ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Tuesday, July 13, 2010

សមត្ថកិច្ចនឹងបង្ក្រាបសកម្មភាព ចែករំលែករូបភាពស្ត្រីងូតទឹកអាក្រាត


លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈមេបញ្ជាការអង្គភាព បានមានប្រសាសន៍ថា សមត្ថកិច្ចនឹងចុះបង្ក្រាបនៅតាមទីកន្លែងសាធារណៈ ហើយបើសិនជាឃើញបុគ្គលណាមួយមានរូបភាពអាក្រាតនៅវត្តស្រះចក អ្នកនោះនឹងត្រូវទទួលទោស។


លោក សុខ សម្បត្តិ មានប្រសាសន៍ដូច្នេះ ៖ «ករណីមានការលបលួចបញ្ចូលរូបភាពតាមកន្លែងទូរស័ព្ទ ឬកន្លែងផ្សេងៗទៀត យើងនឹងមានវិធានការ ហើយអាចថា មានកម្រិតទោសប្រហាក់ប្រហែលគ្នា។ ព្រោះដឹងហើយ ឮហើយ នៅបន្តធ្វើសកម្មភាពបែបនេះ យើងមិនអាចអនុគ្រោះបានទេ»។


លោក សុខ សម្បត្តិ បានបន្ថែមថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញភស្តុតាងផ្សេងទៀតក្នុងចំណោមស្ត្រីងូតទឹកមន្តស្រាតទាំងនោះ គឺមានអនីតិជនផងដែរ ដែលជាភស្តុតាងដើម្បីដាក់បន្ទុកលើអន្ទិត នេត ខៃ ទៀត ដែលគេអាចជាប់ទោសពី ៥ឆ្នាំទៅ ៨ឆ្នាំ។


មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា សមត្ថកិច្ចមានវិធានការបង្ក្រាបផង និងអប់រំផង ប៉ុន្តែលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យរួមគ្នាលុបបំបាត់រួបភាពអាសអាភាសនេះ ព្រោះវាប៉ះពាល់កិត្តិយសស្ត្រីអ្នករងគ្រោះ និងតម្លៃស្ត្រីខ្មែរជាទូទៅ។


លោក ខៀវ សុភ័គ មានប្រសាសន៍ថា ៖ «យើងទាំងអស់គ្នារួមគ្នាដើម្បីលុបបំបាត់បញ្ហាហ្នឹង។ ឧទាហរណ៍ថា យើងមានរូបមានអីហ្នឹង ចុះកូនយើងកូនគេ បងប្អូនយើង បងប្អូនគេអីទាំងអស់គ្នាហ្នឹង»។


អនុប្រធានផ្នែកស្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុក លោកស្រី លឹម មុន្នី បានលើកឡើងថា រដ្ឋាភិបាល និងក្រសួងធម្មការនិងកិច្ចការសាសនា ជាអ្នកទទួលខុសត្រូវលើករណីនេះ ដែលវាធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។


លោកស្រី លឹម មុន្នី មានប្រសាសន៍ដូច្នេះ ៖ «ទី១ពាក់ព័ន្ធដល់បញ្ហាសាសនា។ ឥទ្ធិពលសាសនាដទៃកំពុងតែជ្រាបចូលមកនៅកម្ពុជាយើងហ្នឹង វាធ្វើឲ្យមានការប៉ះពាល់ខ្លាំងណាស់ទៅលើព្រះពុទ្ធសាសនាយើង។ ទី២វាជាបញ្ហាកិត្តិយសនៃប្រជាពលរដ្ឋខ្មែរ ក៏ដូចជក្រសួងធម្មការ វាជាបញ្ហាមួយខ្លាំងណាស់ និយាយឲ្យចំទៅរដ្ឋាភិបាលខ្មែរតែម្ដង»។


វត្តស្រះចកបានផ្ទុះរឿងអាស្រូវ ដោយសារតែអតីតសង្ឃព្រះនាម នេត ខៃ ដែលចេះមន្តអាគមអូមអាម បានដាក់ម៉ាស៊ីនថត លួចថតស្រីៗប្រមាណ ៦០០នាក់នៅគ្រាដែលស្រ្តីៗទាំងនោះ បានទៅរកអតីតព្រះសង្ឃរូបនេះឲ្យជួយធ្វើមន្តអាគមផ្សេងៗ។


លោក សុខ សម្បត្តិ បានបញ្ជាក់ថា ការផ្ទុះរឿងអាស្រូវនេះ បន្ទាប់ពីស្ត្រីជាម្ដាយស្ត្រីរងគ្រោះមួយរួប បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចកាលពីចុងខែមិថុនា កន្លងទៅ ហើយរហូតមកទល់ពេលនេះ គ្មានស្ត្រីរងគ្រោះផ្សេងទៀតមកដាក់ពាក្យបណ្ដឹងបន្ថែមទេ ដោយសារតែស្ត្រីរងគ្រោះទាំងនោះមានការខ្មាសអៀន។


កាលពីថ្ងៃទី៣ កក្កដា ព្រះសង្ឃ ដូនជី តាអាចារ្យ សិស្សនិស្សិតជាច្រើនរយនាក់ ត្រូវបានគេបណ្ដេញចេញពីវត្តស្រះចក ហើយបានបិទវត្តនេះមិនឲ្យមានការគោរពបូជាទេ ដើម្បីរៀបចំការគ្រប់គ្រងវត្តនេះឡើងវិញ៕

Wednesday, July 7, 2010

សាលាដំបូងរាជធានីភ្នំពេញ ដាក់ឱសានវាទដល់ មូរ សុខហួរ


អយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យដំណឹង បង្គាប់ឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យទៅរតនាគារជាតិ ដាក់ជាថវិការបស់រដ្ឋ បើមិនដូច្នោះទេ តុលាការនឹងបញ្ជាឲ្យចាប់ខ្លួនលោកស្រីដាក់ពន្ធនាគារ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន នៅថ្ងៃទី៦ ខែកក្កដានេះ បានចេញដីកាឲ្យដំណឹង សម្រេចឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យចំនួន ៨,៥លានរៀលចូលជាថវិការដ្ឋ ដោយកំណត់រយៈពេលចុងក្រោយ ១០ថ្ងៃ គិតពីថ្ងៃទី៦ ខែកក្កដានេះតទៅ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាប់ខ្លួនលោកស្រីដាក់គុក។
ដីកាលេខ៩១ ចុះថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ថា ដើម្បីការពារផលប្រយោជន៍នៃច្បាប់ចំពោះការអនុវត្តសាលដីកាលេខ៥៨ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ របស់តុលាការកំពូលឲ្យមានប្រសិទ្ធភាព និងសំណុំរឿងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលេខ៦៩ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០។ អយ្យការអមសាលាដំបូងសម្រេចជាចុងក្រោយឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យនេះនៅអង្គភាពរតនាគាររាជធានីភ្នំពេញ។ បើមិនព្រមបង់ប្រាក់ពិន័យទេ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន ដើម្បីបង្ខំដល់រួបកាយតាមច្បាប់តទៅ។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ខែត្រកំពត បានមានប្រសាសន៍ថា លោកស្រីបានទទួលដីកាឲ្យដំណឹងនេះហើយ នៅថ្ងៃទី៦ ខែកក្កដានេះ ប៉ុន្តែលោកស្រីនៅតែបដិសេធថា លោកស្រីមិនព្រមបង់ប្រាក់តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះទេ លោកស្រីសុខចិត្តឲ្យតុលាការចាប់ដាក់ពន្ធនាគារ ដើម្បីបង្ហាញពីតុលាការមិនឯករាជ្យ ដែលជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចនោះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទុកជូនទៅតុលាការចាត់វិធានការ គឺក្នុងនាមថា ខ្ញុំមិនទទួលយកនូវអ្វីដែលជាតុលាការមិនអព្យាក្រឹត ហើយដែលជាតុលាការនយោបាយបានទេ។ ប្រសិនបើយើងនៅតែទុកខ្លួនយើងទទួលរងគ្រោះនឹងតុលាការរបៀបហ្នឹង តើពេលណានឹងអាចកែទម្រង់បាន?»។
តុលាការរាជធានីភ្នំពេញ និងរតនាគាររាជធានីភ្នំពេញ បានដាក់ការកំណត់ឲ្យលោកស្រី មួរ សុខហួរ បង់ប្រាក់ពិន័យចំនួន ១៦លាន ៥សែនរៀល ក្នុងករណីដែលតុលាការកម្ពុជា កាត់ឲ្យលោកស្រីចាញ់ក្តីករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា កន្លងទៅ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែកក្កដា ចំពោះករណីលោកស្រី មួរ សុខហួរ ថា ការចោទប្រកាន់រដ្ឋាភិបាល និងការដើរចូលពន្ធនាគារ ជាជម្រើសរបស់លោកស្រី វាមិនទាក់ទងនឹងការសម្រេចរបស់តុលាការទេ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានលើកឡើងថា កន្លងមករដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់អំពីប្រព័ន្ធតុលាការកម្ពុជា មិនទាន់មានភាពឯករាជ្យទាំងស្រុងនៅឡើយដែរ។
ប៉ុន្តែលោក សុក សំអឿន បានបញ្ជាក់អំពីករណីលោកស្រី មូរ សុខហួរ ដូច្នេះ ៖ «ក៏ប៉ុន្តែដើម្បីនីតិរដ្ឋគាត់ត្រូវតែបង់ ទោះបីតុលាការហ្នឹងគាត់គោរព ឬមិនគោរពក៏ដោយ ប៉ុន្តែដើម្បីឲ្យមាននីតិរដ្ឋគាត់ត្រូវធ្វើគំរូ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា កំពុងជួបប្រទះនឹងការលំបាកជាច្រើនក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនក្រីក្រនៅកម្ពុជា៕

Sunday, June 20, 2010

សំណុំរឿងទី២របស់លោកសមរង្ស៊ីនឹង​ត្រូវជំនុំជម្រះនៅខែក្រោយ


ប្រភពពីមេធាវីលោក សម រង្ស៊ី បានឲ្យដឹងថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្ដើមជំនុំជម្រះ រឿងក្ដីទីពីរ របស់លោក សម រង្ស៊ី ដែលត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតនៅពេលឆាប់ៗខាងមុខនេះហើយ ក្រោយពី ចៅក្រមស៊ើបអង្កេតបានបិទការស៊ើបសួរកាលពីសប្ដាហ៍មុន។


លោក ជូង ជូងី មេធាវីលោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារលោក សម រង្ស៊ី បើទោះបីជាលោកមិនមានជំនឿទៅលើប្រព័ន្ធតុលាការក៏ដោយ។


លោក ជូង ជូងី មានប្រសាសន៍ដូច្នេះ ៖ «តុលាការស្រុកខ្មែរយើងដឹងទាំងអស់គ្នាហើយ បើនិយាយពីសង្ឃឹម យើងពិបាក និយាយណាស់។ ខ្ញុំគិតថា ខ្ញុំត្រូវប្រើបច្ចេកទេសឲ្យអស់លទ្ធភាពរបស់ខ្ញុំ ដើម្បីការពារសិទ្ធិកូនក្ដីរបស់ខ្ញុំតាមផ្លូវច្បាប់»។


លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្ដឹងមួយករណីផ្សេងទៀត ក្រោយពីលោកបានផ្សព្វផ្សាយនូវឯកសារផែនទីរបស់ Google Earth ដោយនិយាយថា ការបោះបង្គោលព្រំដែនរវាងខ្មែរ និងវៀតណាម លេខ១៨៤ ១៨៥ ១៨៦ និងបង្គោល លេខ ១៨៧ បាននាំឲ្យខ្មែរបាត់បង់ទឹកដី ដោយសារបង្គោលនោះបានបោះចូលមកក្នុងដីខ្មែរចន្លោះប្រមាណពី ២០០ ទៅ ៥០០ម៉ែត្រ។


ការផ្សព្វផ្សាយឯកសារ Google Earth របស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពីជម្លោះក្ដៅគគុករឿងព្រំដែន ដែលនាំឲ្យ មានការដកបង្គោលតម្រុយព្រំដែនបោះចោលនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយតុលាការ ខេត្តស្វាយរៀង ក៏បានផ្ដន្ទាទោសលោក និងកសិករ ២នាក់ដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងផាកពិន័យជាប្រាក់ជាច្រើនលានរៀល។


មេធាវីរបស់រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍ថា លោកនឹងនាំយកឯកសារភស្តុតាងទៅដាក់បង្ហាញដើម្បីធ្វើការ ចោទប្រកាន់លោក សម រង្ស៊ី នៅថ្ងៃនោះ។


លោក គី តិច មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមានតែឯកសារដែលបានដាក់ជូនតុលាការប៉ុណ្ណឹងឯង ហើយយើងស្នើសុំឲ្យ អ្នកជំនាញខាងព្រំដែនហ្នឹង គាត់ចូលទៅបំភ្លឺនៅពេលសវនាការ»។


មន្ត្រីតុលាការមិនទាន់បានកំណត់កាលបរិច្ឆេទនៃការបើកការជំនុំជម្រះនោះនៅឡើយទេ ថ្វីបើគេទទួលបានដំណឹងថា ប្រហែលជាធ្វើឡើងនៅខែក្រោយនេះក៏ដោយ។


ការបិទការស៊ើបសួរជាដំណាក់កាលដំបូង ធ្វើឡើងក្រោយពីចៅក្រមស៊ើបអង្កេតបានចេញដីកាកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរចំនួន ២លើក ប៉ុន្តែលោកមិនបានចូលខ្លួនបំភ្លឺឡើយ។ ព្រះរាជអាជ្ញា សុខ រឿន ថ្លែងថា គេកំពុងរង់ចាំមើល សំណុំរឿងពីចៅក្រមស៊ើបអង្កេត។


លោក សម រង្ស៊ី វិញ ធ្លាប់បានបញ្ជាក់ថា លោកនឹងមិនប្រឈមមុខនៅក្នុងសវនាការនោះឡើយ៕

Wednesday, June 2, 2010

ទស្សនៈនយោបាយ និងជីវិត


ខាងក្រោមនេះជាទស្សនៈនយោបាយ និងជីវិត ដែល​ដកស្រង់សម្រាំងចេញ​ពីសារសំលេង...

១០០-ខឹម វាសនា ៖ ធ្វើ​នយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។​
៩៩- គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់​កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី​ បញ្ចេញ​សមត្ថភាពដឹកនាំប្រទេស។​
៩៨ -គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ រៀបចំ​ប្រព័ន្ធដឹកនាំ ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​ជាកញ្ជះ​របស់រាស្រ្ត។​
៩៧ -គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា​ ដើម្បី​ទាំង​អស់គ្នា។​
៩៦ -មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ កើតមាននៅ​លើ​លោក​តាម​ច្បាប់​ធម្មជាតិ។ ប៉ុន្តែមនុស្ស
អាក្រក់មានច្រើន គឺ​ដោយ​សារភាព​អសកម្ម​នៃ​មនុស្ស​ល្អ​។​
៩៥ -មនុស្ស​អាក្រក់ មានធាតុ​អាក្រក់​ជាអ្នក​ទ្រទ្រង់ រីឯមនុស្ស​ល្អ​មានធាតុល្អជាអ្នក​ទ្រទ្រង់ មិនខុស​គ្នា នឹងអំពិល​មានធាតុ​ជូរ​ជាអ្នក​ទ្រទ្រង់ រឺឯអំពៅ​មានជាតិ​ផ្អែម​ជាអ្នក​ទ្រទ្រង់។​
៩៤ -មនុស្ស​ល្អមាន​ធាតុ​សំខាន់បួន​យ៉ាង គឺ (១) ស្គាល់​អំពើ​ល្អ (២) យក​អំពើ​ល្អ​ដាក់​ក្នុង​ខ្លួន
(៣) ប្រតិបត្តិ​អំពើ​ល្អ និង​ (៤) ពង្រីកអំពើល្អ​។ ​
៩៣ -ព្រះពុទ្ធ ៖ គ្មាន​សេចក្តី​សុខឯណា ប្រសើរជាង​ការ​ស្ងប់ចិត្តឡើយ។ ​
៩២ -ទំនាស់មួយ​អាច​ដោះ​ស្រាយ​បានយ៉ាង​ងាយ ប្រសិនបើ​ភាគី​ទំនាស់​យក​ប្រយោជន៍រួម​ជាគោល។
៩១ -ទំនាស់មួយ​មិន​អាច​ដោះ​ស្រាយបាន​ឡើយ ប្រសិនភាគី​នៃ​ទំនាស់​តម្កល់​ប្រយោជន៍បុគ្គល​ជាធំ។
៩០ -ការងារមិន​ច្របូកច្របល់ គឺជាមង្គលដ៍ប្រសើរ។ ​
៨៩ -ព្រះពុទ្ធ ៖ បញ្ញា កើតពីការពិសោធន៍ផ្ទាល់។ ​
៨៨ -អ្នក​ គឺជាអ្វីៗ ដែលអ្នក​គិតញយៗ។ ​
៨៧ -អវិជ្ជា គឺសត្រូវនៃ​ការកសាងសង្គមជាតិ ​។
៨៦ -កត្តាសំខាន់​មួយ​នៃ​ប្រជាធិបតេយ្យ គឺការចូលរួម ​។
៨៥ -ការបំផ្លាញពី​អ្នក​ដទៃ​ ពុំមានគ្រោះថ្នាក់​ និងមានវិសាលភាពខ្លាំង ដូចការបំផ្លាញ​ដោយខ្លួន ឯងឡើយ​​។
៨៤ -ច្បាប់ធម្មជាតិ ៖ គ្មានអ្វីនៅលើលោក​នេះ​ កើតឡើងប្រាសចាកហេតុ និងផលឡើយ​។
៨៣ -បាបកម្មសង្គមទាំងប្រាំពីររបស់មហា គន្ធី៖​ (1) នយោបាយគ្មានគោលការណ៍ (2) ទ្រព្យសម្បត្តិ​ គ្មានការងារ (3) សប្បាយរីករាយគ្មានសតិសម្បជញ្ញៈ (4) ចំណេះតែគ្មានចរិយាសម្បត្តិ (5) ជំនួញ គ្មានសីលធម៌ (6) វិទ្យាសាស្ត្រ គ្មានមនុស្សធម៌ និង (7) ការគោរពបូជា/សាសនាគ្មានការលះបង់​។
៨២ -មនុស្ស​​មានប្រយោជន៍ គឺជាមនុស្ស​ពូកែរកប្រយោជន៍ពីកន្លែង ឬសកម្មភាពគ្មានប្រយោជន៍។ ​
៨១ -ព្រះពុទ្ធ​ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ។ ​
៨០ -ការរស់នៅ​ដើម្បី​អ្នកដទៃ គឺជាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ​
៧៩ -អ្នក​នយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយ​មនុស្ស​ច្រើនបំផុត។ ​
៧៨ -ក្នុង​វិធីសាស្រ្ត​ផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធប្រើប្រាស់​វិធីសាស្រ្ត​ "ប៥" ប្រាប់​-បង្ហាញ-បង្រៀន-បង្ហាត់-ប្រតិបត្តិ អមដោយ​ការពន្យល់ក្បោះក្យាយ។ ​
៧៧ -បញ្ញា គឺកើតពីការពិចារណា ត្រិះរិះ ពិសោធន៍ ...។ ​
៧៦ -បញ្ញា គឺប្រៀបដូចប៊ីចេង គឺ​ប្រើ​គ្រប់កាលៈទេសៈទាំងអស់។ ​
៧៥ -ភាវនា គឺការ​សញ្ជឹងគិត​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់។ ​
៧៤ -ការពិសោធ ធ្វើឡើង​តាមវិធីបីយ៉ាង ៖ រូប នាម និងទស្សនៈ។ ​
៧៣ -អ្វី​ទាំងអស់លើ​លោក​នេះ គឺ​ស្ថិត​ក្នុង​សង្ខារធម៌។ ​
៧២ -ព្រះពុទ្ធ គ្រាន់តែ​ប្រាប់ពីសកម្មភាព ដែលនាំ​ដល់អំពើល្អ។​ ព្រះពុទ្ធ​មិន​ប្រៀនប្រដៅ មិន​បញ្ចុះបញ្ចូល ឬ​អូសទាញឡើយ។ ​
៧១ -ប្រសិន​បើ​មនុស្ស​រស់​នៅក្នុង​លោក​សម្ភារៈ ព្រះពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រក​សាមញ្ញសុខ។​ ​
៧០ -ការជជែក​រឿង​សាសនា គឺនាំឲ្យ​ឈ្លោះគ្នា​។​ ​
៦៩ -រឿង​ជឿ ឬមិនជឿ គឺជាសាសនា។​ ​
៦៨ -មេរៀនរបស់ព្រះពុទ្ធ គឺជាមេរៀន​កើត​មកពីការពិសោធ។​ ​
៦៧ -វិជ្ជា​ កើតមានពីបទពិសោធ។​ ​
៦៦ -មនុស្ស​ ដែល​មានគុណធម៌ខ្ពស់ គឺជាមនុស្ស​ដែល​ប្រព្រឹត្តយ៉ាងហី ចំពោះពាក្យ​សរសើរ ការ​សុំទោស ជាដើម​​។ ​
៦៥ -ព្រះពុទ្ធ ៖ ពេល​អស់​អាសវក្កិលេស វិជ្ជាកើតមាន​​។ ​
៦៤ -ភាវនាមានន័យថា សញ្ជឹងគិត ពោលគឺសញ្ជឹងគិត​រហូតដល់ពាល់ត្រូវ​។ ​
៦៣ -ពាក្យថា "ហី" មានន័យថា "ខន្តី"។ ​
៦២ -ធមុ្មជាតិ​ខន្តី មិនធ្វើឡើយ ប៉ុន្តែកើតចេញពីក្នុងចិត្ត​។ ​
៦១ -ពាក្យថា "ហី" មានន័យថា "ខន្តី"។ ​
៦០ -ការអោបសេចក្តីប្រកាន់ គឺការធ្វើទោ​សសម្រាប់ខ្លួនឯង។ ​
៥៩ -អំនួត ជាមួយនឹងភាពមិនអំនួត។ ​
៥៨ -កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិត ក្នុងចំណោមបញ្ញាវន្តខ្មែរ គឺទិដ្ឋិ មានៈ និងតណ្ហា។ ​
៥៧ -នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន។ ​
៥៦ -ដំណើរជួយគេនោះ គឺជាដំណើរជួយខ្លួនឯង។ ​
៥៥ -ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនា​ប្រទេសរបស់ជនជាតិ។ ​
៥៤ -ផ្លូវដែលនាំដល់ការជួយជាតិបាន គឺការពន្យល់ប្រជាជនឲ្យយល់ពីសារប្រយោជន៍នៃការចូលរួម។ ​
៥៣ -មនុស្សខុសពីសត្វត្រង់កន្លែងចេះផ្តល់ហេតុផល។ ដូចនេះ អ្នកនិយាយត្រូវផ្តល់ហេតុផល ហើយអ្នកស្តាប់ត្រូវចេះរកហេតុផល។ ​
៥២ -ការងាររបស់ក្រុមយើង គឺការផ្តល់​ទិន្នន័យ​សម្រាប់​ពិចារណា។ ​
៥១ -ក្រុមយើង ៖ ការផ្តល់ទិន្នន័យខុស​ដល់​ប្រជាជន គឺជាមហាគ្រោះដល់​ប្រទេស។ ​
៥០ -អ្នក​ដឹកនាំ​ត្រូវមានបេះដូង​ ដែលអាចច្រកមនុស្ស​ទូទាំងប្រទេស ។ ​
៤៩ -ប្រទេសមួយប្រសើរជាងប្រ​ទេស​មួយ​ទៀត​ គឺអាស្រ័យលើការគិតរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ។ ​
៤៨ -ប្រទេសមួយជឿនលឿន គឺជាប្រទេស​ដែលមានពលរដ្ឋមានវិន័យខ្ពស់ ។ ​
៤៧ -ការជឿ​ មានន័យថា​ មិនដឹង ។ ​
៤៦ -កាលណាមនុស្ស​ម្នាក់កាន់​តែជឿ មនុស្ស​នោះ​កាន់​តែបិទការគិតរបស់ខ្លួន ។ ​
៤៥ -យន្តការទាំង​៨ចំណុចរបស់យើង​ គឺធ្វើឲ្យ​ប្រជាជន​មាន​អំណាច ។ ​
៤៤ -អ្នក​ដឹកនាំ​ត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ ដោយមិននាំខូចប្រយោជន៍របស់​អ្នកចូលរួម ។ ​
៤៣ -អ្នក​ដឹកនាំត្រូវមាន​ទេព្យ​កោសល្យ​ធម្មជាតិពីរយ៉ាង គឺបេះដូង​ស្មោះត្រង់ពិតប្រាកដ និងមាន​ ចក្ខុវិស័យ ។ ​
៤២ -សាសនាព្រះពុទ្ធជាសាសនាកើនផល។ ​
៤១ -ជំនឿសំដៅទៅលើគំនិត ដែលមានការចោទ ហើយមិនអាចបកស្រាយបាន។ ​
៤០ -ជាតិក្រោយ គឺជាលទ្ធផលនៃជាតិនេះ។ ​
៣៩ -មើល! តើអ្នកកំពុងសាងបញ្ញាហើយឬនៅ? ​
៣៨ -ការយល់ខុស៖ ចូលបច្ច័យកាន់តែច្រើន បានបុណ្យកាន់តែច្រើន។ ​
៣៧ -កុំទៅធ្វើអំពើល្អចំពោះមនុស្សកំពុងតែប្រាថ្នាវិនាស។ ​
៣៦ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានសាសនា​គ្មាន​ការ លះបង់។ ​
៣៥ -ភាពដដែល​ៗ ជា​សត្រូវធំបំផុតរបស់​សិល្បៈ។ ​
៣៤ -មនុស្ស​ល្ងង់​មើលបញ្ហានឹងភ្នែក មនុស្ស​ឆ្លាតមើលបញ្ហានឹងគំនិត​ និងការវិភាគ។ ​
៣៣ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​អ្នក​ដឹកនាំ​មិន​ដឹងថា​ ខ្លួន​ដឹកនាំ​ ប្រទេស​ទៅណា។​ គ្មាន​ទស្សនៈវិស័យ ។ ​
៣២ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មាន​ចំណេះដឹងក្រៅ​ខ្លួន ដូចជា​មានសញ្ញាបត្រ​ តែ​គ្មាន​ចំណេះដឹង ។ ​
៣១ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានទ្រព្យ​ដោយ​គ្មាន​ ប្រភពច្បាស់លាស់ ។ ​
៣០ -ប្រភពនៃទុក្ខ គឺប្រជាជន​គ្មានអំណាច។ ​
២៩ -គ្រាន់តែចេះ​ជេរ​ ឬចេះនិយាយពីបញ្ហា ពុំមែន​ជាលំនាំលទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។ ​
២៨ -នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជន​ជាអ្នកបររទេះនោះ។ ​
២៧ -នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។ ​
២៦ -នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។ ​
២៥ -ទង្វើត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និង​មានប្រយោជន៍។ ​
២៤ -នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។ ​
២៣ -មនុស្សអាចជួយ​អ្នក​ដទៃ​បាន​ លុះណាតែមនុស្ស​នោះ​ឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។ ​
២២ -ព្រះពុទ្ធនាំមនុស្សឱ្យ​ស្គាល់ពីប្រយោជន៍។ ​
២១ -ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។ ​
២០ -មនុស្សម្នាក់ពូកែជាងមនុស្ស​ម្នាក់ទៀត ដោយសារការគិត។ ​
១៩ -កុំធ្វើជាអ្នក​ផ្គាប់ចិត្តដល់មនុស្ស​ខូច។ ​
១៨ -ទាន គឺចិត្តហុច មិនមែនកាយហុចទេ។ ​
១៧ -ការនិយាយ គួរចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។ ​
១៦ -ការយល់ខុស នាំដល់សកម្មភាពខុស។ ​
១៥ -យល់ត្រូវ ទើបគិតត្រូវ។ ​
១៤ -ព្រះពុទ្ធនៃយើង​ មិនមែននាំ​មនុស្ស​លោក​ឱ្យ​ជឿទេ ប៉ុន្តែ​នាំ​ឱ្យ​មនុស្ស​គិត​ ឬ​នាំ​ឱ្យ​មនុស្ស​មាន​សទ្ធា។ ​
១៣ -មនុស្ស​ពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។ ​
១២ -មនុស្ស​ល្ងង់ និងមនុស្ស​អាក្រក់ តែងយកខ្លួនឯងជាសត្រូវ។ ​
១១ -នយោបាយ គឺជាសិល្បៈធ្វើឱ្យ​សម្រេចទិសដៅ។ ​
១០ -តើលទ្ធិ​ប្រ​ជាធិបតេយ្យ​ជាអ្វី? តុល្យ​ភាពអំណាចរវាងអ្នក​ដឹកនាំ និងប្រជាពលរដ្ឋ​
រួមគិត រួមសម្រេច និងរួមធ្វើ​ ។ ​
៩ -គិតត្រូវ និយាយត្រូវ​ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេល​អនាគត។ ​
៨ -កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត ​
៧ -មនុស្ស​ឆ្លាត​ រៀនពីកំហុស​អ្នក​ដទៃ មនុស្ស​ល្ងង់​រៀនពីកំហុស​ខ្លួនឯង រីឯមនុស្ស​មហាល្ងង់ សូម្បី​
កំហុស​ខ្លួនឯង​ក៏រៀនមិនចេះផង។ តើ​អ្នក​ជាមនុស្ស​ប្រភេទណា ? ​
៦ -អ្នក​ដឹកនាំល្អ គឺអ្នកដឹកនាំខិត​ខំបង្កើត​អ្នកដឹកនាំឱ្យ​បាន​ច្រើន មិនមែន​អ្នក​ដើរតាមឱ្យ​បានច្រើន ឡើយ។​
៤ -ប្រព័ន្ធ​ប្រជាធិបតេយ្យ​អាច​ដំណើរការបាន​ លុះ​ត្រា​តែ​មាន​តុល្យភាព​អំណាចរវាង​អ្នក​ដឹកនាំ និង​ ប្រជាលរដ្ឋ។ ​
៤ -គ្រាន់តែ​ចេះ​និយាយ​ពីបញ្ហា គ្មាន​អ្វី​អស្ចារ្យ​ឡើយ។ ​
៣ -អ្នក​ដឹកនាំ​ភាគច្រើន​ក្នុង​សង្គម​កម្ពុជា ច្រើនប្រៀបធៀបរបស់ ឬ​សកម្មភាពមិនល្អ ដែលពេល​ខ្លះ​គ្មាន​ ប្រយោជន៍​អ្វី​ទាល់តែ​សោះ។ ​
២ -សំលេងជួង (ចម្រៀង)​
១ -ជាតិត្រូវការយើង (ចម្រៀង)​

រដ្ឋាភិបាលបដិសេធព័ត៌មានថា ទាហានក្រុមអាវក្រហម ចូលមកក្នុងដីខ្មែរ


សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺធ្វើឡើងតបទៅនឹងការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ ASTV កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដែលថា មេបញ្ជាការយោធាភូមិភាគ២ ថៃ ឈ្មោះ Vivalit Chhomsomrit បានអះអាងថា មានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមអាវក្រហមមួយចំនួន បានឆ្លងចូលមកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទីដែលពួកគេទទួលការហ្វឹកហ្វឺនរបៀបធ្វើសកម្មភាពផ្សេងៗ មុននឹងបង្កើតទីបញ្ជាការមួយនៅក្នុងខេត្តសុគន់ណាក់ឃន ក្នុងជំហានទីមួយ ដើម្បីប្រកាសថា តំបន់ភាគឦសានរបស់ប្រទេសថៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាវក្រហម។


សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ ក៏បានគូសបញ្ជាក់ផងដែរអំពីគោលជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានការមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។


សេចក្ដីថ្លែងការណ៍ក៏បានស្នើដល់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាថៃ ព្រមទាំងបណ្ដាញសារព័ត៌មានថៃ ត្រូវតែប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនឹងអាចនាំឲ្យមានការយល់ច្រឡំរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ៕

Global Witness៖ប្រទេសម្ចាស់ជំនួយ ត្រូវពិនិត្យមើល អំពើពុករលួយនៅកម្ពុជា


ក្រុមមន្ត្រីផ្នែកយុទ្ធនាការរបស់អង្គការ Global Witness បានឲ្យដឹងថា ក្រុមអ្នកផ្ដល់ជំនួយបានផ្ដល់ប្រាក់ ១ពាន់លានដុល្លារដល់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បើទោះបីមានភស្តុតាងពីអំពើពុករលួយ ការចាត់ចែងថវិកាជាតិមិនមានតម្លាភាព និងការខកខានម្ដងហើយម្ដងទៀត ដើម្បីអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការធ្វើកំណែទម្រង់នោះក៏ដោយ។


នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេសអ្នកផ្ដល់ជំនួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃពុធ ទី២ ខែមិថុនានេះ អង្គការ Global Witness ក៏បានជំរុញឲ្យក្រុមអ្នកផ្តល់ជំនួយបរទេសទាំងអស់ ត្រូវចោទសួរដល់រដ្ឋាភិបាលកម្ពុជាអំពីភាពខ្វះការចាត់ចែងធនធានធម្មជាតិរបស់ប្រទេស។


នាយកផ្នែកយុទ្ធនាការរបស់អង្គការ Global Witness លោក ហ្កាវីន ហេមេន (Gavin Hayman) បានថ្លែងថា រដ្ឋាភិបាលកម្ពុជាតែងតែសន្យាថា នឹងធ្វើកំណែទម្រង់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរសោះ។


លោកថ្លែងថា នៅក្នុងរបាយការណ៍របស់អង្គការ Global Witness ធ្លាប់បានបង្ហាញថា ក្រុមឥស្សរជននយោបាយរបស់កម្ពុជា បានកេងចំណេញពីការលក់សម្បត្តិធនធានធម្មជាតិរបស់ប្រទេស។ លោកថ្លែងបញ្ជាក់ថា ក្រុមប្រទេសអ្នកផ្ដល់ជំនួយមិនត្រូវបន្តធ្វើមិនដឹង មិនឮទៀតនោះឡើយ។


នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារដោយប្រសាសន៍ធ្ងន់ៗទៅលើអង្គការ Global Witness ថាជាក្រុមចោរ បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិមួយនេះ បានរិះគន់រដ្ឋាភិបាលរបស់លោកថា មានអំពើពុករលួយនៅក្នុងវិស័យឧស្សាហកម្មរ៉ែ៕

បក្សសមរង្ស៊ីគ្រោងទៅពិនិត្យព្រំដែនទោះជាប្រធាន សភាមិនអនុញ្ញាត


ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃ១ មិថុនានេះ បានបដិសេធមិនឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ១៦រូប ចុះបំពេញបេសកកម្មពិនិត្យដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ២៧០ ស្ថិតនៅក្នុងឃុំជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យអ្នកតំណាងរាស្ត្រទាំង ១៦រូបនោះ ដាក់សំណួរទៅរដ្ឋាភិបាលវិញដើម្បីឲ្យមានការពន្យល់ពីដំណើរការបោះបង្គោលព្រំដែននេះ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃពុធ ខែមិថុនានេះ ថា អ្នកតំណាងរាស្ត្រយ៉ាងតិចចំនួន ១៦រូបនេះ នឹងបន្តគម្រោងដំណើរពិនិត្យការបោះបង្គោលនៅថ្ងៃព្រហស្បតិ៍នេះដដែល បើទោះបីគ្មានការអនុញ្ញាតពីលោក ហេង សំរិន ក៏ដោយ។

យោងតាមលិខិតអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ដែលចេញនៅថ្ងៃ១ ខែមិថុនា ផ្ញើជូនអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ទាំង ១៦រូប បានបញ្ជាក់ថា ប្រធានរដ្ឋសភា លោក ហេង សំរិន មិនអនុញ្ញាត និងមិនទទួលខុសត្រូវចំពោះសំណើរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដើម្បីទៅពិនិត្យមើលដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមទេ។


លោក ឡេង ប៉េងឡុង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការបដិសេធមិនឲ្យអ្នកតំណាងរាស្ត្រ សម រង្ស៊ី ដើម្បីបំពេញបេសកកម្មនេះឡើយ ប៉ុន្តែលោកបានស្នើឲ្យអ្នកតំណាងរាស្ត្រ ធ្វើជាសំណើទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយបំភ្លឺទៅលើផែនទីព្រំដែន ដែលមានកំណត់ទុកនៅអង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី៣១ ខែឧសភា តំណាងរាស្ត្រទាំង ១៦រូប បានស្នើសុំឲ្យលោក ហេង សំរិន ចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាព ក្នុងដំណើរទៅពិនិត្យការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ២៧០។

អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ថា ប្រធានសភាមិនអនុញ្ញាតឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ទៅពិនិត្យមើលការបោះបង្គោលព្រំដែន ដោយសារគណបក្ស សម រង្ស៊ី ធ្លាប់បានធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាល ដោយបានដកបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀងកន្លងមក។

លោក ជាម យៀប បានបដិសេធថា ការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រទៅពិនិត្យមើលការបោះបង្គោលព្រំដែននោះ ជាការរឹតត្បិតសិទ្ធិអ្នកតំណាងរាស្ត្រទេ។ លោកក៏បានព្រមានផងដែរនូវលទ្ធភាពដែលអាចមានអំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ក្នុងដំណើររបស់អ្នកតំណាងរាស្ត្រនេះ។

លោក យឹម សុវណ្ណ បន្ថែមថា លោកមិនរំពឹងថា នឹងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋឡើយ ចំពោះដំណើររបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។

នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិរដ្ឋាភិបាលនេះ អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រត្រូវបានរំលោភបំពានពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាល។

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia