន​ដកស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នោះ​បាន​រង​ការ​ប្តឹង​ផងដែរ​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត។


ហូ វ៉ាន់ អំពាវនាវ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័តមាន
អ្នក​តំណាង​រាស្រ្ដ ហូ វ៉ាន់ នៃ​គណបក្ស​សមរង្ស៊ី បាន​សម្ដែង​សេចក្ដី​ត្រេកអរ តែ​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​លើកលែង​ទោស​អ្នក​សារព័ត៌មាន។


លោក ហូ វ៉ាន់ បាន​ថ្លែង​ថា ៖ «ទើប​បាន​ដំណឹង​ពី​សេចក្ដី​ប្រកាស​សាលក្រម​សាលា​ដំបូង រាជធានី​ភ្នំពេញ ក្នុង​ករណី​របស់​ខ្ញុំ​បាទ នៅ​ឯ​ក្រៅ​ប្រទេស​នេះ មាន​សេចក្ដី​ត្រេកអរ​ជា​អតិបរិមា ហើយ​ក៏​សុំ​បញ្ជាក់​ថែម​ដែរ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើការ​សុំ​ទោស​ទេ នោះ​គឺ​យើង​ខ្ញុំ​ធ្វើការ​កែ​តម្រូវ​ក្នុង​កាសែត ឃែមបូឌា ដេលី ដែល​តុលាការ​សាលា​ដំបូង យក​បញ្ហា​នេះ​យក​មក​វិភាគ​បាន​ត្រឹមត្រូវ ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​សាលា​ដំបូង​ជួយ​សម្រួល​យ៉ាង​ណា​ឲ្យ​លោក ខេវិញ ដូល និង​លោក នៅ វណ្ណារិន កាសែត ខេមបូឌា ដេលី បាន​រួច​ខ្លួន​ដែរ ពីព្រោះ​គាត់​បាន​កែ​តម្រូវ​ក្នុង​ព័ត៌មាន​របស់​គាត់»។


លោក ហូ វ៉ាន់ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​បាន​ទទួល​សាលក្រម​នេះ​ហើយ លោក​នឹង​អញ្ជើញ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia